ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​៥​នាក់​នឹង​ទៅ​បំភ្លឺ​តុលាការ​រឿង​ឈ្មួញ​និង​​អាជ្ញាធរ​រំលោភ​ដី​រដ្ឋ

តំណាង​អ្នក​ភូមិ ៥​នាក់ នៃ​ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​ផ្ទាល់​មាត់​ជូន​តំណាង​អយ្យការ​បន្ថែម​លើ​ពាក្យ​បណ្ដឹង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។ តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ អញ្ជើញ​ដើម​បណ្ដឹង​ទៅ​សួរនាំ​បន្ថែម​នេះ គឺ​បន្ទាប់​ពី​តំណាង​អ្នក​ភូមិ​ប្ដឹង​ចោទ​អាជ្ញាធរ និង​ក្រុម​ឈ្មួញ​រឿង​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​​កាល​ពី​ឆ្នាំ​២០១៥។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់ ចង់​ឃើញ​ចំណាត់​ការ​របស់​តុលាការ​លើ​ជន​ខិលខូច​ដែល​ឃុបឃិត​គ្នា​រំលោភ​យក​ដី​​ជើង​ភ្នំ​តាកុច ឋិត​នៅ​ក្នុង​ទឹក​ដី​រដ្ឋបាល​ឃុំ​ស្វាយស ស្រុក​ក្រគរ ទៅ​លក់ដូរ ឬ​ហ៊ុមព័ទ្ធ​របង​ធ្វើ​ជា​កម្មសិទ្ធិ។ អ្នក​ភូមិ​ក្បាល​ទាហាន និង​ភូមិ​បំណក់ នៃ​ឃុំ​ឈើ​តុំ តាំង​ខ្លួន​ជា​ដើម​បណ្ដឹង ក្រោយ​ពី​គេ​រំលោភ​យក​ដី​រដ្ឋ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​ផល និង​ឃ្វាល​គោក្របី។

តំណាង​ដើម​បណ្ដឹង​ម្នាក់​ក្នុង​ចំណោម ៥​នាក់ គឺ​លោក ម៉េង ប៊ុនរឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ថា ក្រឡា​បញ្ជី​របស់​តំណាង​អយ្យការ​ម្នាក់​បាន​ទូរស័ព្ទ​ណាត់​ឲ្យ​តំណាង​ពលរដ្ឋ​ចំនួន​ពីរ​នាក់​ទៅ​ជួប និង​សួរ​នាំ​បន្ថែម ប៉ុន្តែ​ពួក​គាត់​ទាំង ៥​នាក់ នឹង​ទៅ​បំភ្លឺ​ព្រមៗ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខាង​មុខ។ លោក​មាន​ជំនឿ​ថា ​តុលាការ​នឹង​ចោទ​ប្រកាន់​ជន​ទាំង ៤​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង៖ «ពួក​ខ្ញុំ​បាន​រៀបចំ (ពាក្យ​បណ្ដឹង) ក្បោះក្បាយ​ដោយសារ​ពួក​ខ្ញុំ​បាន​ថត​សកម្មភាព​កាប់​ទន្ទ្រាន ហ៊ុមព័ទ្ធ ដុត​ព្រៃឈើ ឈូស​ឆាយ​បំផ្លាញ​បាន​ភ្ជាប់​ជាមួយ​ពាក្យ​បណ្ដឹង​ហើយ។ ក្រោយ​មក​មាន​អ្នក​មាន​លុយ និង​មាន​អំណាច​ចូល​មក​ទន្ទ្រាន​ថែម​ទៀត»

