លោកស្រី Clinton និង​លោក Sanders ពិភាក្សា​ដេញដោល​គ្នា​ម្តង​ទៀត

លោកស្រី Clinton និង​លោក Sanders ពិភាក្សា​ដេញដោល​គ្នា​ម្តង​ទៀត

លោក​ស្រី Hillary Clinton អតីត​រដ្ឋ​មន្រ្តី​ការបរទេស​ថ្លែង​ នៅ​ពេល​ដែល​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ស្តាប់​កាល​ថ្លែង​របស់​លោក​ស្រី​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​លើ​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង Milwaukee រដ្ឋ Wisconsin កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។

បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​អាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​២​រូប គឺ​លោក​ស្រី Hillary Clinton អតីត​រដ្ឋ​មន្រ្តី​ការបរទេស​ និង​អ្នក​សង្គម​និយម គឺ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Vermont បាន​ធ្វើ​ការ​ពិភាក្សា​ដេញដោល​គ្នា​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង Milwaukee នៃ​រដ្ឋ Wisconsin ខណៈ​ដែល​ការ​ប្រកួតប្រជែង​របស់​ពួកគេ​សម្រាប់​តំណែង​នៅ​ក្នុង​សេតវិមាន​បាន​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត។

គេ​រំពឹង​ថា អ្នក​បោះឆ្នោត​ស្បែក​ខ្មៅ​ ឬ​អាហ្វ្រិក​អាមេរិកាំង​នឹង​ដើរ​តួយ៉ាង​សំខាន់​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ South Carolina នៅ​សប្តាហ៍​ក្រោយ​នេះ ហើយ​បេក្ខជន​ទាំង​២​រូប​បាន​និយាយ​អំពី​អ្នក​បោះឆ្នោត​អាហ្វ្រិក​អាមេរិកាំង​ទាំង​នោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ទាំង​លោកស្រី Clinton និង លោក Sanders បាន​បន្តុះបង្អាប់​នូវ​អ្វី​ដែល​ពួកគេ​ជឿ​ថា ​ជា​ការ​រើសអើង​ថ្នាក់​ស្ថាប័ន។

លោក Sanders បាន​ស្នើ​ឲ្យ​មាន​ការធ្វើ​កំណែ​ទម្រង់​ទាំង​ស្រុង​ទៅ​លើ​អ្វី​ដែល​លោក​ហៅ​ថា គឺ​ជា​ប្រព័ន្ធ​យុត្តិធម៌ដែល​ប្រេះស្រាំ ដែល​នេះ​រួម​មាន​ទាំង​គោលនយោបាយ​ហួសហេតុ​ទៅ​លើ​សហគមន៍​ពួក​ស្បែក​ខ្មៅ​ និង​ការ​ចាប់​ខ្លួន​ពួក​ស្បែក​ខ្មៅ​យ៉ាង​ច្រើន​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្មតូចតាច​ ដូចដែលពួក​ស្បែក​ស​បាន​ប្រព្រឹត្ត​ដែរ។ ​

ប៉ុន្តែ​លោក​ស្រី Clinton បាន​មាន​ប្រសាសន៍​ថា ការ​កែប្រែ​ច្បាប់​កាត់ទោស​ត្រូវ​តែ​ធ្វើ​ជាមួយ​នឹង​ឱកាស​ការងារ​ និង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្ទះ​សម្បែង។

លោក Sanders បាន​មាន​ប្រសាសន៍​ថា បញ្ហាសេដ្ឋកិច្ច​ធ្លាក់​ចុះ​របស់​ពួក​ស្បែក​ខ្មៅ​ និង​ពួក​ស្បែក​ស​ដែល​នៅ​ជនបទ គឺ​ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា ដែល​លោក​បាន​និយាយ​ថា បាន​ផ្លាស់ប្ដូរ​ការ​ផលិត​ទៅ​ក្នុងប្រទេស​ចិន​ ដែល​បាន​ធ្វើ​ឲ្យ​កម្មករ​អាមេរិកាំង​រាប់​លាន​នាក់​បាត់បង់​ការងារ៕