ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ថា​ជា​ចោរ​គាស់​ផ្ទះ​២​នាក់​ត្រូវ​បាន​កម្លាំង​ប៉េ​អឹ​ម​ធ្វើការ​ចាប់ខ្លួន​បាន ខណៈ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ បាន​ធ្វើ​សកម្មភាព​គាស់​សោរ​បន្ទប់​ជួល​មួយ​កន្លែង លួច​យក​ទ្រព្យសម្បត្តិ ក្នុង​ពេល​ដែល​ម្ចាស់​បន្ទប់​ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​មិន​នៅ ជាប់រវល់​ចេញ​ទៅ​ធ្វើការ​បាត់​ប៉ុន្តែ​ក្រោយ​ពេល​គាស់​បាន​សម្រេច តែ​មិន​ទាន់​បាន​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​ចេញ​នៅឡើយ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ប្ដឹង​ឲ្យ​កម្លាំង​ប៉េ​អឹ​ម​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង​។​

ហេតុការណ៍​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២​ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវលំ​ខាងក្រោយ​ផ្សារ​ព្រៃ​ទា ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ម្នាក់​ឈ្មោះ ជុំ ឡេ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​លេខ​១៣ ជាន់​ទី​២​ផ្ទះ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ បន្ទាយដែក ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​ម្នាក់​ទៀត ឈ្មោះ ជា ហៀ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុ ខរ​បរ កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃឈរ ឃុំ​សូរ្យ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

​ដោយឡែក​ម្ចាស់ផ្ទះ​ជួល​ដែល​ត្រូវ​ជនសង្ស័យ​គាស់​យក​ទ្រព្យសម្បត្តិ​នោះ ឈ្មោះ នី​ត សីល​វុ​ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ អ្នក​ស្នាក់​នៅ​ទីនោះ បានឱ្យ​ដឹង​ថា ផ្ទះ​ជួល​ខាងលើ​អសន្តិសុខ​ណាស់  កន្លង​មក​ខណៈ​ពេល​អ្នក​ស្នាក់​នៅ​ទីនោះ ចេញ​ទៅ​ធ្វើ​ការងារ​បាត់​អស់ ដោយ​បិទទ្វារ​បន្ទប់​ចាក់សោរ​ចោល​គ្មាន​អ្នក​មើល​តែងតែ ត្រូវ​បាន ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់​ចូល​លួច​ទ្រព្យសម្បត្តិ លុយកាក់​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១០​ខែកុម្ភ​: ២​ថ្ងៃមុន​នេះ​ត្រូវ​បាន​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព លួច​គាស់​ទ្វារ​បន្ទប់​មួយ​ចូល​លួច​លុយ​អស់​ជាង​១០​ម៉ឺន​រៀល រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បន្ទាប់​មក​ពួក​គាត់​បាន​នាំ​គ្នា​ចាំ​ឃ្លាំមើល​រហូត​ដល់ ថ្ងៃ​កើតហេតុ​នេះ ស្រាប់តែ​ឃើញ​ជនសង្ស័យ ម្នាក់​ឈ្មោះ ជា ហៀ​ង​ចុះ​ពី​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ មក​គាស់​បន្ទប់​លេខ​៦ ជាន់​ទី​១​ដែល​គេ​ដឹង​ថា​ម្ចាស់​បន្ទប់​លេខ​៦ ជា​មនុស្ស​ស្រី ហើយ​ទៅ​ធ្វើការ​បាត់​ហើយ​។​ពេល​ឃើញ​ដូច្នេះ​ក៏​បាន​បាន​នាំ​គ្នា​បិទទ្វារ​ខ្ទាស់​គ​ន្លឹ​ស​ពី​ខាងក្រៅ​ជាប់ ហើយ​ប្ដឹង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​ល្បាត ចេញ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​មក​បាន​នាំ​ទៅ​ឆែក​មើល​បន្ទប់​ជួល របស់​ជនសង្ស័យ​ខាងលើ​រក​ឃើញ​ឧ​បករ​ណ៏​សម្រាប់​ជក់​គ្រឿងញៀន និង​កាក​សំណល់​សល់​ពី​ការ​ជក់​គ្រឿងញៀន​មួយ​ចំនួន​ថែម​ទៀត​ផង​៕​