តៃវ៉ាន់​​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ពី​ការ​រញ្ជួយដី​ខណៈ​ដែល​តួលេខ​អ្នក​ស្លាប់​កើន​ដល់​៩៣​នាក់

តៃវ៉ាន់​​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ពី​ការ​រញ្ជួយដី​ខណៈ​ដែល​តួលេខ​អ្នក​ស្លាប់​កើន​ដល់​៩៣​នាក់

សាច់​ញាតិ​ មេដឹកនាំ​សាសនា និង​មន្រ្តី​រដ្ឋាភិបាល​ចូលរួម​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​សម្រាប់​ជន​រង​គ្រោះ​នៃ​ការ​ដួល​រលំ​នស​អគារ​មួយ​ដែល​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ក្រុង Tainan កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

សាច់​ញាតិ ​និង​មិត្តភក្តិ​របស់​ជនរងគ្រោះ​នៅ​ក្នុង​ការ​រញ្ជួយ​ដី​នៅ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​ចូល​រួម​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ដែល​តួលេខ​ផ្លូវ​ការ​នៃ​ចំនួន​អ្នកស្លាប់​កើន​ដល់​៩៣​នាក់។ ​

លោក​ប្រធានាធិបតី Ma Ying-jeou និង​លោកស្រី Tsai Ing-wen ដែល​ទើប​តែ​ជាប់​ឆ្នោត​នោះ​ បាន​ចូល​រួម​ក្នុង​ពិធី​នេះ​នៅ​ក្នុង​ទីក្រុង​តៃណាន់ ដោយ​មាន​ផ្កា​ទៅ​ជាមួយ​និង​បាន​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ ​និង​មាន​ព្រះ​សង្ឃ​សាសនា​ព្រះ​ពុទ្ធ​ផង ប៉ុន្តែ​មិន​បាន​ថ្លែង​អ្វី​ជា​ផ្លូវ​ការ​នោះ​ទេ។

ក្រុម​សាច់​ញាតិ​ដែល​កាន់​ទុក្ខ​ទាំង​នោះ បាន​គោរព​វិញ្ញាណក្ខន្ធ​សព​ និង​មាន​ដុត​ធូប​ផង​ដែរ។ ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧​បន្ទាប់​គ្រោះ​មហន្តរាយ​នោះ​បាន​កើត​មាន។ យោង​តាម​ប្រពៃណី​ទំនៀមទម្លាប់​ចិន​ នេះ​គឺ​ជា​ថ្ងៃ​ពិសេស​ក្នុង​ការ​គោរព​វិញ្ញាណក្ខន្ធ។ ​

ក្រសួង​មហាផ្ទៃ​តៃវ៉ាន់​បាន​ប្រកាស​តួលេខ​អ្នកស្លាប់​នេះ​កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្រ្គោះ​នៅ​តែ​បន្ត​រក​ជន​រងគ្រោះ​បន្ថែម​ទៀតនៅ​ក្នុង​គំនរ​បែកបាក់​នៃ​បរិវេណ​អាគារ Weiguan Golden Dragon។ នៅ​មាន​មនុស្ស​រាប់​សិបនាក់​ទៀត​ដែល​នៅ​បាត់​ខ្លួន​នៅ​ឡើយ។

អាគារ​នោះ​គឺ​ជា​អាគារ​ដែល​ធំ​តែ​មួយ​គត់​ដែល​បាន​រលំ​ក្នុង​អំឡុង​ពេល​នៃ​ការ​រញ្ជួយ​ដី​ដែល​មាន​កម្រិត​៦,៤​នោះ ថ្វី​ត្បិត​តែ​អាគារ​តូចៗ​ជា​ច្រើន​ទៀត​ត្រូវ​បាន​បំផ្លាញ ឬ​ខូចខាត​ធ្ងន់ធ្ងរ​ក៏​ដោយ៕