​រថយន្ត​ដឹក​ដី​បើក​បុក​ម៉ូតូ​ពីក្រោយ​ហើយ​កិន​ស្ត្រី​ម្នាក់​ចំ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​មួយ​រំពេច​

ភ្នំពេញ​៖ មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​នៅលើ​ដងផ្លូវ​កៅស៊ូ​ស្រាប់តែ​រថយន្ត​បែន​ដឹក​ដី​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​បោះពួយ​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ធ្លាក់​ស្ត្រី​ម្នាក់​ពីលើ​ម៉ូតូ​ហើយ​កិន​ចំក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៦២ ភូមិ​ជាងទង សង្កាត់​ក្រាំង​ធ្នូ​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​អះអាងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1C-8252 មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ឌុប​ស្ត្រី​ម្នាក់ ខណៈ​មកដល់​ចំណុចកើតហេតុ ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង ពាក់​ស្លាក​លេខ​កំពង់ចាម 3A-0200 បើក​ក្នុងទិសដៅ​ស្របគ្នា​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​មក​បុក​ម៉ូតូ​ពីក្រោយ​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ជិះ​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​រថយន្ត​បាន​កិន​ចំក្បាល ស្ត្រី​នោះ​បែក​ខួរ​ស្លាប់​មួយ​រំពេច​យ៉ាង​អាណោចអាធ័ម​បំផុត​នៅ​កន្លែងកើតហេតុ ចំណែក​អ្នកបើក​ម៉ូតូ​រងរបួស​ស្រាល​។

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ដោយបាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក ហើយ​បាន​វាស់វែង និង​នាំយក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​សែន​សុខ និង​នាំខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក ដើម្បី​រៀបចំ​កសាង​សំណុំ​រៀង​បញ្ជូនទៅ​តុលាការ​។ ចមណែក​សាកសព​សម​ត្ថ​កិច្ច​បាន​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕

KA-12-02-2016-13 KA-12-02-2016-14 KA-12-02-2016-15 KA-12-02-2016-16