លោក ថេ​ន សេន លុបចោល​គម្រោង​ចូលរួម​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន​នៅ​កាលី​ហ្វ​រ​នីញ៉ា​

​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក ថេ​ន សេន បាន​លុបចោល​គម្រោង​ចូលរួម​កិច្ចប្រជុំ​អាមេរិក​និង​អាស៊ាន ដែល​នឹងធ្វើ​នៅ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា នៅ​សប្ដាហ៍​ក្រោយ​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ការិយាល័យ​របស់លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ យ៉ាងណាក្ដី គេ​មិនដឹង​ពី​មូលហេតុ​នៅ​ពីក្រោយ​ការលុបចោល​ដំណើរ​លើក​នេះ​ទេ​។​

សូមស្ដាប់ព័ត៌មានលម្អិត ​ដោយលោក អ៊ឹង ចំរើន​

**audio2**

​កិច្ចប្រជុំ​ពិសេស​អាមេរិក​និង​អាស៊ាន​ដែល​ធ្វើ​នៅ​Sunnylands នៅ​សប្ដាហ៍​ក្រោយ នឹង​មិនមាន​វត្តមាន​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក ថេ​ន សេន នោះទេ​។ ការិយាល័យ​ប្រធានាធិបតី​របស់លោក ថេ​ន សេន បានប្រកាស​ពី​ការលុបចោល​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​នេះ តែ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះទេ​។​

​ជាមួយគ្នានេះ ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ប្រកាស​ដែរ​ថា លោក​ថេ​ន សេន បាន​បញ្ជូន​អនុ​ប្រធានាធិបតី​លោក ញ៉ា​ន់ ធុន (Nyan Htun) ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥​ដល់​១៦ ខែកុម្ភៈ​ជំនួស​វិញ​។ ចំណែកឯ​លោក Zaw Htay មន្ត្រីជាន់ខ្ពស់​ក្នុង​ការិយាល័យ​ប្រធានាធិបតី​ក៏​បញ្ជាក់បន្ថែម​លើ​សេចក្ដីប្រកាស​នេះដែរ​ថា លោក​ថេ​ន សេន មាន​កម្មវិធី​ផ្សេងទៀត​ដែល​ត្រូវ​ចូលរួម ដូច្នេះ​ទើប​លោក​មិនអាច​ចូលរួមបាន​។​

​ការសម្រេចចិត្ត​លុបចោល​ដំណើរ​ទៅកាន់​ទឹកដី​អាមេរិក​របស់លោក​ថេ​ន សេន ហាក់ដូចជា​បង្ហាញ​កាន់តែច្បាស់​ពី​ការចរចា​ក្រៅ​ឆាក​របស់​នយោបាយ​មី​យ៉ាន់​ម៉ា​ក្នុង​ដំណើរការ​ផ្ទេរអំណាច ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៥​។ គេ​ជឿថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី កំពុងតែ​ចរចា​ជាមួយ​ក្រុម​យោធា ដើម្បី​បើកផ្លូវ​ដល់​ការកែ​រដ្ឋធម្មនុញ្ញ​ដែល​នឹង​អនុ​ញ្ញ​ឲ្យ​លោកស្រី ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី​។​

​ថ្វីត្បិតតែ​គណបក្ស​របស់លោក​ចាញ់ឆ្នោត​ក៏ដោយ លោក ថេ​ន សេន នៅតែមាន​តួនាទី​សំខាន់​ក្នុងការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ទៅ​គណបក្ស​លោកស្រី ស៊ូ​ជី​។ នេះ​ក៏​ព្រោះតែ​ក្នុង​រយៈពេល​អន្តរកាល​នេះ លោក ថេ​ន សេន នៅតែ​ជា​ប្រធានាធិបតី​ដដែល ខណៈ​អាណត្តិ​របស់លោក​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែមីនា​ឯណោះ​។

​មួយវិញទៀត​នោះ បើតាម Reuter ការមិន​ចូលរួម​ក្នុង​កិច្ចប្រជុំ នឹងធ្វើ​ឲ្យ​លោក​ថេ​ន សេន ខកខាន​ឱកាស​បង្ហាញ​ពី​ស្នាដៃ​របស់លោក​ក្នុងការ​កែទម្រង់​ប្រជាធិបតេយ្យ​នៅក្នុង​មី​យ៉ាន់​ម៉ា ដែល​ធ្លាប់តែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យោធា​អស់​ពេល​ជា​យូរ​មក​នោះ​។  

​សូមបញ្ជាក់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​អញ្ជើញ​ដោយផ្ទាល់​មេដឹកនាំ​រដ្ឋ​អាស៊ាន​ទាំង​១០​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាមេរិក​និង​អាស៊ាន​ដែល​ធ្វើ​នៅ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា ក្នុងពេល​កិច្ចប្រជុំ​អាមេរិក -​អាស៊ាន​លើក​ទី​៣ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ការអញ្ជើញ​នេះ​ទៀតសោត​គឺ​កើតឡើង បន្ទាប់ពី​ភាគី​បាន​ឯកភាពគ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ដល់​ដៃគូ​យុទ្ធសាស្ត្រ ដែលជា​កម្រិត​ខ្ពស់បំផុត​មួយ​។

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​