សង្គម​ស៊ីវិល​សុំ​ឲ្យ​តុលាការ​ខេត្ត​កោះកុង​ទម្លាក់​បទ​ចោទ​លើ​តំណាង​សហគមន៍​អារ៉ែង

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​២ គឺ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​ដាក់​លិខិត​ទៅ​ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង ឲ្យ​ពិនិត្យ​និង​ពិចារណា​លើ​សំណុំរឿង​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មួយ​រូប​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​បទល្មើស​ព្រៃឈើ។

អង្គការ​ចំនួន​២ នៅ​ខេត្ត​កោះកុង ស្នើ​ឲ្យ​តុលាការ​ខេត្ត​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​សកម្មជន​ការពារ​តំបន់​អារ៉ែង ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ មុន​បើក​សវនាការ​ជំនុំជម្រះ​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ នេះ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ថ្លែង​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ថា លោក​បាន​ដាក់​លិខិត​អន្តរាគមន៍​មួយ​ច្បាប់​ជូន​ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង លោក អាំង ចិន្តា ដើម្បី​សុំ​ឲ្យ​លោក​ចៅក្រម​ពិនិត្យ ពិចារណា និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក វ៉ែន វ៉ន ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង ដែល​កំពុង​ជាប់​ទាក់ទង​នឹង​សំណុំរឿង​ទទួល​អនុ​ផល​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

លោក​បញ្ជាក់​ថា លោក វ៉ែន វ៉ន មិន​បាន​ធ្វើ​អាជីវកម្ម​ឈើ​នោះ​ទេ គឺ​សហគមន៍​ទិញ​សម្រាប់​សង់​ទីស្នាក់ការ​ដើម្បី​តម្រូវ​ការ​ផល​ប្រយោជន៍​រួម​របស់​សហគមន៍​ប៉ុណ្ណោះ៖ «យើង​បាន​ស៊ើបអង្កេត​យើង​បាន​ជួប​សាក្សី យើង​ឃើញ​ថា​លោក វ៉ែន វ៉ន នេះ គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ ដោយសារ​អនុផល​ព្រៃឈើ​ហ្នឹង គាត់​ទិញ​ពី​គេ​ហើយ​គាត់​យក​មក​សាងសង់​ទីស្នាក់ការ។ មួយ​ទៀត​យើង​ឃើញ​ថា គាត់​អត់​មាន​បំផ្លាញ​វត្ថុ​តាង​អី​ទេ ឈើ​នៅ​មាន​រូបរាង​ដដែល គាត់​អត់​បាន​យក​ទៅ​ដុត​ទេ។ អ្វីៗ​គាត់​បាន​គោរព​តាម​កិច្ច​សន្យា​ជាមួយ​រដ្ឋបាល​ព្រៃឈើ។ ដូច្នេះ ​យើង​ឃើញ​ថា គាត់​គ្មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​ដែល​នាំ​ឲ្យ​គាត់​មាន​ពិរុទ្ធភាព​ទេ»

ការ​ស្នើ​នេះ នៅ​គ្រា​ដែល​សាលា​ដំបូង​ខេត្ត​កោះកុង គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ខាង​មុខ។

លោក វ៉ែន វ៉ន ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង អាយុ ៣៦​ឆ្នាំ រស់​នៅ​ភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ លោក​ត្រូវ​តុលាការ​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​គ្រា​ដែល​ចៅក្រម​ស៊ើបសួរ​កោះ​ហៅ​ទៅ​បំភ្លឺ លើ​សំណុំរឿង​ទទួល​អនុផល​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​មាន​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កោះកុង លោក អោម មធាក់រី ជា​ដើម​បណ្ដឹង។

តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​គាត់​ជា​បណ្ដោះ​អាសន្ន​ក្រោម​បទ​ចោទ​ចំនួន​២ គឺ​ទាក់ទង​នឹង​ការ​ប្រមូល​អនុផល​ព្រៃឈើ និង​ការ​បំបាត់​វត្ថុ​តាង។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​លោក​បាន​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ចំនួន ៨​ម៉ែត្រគូប សង់​ទីស្នាក់ការ​នៅ​ភូមិ​ច្រក​ឫស្សី ក្នុង​ឃុំ​ជំនាប់ សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​តំបន់​អារ៉ែង និង​ប្រើប្រាស់​ជា​កន្លែង​ធ្វើការ​របស់​សហគមន៍។

ទាក់ទង​ទៅ​នឹង​ការ​ដាក់​លិខិត​សុំ​អន្តរាគមន៍​នេះ ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង លោក អាំង ចិន្តា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ឡើយ នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​កុម្ភៈ។

លោក វ៉ែន វ៉ន គឺ​ជា​សកម្មជន​តស៊ូ​មតិ​ខ្លាំង ជាមួយ​លោក អេឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ ដែល​លេច​ធ្លោ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយអារ៉ែង របស់​ក្រុមហ៊ុន​ស៊ីណូហាយទ្រូ រីសស (Sinohydro Resources)។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​តវ៉ា​កន្លង​មក​នោះ តុលាការ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ ក៏​បាន​ចាប់​ខ្លួន​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ ដាក់​ពន្ធនាគារ​ដោយ​ចោទ​ពី​បទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ខណៈ​ពួកគេ​ចុះ​ធ្វើការ​នៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កណ្ដោល និង​ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​ប្រឆាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន។ យុវជន​ទាំង ៣​នាក់​មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង ត្រូវ​បាន​តុលាការ​បញ្ជូន​ដាក់​ពន្ធនាគារ​រហូត​ដល់​សព្វថ្ងៃ​មិន​ទាន់​ដោះលែង​នៅ​ឡើយ។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​យល់​ឃើញ​ថា អ្នក​ដែល​តស៊ូ​មតិ​ខ្លាំង​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ បរិស្ថាន​តែង​ត្រូវ​រង​ការ​គំរាម​កំហែង​ដោយ​ច្បាប់ និង​ចាប់​ដាក់​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។