ក្រុមចោរប្លន់ នៅស្រុកស្នួល បាញ់របួស នគរបាល២នាក់ ខណៈនគរបាល កំពុងដេញបង្ក្រាប

ក្រចេះ៖ តាមសេចក្តីរាយការណ៍ នៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៦នេះ ក្រុមចោរមួយក្រុម បានចូលទៅប្លន់ ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិអូរតាញៀន ឃុំស្រែចារ ស្រុកស្នួល ខណ:ធ្វើសកម្មភាពប្លន់នោះ ក្រុមចោរបានបាញ់សំដៅ រថយន្ត របស់កម្លាំងនគរបាល ៤-៥គ្រាប់ បណ្តាលឲ្យរងរបួស មន្រ្តីនគរបាល២នាក់ ម្នាក់ត្រូវជើង និងម្នាក់ទៀតត្រូវដៃ ។

បើតាមអាជ្ញាធរ បានអោយដឹងថា ខណ:នេះ ទាំងនគបាល និងអាវុធហត្ថ កំពុងដេញតាមប្រម៉ាញ់ក្រុមចោរ ដែលកំពុងរត់គេចខ្លួន។

បើតាមអ្នកភូមិអូរតាញៀន បានអោយដឹងថា ក្រុមចោរចូលប្លន់ផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីឮថា ទើបនឹងលក់ដំឡូងបាន។ ក្រោយទទួលដំណឹងថាមានសកម្មភាពប្លន់ កម្លាំងនគរបាលស្រុក បានបើករថយន្តទៅជួយអន្តរាគមន៍ ស្រាប់តែក្រុមចោរ បានបាញ់សំដៅមកលើរថយន្ត របស់កម្លាំងនគរបាល បណ្តាលឲ្យរបួស២នាក់។

អ្នកភូមិបន្តទៀតថា ក្រោយការបាញ់ប្រហារ ក្រុមចោរបានរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ច ជាច្រើននាក់ កំពុងដេញតាម ដោយមិនទាន់ដឹងថា ក្រុមចោរមានគ្នាប៉ុន្មាននាក់នោះទេ មន្ត្រីនគរបាលបានសន្និដ្ឋានថា គ្រាប់កាំភ្លើងដែលបាញ់ ហើយបៀមជាប់ នឹងមន្រ្តីនគរបាលនោះ ជាប្រភេទកាំភ្លើងខ្លី ៕