ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ម្ដុំ​បុរី​ញូ​វ​ថោ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​០២​នាក់ ក្នុង​មាន​ស្ត្រី​ម្នាក់​ផង​ដែរ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​អីវ៉ាន់ ចំណុះ​ពីរ​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C4410 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ជាមួយ​ព្រូ​ពីរ​នាក់ ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត ហ៊ី​យ៉ា​ន់​ដាយ​ដឹក​អីវ៉ាន់​ពណ៌​សលាយ​ខៀវ ចំណុះ​ពីរ​តោន​កន្លះ ដូច​គ្នា ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6079  ស្ថិត​ក្នុង​ក្រុម​តែ​មួយ​ថែម​ទៀត ។

ប្រភព​ព័ត៌មាន​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​បញ្ជាក់​បន្ថែម​ថា មូលហេតុ​ដែល​មាន​គ្រោះថ្នាក់​កើតឡើង​គឺ ថរ​យន្ដ​ទាំង​ពីរ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ដែល​មាន​ទិស​ដៅ​ស្របគ្នា ពី​លិចទៅ​កើត ហើយ​រថយន្ដ​ដែល​បើក​ខាង​មុខ​ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6079  បាន​ជាន់​ហ្វ្រាំង​ទប់ ចៀស​រថយន្ដ​ហា​យ​លែ​ន​ឌឺ ដែល​វ៉ា​ខ្លួន ដែល​ល្បឿន​កំពុង​តែ​លឿន​ផង​នោះ ក៏​បណ្ដាល​ឲ្យ រថយន្ត​ក្រុម​របស់​ខ្លួន​ដែល​បើកបរ​ខាងក្រោយ បុក​ពេញទំហឹង​តែ​ម្ដង ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ  ចំណែកឯ​រថយន្ត​ទាំង​ពីរ​សមត្ថកិច្ច​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​ក្រោយ ៕