ចេញពី​កន្លែង​ផឹកស៊ី​ជិះ​ម៉ូតូឌុប​គ្នា​យោល​ពេញ​ផ្លូវ​ដួល​របួសធ្ងន់​១​ស្រាល​៣

​ខេត្ត​ព្រះសីហនុ​៖ យុវជន​៤​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែង​ផឹកស៊ី​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវបត់​កោង​មិន​បន្ថយល្បឿន​បាន​ដួល​ម៉ូតូ​បោក​លើ​ថ្នល់​អូស​ចម្ងាយ​ជាង​១០​ម៉ែត្រ​បណ្តាល​ឲ្យ យុវជន​ម្នាក់​ជា​អ្នកបើកបរ​បាន​រងរ​បួស​ធ្ងន់ និង​៣​នាក់​ផ្សេងទៀត​បាន​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២២ និង​១០​នាទី យប់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្លូវ​កោង​អតីត​កែង​តុលាការ​ចាស់ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​នគរបាល​ចរាចរណ៍​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា យុវជន​ជួប​គ្រោះថ្នាក់​ទាំង ៤​នាក់​នោះ​មាន​៖ ទី​១​ឈ្មោះ នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​(​រងរបួស​ធ្ងន់​សន្លប់​) ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្កូ​ពី ពណ៌​ស គ្មាន​ស្លាក​លេខ ទី​២​ឈ្មោះ ពុទ រ័ត្ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ (​រងរបួស​ស្រាល​) ទី​៣​ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ (​រងរបួស​ស្រាល​) និង ទី​៤​ឈ្មោះ សេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​រងរបួស​ស្រាល​) មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

​ប្រភពពី​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​អះអាងថា​៖ នៅមុន​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​៤​នាក់ មិន​ពាក់មួក​សុវត្ថិភាព បើក​ក្នុងទិសដៅ​ពី​តោ​ពីរ​សំដៅទៅ​ផ្សារលើ​។ លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវ​កោង​អ្នក​ឌុប​មិន​បន្ថយល្បឿន រួម​ផ្សុំ​ទៅនឹង​អ្នកបើក​បរមាន​ជាតិ​ស្រវឹង​ផង​នោះ បត់​ពុំទាន់​ក៏បាន​រអិល​បោក​ដួល​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ បង្ក​អោយ​រងរបួស​ធ្ងន់​ម្នាក់ (​សន្លប់​ធំ​)​នៅនឹងកន្លែង​។​

ក្រោយ​កើតហេតុ ម៉ូតូ​ត្រូវបាន​នគរបាល​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ជា​បណ្តោះអាសន្ន​។ ចំណែក​អ្នករបួស​ទាំង​៤​នាក់​ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​គ្លី​និ​ច​ចាក់អង្រែ​កំពង់សោម ខេត្ត​ព្រះសីហនុ​៕ សមុទ្រ​ខៀវ​

KA-12-02-2016-56 KA-12-02-2016-57 KA-12-02-2016-58