កម្តៅ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​ក្តៅ នឹងដាក់​សម្ពាធ​ឡាវ​កាន់តែ​ខ្ពស់​

​អវត្តមាន​ដំណោះស្រាយ​រួម​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​រដ្ឋ​ទាមទារ​អាស៊ាន បាននិងកំពុង រុញច្រាន​ជម្លោះ​នេះ​ទៅរក​ស្ថានភាព​មួយ​គួរ​ព្រួយបារម្ភ​។ នោះ​គឺ ជម្លោះ​នេះ បាន​ទាញ​រដ្ឋ​ខាងក្រៅ​ដែលមាន​អាមេរិក​ជាដើម បានចេញ​មុខ​អន្តរាគមន៍​ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិ​តាមច្បាប់ អន្តរជាតិ​ដើម្បី​ប្រឆាំង​ចិន​។ ហើយ​អ្វី​គួរ​ព្រួយបារម្ភ​នោះ​ឡាវ​ដែល​នឹង​ត្រូវជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០១៦ នេះ នឹងត្រូវ​ប្រឈម​ការទទួល​ខុសត្រូវ​ច្រើន ដ្បិត​ប្រធានបទ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺ​របៀបវារៈ​មួយ ដែល​គេច​មិន​ផុត​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ឆ្នាំ​២០១៦​នេះ ឡាវ ត្រូវ​ធ្វើជា​ប្រធាន​វិលជុំ​បន្ទាប់ពី​ម៉ាឡេស៊ី ដែល​នេះ គឺជា​លើក​ទី​២​ហើយ​ក្នុង​ការធ្វើជា​ប្រធាន​អាស៊ាន​ក្រោយ​ទទួលបាន​សមាជិកភាព​តាំងពី​ឆ្នាំ​១៩៩៧​។ ដូច​បានកំណត់​ក្នុង​មាត្រា​៣១​នៃ ធម្មនុញ្ញ​អាស៊ាន រដ្ឋ​ដែល​ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន​ត្រូវមាន​ការទទួលខុសត្រូវ​ច្រើន​ជាពិសេស​សម្រាប់ កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​រាប់បញ្ចូល​ទាំង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ដែលមាន​វត្តមាន​អាមេរិក និង​ចិន​ជាមួយគ្នា​ផងដែរ​នោះ​។ បញ្ហា​សមុទ្រ​ចិន ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​ប្រធាន​ក្តៅ​ជាថ្មី​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​។

​តាមពិតទៅ​ការដាក់​ប្រធានបទ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ច ប្រជុំ​ជាមួយនឹង​ដៃគូ​សន្ទនា​រួមមាន​អាមេរិក និង​ចិន មិនមែនជា​លើកដំបូង​នោះទេ​។ ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំ នេះ ពោលគឺ​ក្នុងពេលដែល​ឡាវ ត្រូវ​ធ្វើជា​ប្រធាន ឬ​អ្នកសម្របសម្រួល​នៃ​កិច្ចប្រជុំ​កំពូល គឹ​ស្របពេល ជាមួយនឹង​ការឡើង​កម្តៅ​នៃ​ការបង្ហាញ​សាច់ដុំ​ដាក់គ្នា​កាន់តែខ្លាំង​នៅក្នុង​តំបន់​ជម្លោះ​ដែល​វា​នឹង​ក្លាយជា​របៀបវារៈ​ដ៏​សំខាន់​។ តួអង្គ​សំខាន់​នៅពេលនេះ មិនមែន​ត្រឹមតែ​ជា​រដ្ឋ​អាស៊ាន និង​ចិន ប៉ុណ្ណោះ​នោះ ទេ តែ​វា​រួមបញ្ចូល​ទាំង​អាមេរិក​ដែលជា​រដ្ឋ​ខាងក្រៅ​ផងដែរ​។