ក្រុម​ពលរដ្ឋ​បាន​ប្ដឹង​ចោទ​មេភូមិ​ក្បាល​ទាហាន​ឈ្មោះ គល់ សុគន់ អនុ​ប្រធាន​ភូមិ​អន្សាចំបក់ ឈ្មោះ នៅ វង់ ជំនួយ​ការ​ភូមិ​អន្សាចំបក់ ឈ្មោះ ញ៉ាំង ញិន និង​ប្រជា​ការពារ​ម្នាក់​ឈ្មោះ សេង ហៀង ដោយ​ចោទ​ថា បាន​ចុះ​វាស់​ដី​ព្រៃ​លក់ ហើយ​ជួយ​សម្រួល​ដល់​អ្នក​មាន​លុយ​ឈូស​​រំលើង​ព្រៃ​ធ្វើ​របង​ដាំ​ខ្នុរ ស្វាយ និង​ដំឡូង។ ពលរដ្ឋ​ពីរ​ភូមិ នៃ​ឃុំ​ឈើតុំ បាន​ផ្ដិត​មេដៃ​ចំនួន ២៣០​ស្នាម​មេដៃ​គាំទ្រ​បណ្ដឹង​នេះ។

ទាក់ទង​បញ្ហា​នេះ មេ​ភូមិ​អន្សាចំបក់ នៃ​ឃុំ​ស្វាយស លោក ខ្លឹម ពៅ ធ្លាប់​បញ្ជាក់​ថា ផ្ទៃ​ដី​ព្រៃ​នៅ​តំបន់​ភ្នំ​តាកុច ប្រមាណ ២០​ហិកតារ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​រដ្ឋបាល​ភូមិ​អន្សាចំបក់ ហើយ​លោក​បាន​បែង​ចែក​ដី​នោះ​ឲ្យ​ទៅ​ពលរដ្ឋ​ក្នុង​ភូមិ​ចំនួន ១៧៨​គ្រួសារ ដើម្បី​ធ្វើ​កសិកម្ម​ម្នាក់​បន្តិចៗ។ ចំណែក​​មេភូមិ​ក្បាល​ទាហាន លោក គល់ សុគន់ ​ប្រកែក​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ចែក ឬ​លក់​ដូរ​ដីធ្លី​នេះ​ទេ។

ទាក់ទង​ក្នុង​រឿង​នេះ​ដែរ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ក្រគរ លោក ប៉ុល ចាន់ថា ឲ្យ​ដឹង​ថា ទីតាំង​ដី​ដែល​កំពុង​មាន​ការ​កាប់​រុក​រាន​នោះ គឺ​ឋិត​នៅ​ក្នុង​ប្លង់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ភាពីម៉ិច (Pheapimex) ប៉ុន្តែ​ពលរដ្ឋ​ចង់​ទាមទារ​ដី​នៅ​តំបន់​នោះ​មក​គ្រប់គ្រង​លោក​មិន​ដឹង​ឡើយ ប៉ុន្តែ​លោក​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដី​ជាក់ស្ដែង និង​ធ្វើ​របាយការណ៍​ជូន​អភិបាល​ស្រុក និង​នាយ​ខណ្ឌ​រួច​ហើយ៖ «របាយការណ៍​ខ្ញុំ​ដាក់​ទៅ​ស្រុក គឺ​រក​ឃើញ​មិន​មែន​តែ​ឈ្មោះ​ពីរ​នាក់ ឬ​បី​នាក់​ហ្នឹង​ទេ តែ​ក៏​មាន​ការ​ទន្ទ្រាន​ក្បែរៗ​ហ្នឹង​ដែល​គ្មាន​ឈ្មោះ​ដែរ។ បាទ! មាន​គ្រប់​តែ​កន្លែង​ច្រើន​ណាស់ មាន​អ្នក​ខ្លះ​កាប់​ឆ្ការ​អី​ដែរ»

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ លោក ហួន ផន ថ្លែង​ថា ខាង​លោក​ក៏​រក​ឃើញ​ថា មាន​សកម្មភាព​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​ក្បែរ​ជើង​ភ្នំ​តាកុច នោះ​ទេ។ លោក​ថា សកម្មភាព​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​ឈូស​ឆាយ​របស់​ពលរដ្ឋ គឺ​ស្រប​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​បើក​ទូលាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចូល​រួម​ក្នុង​សកម្មភាព​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។