ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ សង្កាត់​ស្វាយ​ដង្គំ បាន​ចុះ​ត្រួតពិនិត្យ​លើ​វត្តមាន​ស្នាក់​នៅរបស់ជន បរទេស​ខុសច្បាប់ រហូត​ដល់​ឃាត់ខ្លួន​បាន​ជនជាតិ ប៉ា​គី​ស្ថាន ម្នាក់​ពី​បទ​លួច​ស្នាក់​នៅ​ខុសច្បាប់​(​ទិដ្ឋាការ​ស្នាក់​នៅ​ផុតកំណត់​ត់​)​រួច​នាំ​យក​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​សួរនាំ​រួច​បញ្ជូន​បន្ត​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ដេញ​ចេញ​ក្រៅប្រទេស​កម្ពុជា​។

ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ជនបរទេស​ស្នាក់​នៅ​ខុសច្បាប់​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦​ស្ថិត​នៅ​ចំណុច​ក្នុងផ្ទះ​ជួល ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។​លោក​វរសេនីយឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​នាយ​ឧត្តមសេនីយ៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​ខេត្តសៀមរាប ទើប​កម្លាំង​ជំនាញ​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​បរទេស​ដែល​ចូល​មក​ស្នាក់​នៅ​ខុសច្បាប់ រហូត​ឈាន​ដល់​ធ្វើកា​ឃាត់ខ្លួន​បាន​ជនជាតិ ប៉ា គី​ស្ថាន ម្នាក់ ពី​បទ​លួច​ស្នាក់​នៅ​ខុសច្បាប់​(​ទិដ្ឋាការ​ស្នាក់​នៅ​ផុតកំនត់​២០១៥) រួច​បញ្ជូន​មក​កាន់​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការ​ខេត្ត ដើម្បី​សួរនាំ​។

​លោក​បន្ត​ថា ក្រោយ​ពី​បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​មានឈ្មោះ GHAFOOR ABDUL ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ជា​ជន​ជ​តិ​ប៉ា​គី​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ​AW៤១៨៩៤៥១ បាន​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១២ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រួច​ចូល​មក​លួច​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប ក្នុង​គោលបំណង​មក​បំរើ​ការងារ​ជា​ចុងភៅ នៅ​ភោជនីយដ្ឋាន ថា​ច់ ម៉ា​ហាល ដែល​មា​នទី​តាំងនៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។​លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​រួច​នាំ​យក​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប ដោយ​រូបគេ​ពុំ​មាន​ប័ណ្ណ​ការងារ​ពិតប្រាកដ​មែន ហើយ​ទិដ្ឋាការ​ស្នាក់​នៅ​របស់​ខ្លួន​បាន​ផុតកំណត់​តាំងពី​ថ្ងៃ​ទី​០២ ខែធ្នូ​ឆ្នាំ ២០១៥ ប៉ុន្តែ​រូបគេ​មិន​ទាន់​បាន​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ ដោយសារ​គ្មាន​លុយ​គ្រប់គ្រាន់​សម្រាប់​បង់ថ្លៃ​អាករ​ទិដ្ឋាការ​ស្នាក់​នៅ​។​រូបគេ​បាន​រៀបរាប់​បន្ត​ថា ខ្លួន​ពិតជា​ដឹង​ថា ការ​ស្នាក់​នៅ​ហួស​រយៈពេល​កំណត់​ជា​អំពើ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនជាតិ​ប៉ា​គី​ស្ថាន ត្រូវ​បាន​កម្លាំង​ជំនាញ​អន្តោប្រវេសន៍​នៃ​ស្នងការ​ខេត្ត រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ដើម្បី​ដេញ​ចេញ​ក្រៅប្រទេស​កម្ពុជា​៕​