១.​អាមេរិក​ប្រតិបត្តិការ​នាវា​ល្បាត ផ្គើន​ចិន ខណៈ ចិន​នៅតែ​វាតទី​លើ​តំបន់​ជម្លោះ​
​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន មិន​ត្រឹមតែ​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាមរយៈ​មធ្យោបាយ​ការទូត​ដើម្បី​ឲ្យ​ចិន​អនុវត្ត​តាមច្បាប់​អន្តរជាតិ និង​ចូល​តុ​ដោះស្រាយ​បញ្ហា​នោះទេ តែ​ក្រុង​វ៉ា​ស៊ិន​តោន បានចាប់ផ្តើម​ព្រមាន​ក្រុង​ប៉េកាំង​តាម​វិធាន​ក្តៅ​វិញ​ហើយ​។ វិធានការ​ក្តៅ​នោះ​គឺ ក្រុង​វ៉ា​ស៊ិន​តោន បាន​បញ្ជូន​នាវា​ល្បាត និង​នាវាចម្បាំង​មកកាន់​សមុទ្រ​ចិន​ខាងត្បូង ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិ​សេរី​ដែនសមុទ្រ​។ ប្រតិបត្តិការ​ទាំងនោះ​ត្រូវបានធ្វើ​ឡើងជា​ពីរលើក​ធំៗ​រួចទៅហើយ​ដែល​ក្នុងនោះ លើក​ទី​១​អាមេរិក​បាន​ប្រតិបត្តិការ​នាវា​ល្បាត​នៅក្បែរ​តំបន់​កោះ​ស្ព្រា​ត​លី​(Spratly Islands) ដែល​នៅ​មិន​ឆ្ងាយ​ពី​កោះ​សិប្បនិម្មិត​របស់​ចិន​ប៉ុន្មាន​នោះទេ​កាលពី​ចុងឆ្នាំ​២០១៥​។ រីឯ​លើក​ទី​២​នៅ​ដើម ឆ្នាំ​២០១៦​នេះ អាមេរិក​បាន​បញ្ជូន​នាវា​ពិឃាត​ទៅកាន់​តំបន់​កោះ​ផា​រ៉ា​សែ​ល (Paracel Islands)​ដែលជា​តំបន់​ជម្លោះ​ខ្លាំង​រវាង​ចិន វៀតណាម និង​តៃវ៉ាន់​។​

​សម្រាប់​ចិន ដែលជា​ភាគី​នៃ​ជម្លោះ និង​កំពុងតែបន្ត​សកម្មភាព​ឯកតោភាគី​ដ៏​គឃ្លើន​ក្នុងការ​វាតទី ក្នុង​ដែន​ជម្លោះ បាន​ចោទប្រកាន់​វត្តមាន​រប​ស់​អាមេរិក​ថា ជាការ​លូកដៃ​របស់​រដ្ឋ​ខាងក្រៅ​។ បន្ថែម​ពីនេះ ចិន​ថែមទាំង​ចោទ​អាមេរិក ថា​កំពុងតែ​ស្វែងរក «​អនុត្តរភាព​ដែនសមុទ្រ​» ឬ​មហាអំណាច​ដែន​ស​មុ ទ្រ​។ ហើយ​ប្រាកដ​ណាស់​បញ្ហា​នៃ​ការប្រឈមមុខគ្នា​រវាង​អាមេរិក និង​ចិន​នេះ នឹងត្រូវ​យកទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​របស់​អាស៊ាន​។​

២. ជា​រដ្ឋ​គ្មាន​សមុទ្រ​មួយ​សោះ ឡាវ នឹង​ពិបាក​សម្របសម្រួល​?
​ក្នុង​ក្រសែភ្នែក​អ្នកវិភាគ ជា​ប្រធាន​អាស៊ាន ឡាវ​ត្រូវមាន​ការទទួលខុសត្រូវ​ច្រើន ដ្បិត​រដ្ឋ​ដែល​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​សោះ​មួយ​នេះ មិន​ត្រឹមតែ​ជា​អ្នកសម្របសម្រួល​លើ​បញ្ហា​ក្នុង​ដំណើរការ​សមាហរណកម្ម​អាស៊ាន​ប៉ុណ្ណោះ​នោះទេ តែ​ត្រូវ​បន្ថែម​ជាមួយ​បញ្ហា​ដ៏​ក្តៅ នឹង​រសើប​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាង ត្បូង​។ ជាមួយគ្នានេះ​អ្វីដែល​គេ​កំពុង​ព្រួយបារម្ភ​នោះ​គឺ ឡាវ អាច​នឹង​ប្រឈម​នឹង​បញ្ហា​ដូច​កម្ពុជា​ក្នុងពេល​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២​។ នោះ​ក៏​ព្រោះតែ ប្រសិនបើ​រដ្ឋ​អាស៊ាន​ពាក់ព័ន្ធ​នៃ​ជម្លោះ​អាស៊ាន​ដែល​រួមមាន​វៀតណាម និង​ហ្វីលីពីន ដែលមាន​អាមេរិក​នៅ​ជ្រោមជ្រែង​ពីក្រោយ​នោះ អុកឡុក និង​ទាមទារ​ខ្លាំង​ក្នុងការ​ដាក់បញ្ចូល​បញ្ហា​ចម្រូងចម្រាស​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ម្តងទៀត នោះ​ឡាវ នឹងត្រូវ​ពិបាក​សម្របសម្រួល​ហើយ​។

​ជារួម​ដើម្បី​ចៀស​ផុតពី​ការរិះគន់​ពី​សហគមន៍​អន្តជាតិ ឡាវ ត្រូវ​បង្ហាញ​គោលជំហរ​មិន​លម្អៀង​របស់ខ្លួន​ដើម្បី​ធានា​ឲ្យ​បាន​តួនាទី​ស្នូល​របស់​អាស៊ាន និង​តួនាទី​ជា​អ្នកសម្របសម្រួល​រវាង​រដ្ឋ​ពាក់ព័ន្ធ និង​រដ្ឋ មិន​ពាក់ព័ន្ធ​នៃ​ជម្លោះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​