រតនៈ និង សុខរ៉ាជួបថៃនៅ CTN

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ចាន់ រតនៈ​ក្លិប​កងពលធំ​លេខ ៨ ភ្នំ​ទ្រព្យ និង មៀ​ច សុខ​រ៉ា​ក្លិប​តា​ព្រហ្ម​មានជ័យ​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ប្រកួត​ជាមួយ ​អ្នក​ប្រដាល់​លើស​ង្វៀន CTN រសៀល​ថ្ងៃទី​១៣​កុម្ភៈ​នេះ ។​

​    ​រតនៈ​ជា​អ្នក​ប្រដាល់​ដែលមាន​ជង្គង់ និង កែង​ល្អ​តែ​អ្នក​ប្រដាល់​រូបនេះ​ចិត្ត​តូច​ណាស់ ។ ចំពោះ​គូប្រកួត​ជា​ជន​ជាតិ​ថៃ​នោះ​ឈ្មោះ Balangin Sor Chorsaybou ។​

     ​គេ​មិនដឹងថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​ខ្លាំង​កម្រិតណា​នោះឡើយ​តែ​គេ​មាន​ ប្រវត្តិ​ប្រកួត​ចំនួន​៧៣​ដង ឈ្នះ ៥០​ដង​ចាញ់​២០​ដង និង ស្មើ​ពិន្ទុ ៣ ដង ។ ចំពោះ​រតនៈ​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៣​ដង ឈ្នះ​៦០​ដង ចាញ់​៣១​ដង និង ស្មើ​ពិន្ទុ ២ ដង ព្រមទាំង​ធ្លាប់​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន ៥ ដង ។​

​    ​តាមរយៈ​ស្ថិតិ​ប្រកួត​នេះ​បាន​បង្ហាញថា​សមត្ថភាព​របស់គេ​ ប្រហាក់ប្រហែលគ្នា ។ តើ​គូ​នេះ​ជ័យជំនះ​ជា​របស់​ចាន់ រតនៈ ឬ ជា​របស់​អ្នក​ប្រដាល់​ថៃ Balangin Sor Chorsaybou ?

​    ​ចំពោះ​មៀ​ច សុខ​រ៉ា​វិញ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Balanthorng Sor Chorsaybou ដោយ​ពួកគេ​ប្រ​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម ។​

​    ​សុខ​រ៉ា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៨​ដង ឈ្នះ​១៦​ដង ចាញ់​១២ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន ១ ដង ។​ស្ថិតិ​ប្រកួត​របស់​សុខ​រ៉ា​មិនជា​ល្អ​ទេ​ព្រោះ​ចាញ់ និង ឈ្នះ​មាន​គម្លាត​ពីគ្នា​តិចតួច​ណាស់ ។ ចំពោះ​អ្នក​ប្រដាល់​ថៃ balanthorng វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៦០​ដង ចាញ់​១៥​ដង និង ស្មើ​ពិន្ទុ ៤ ដង ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនដឹងថា​នរណា​មាន​សមត្ថភាព​ជាង​នរណា​នោះទេ​តែ​លោក​មាស សុខ​គ្រី​ដែលជា​គ្រូបង្វឹក​របស់​សុខ​រ៉ា​និយាយថា​សិស្ស​របស់លោក​ត្រៀមខ្លួន​ បានល្អ​ណាស់ ។​

​    ​ការប្រកួត​កំដរ​សង្វៀន​វិញ​នោះ​ជ័យ វណ្ណៈ​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​ទេស ឧ​ត្ត​ម​ក្លិប​កងពលតូច​លេខ​៧០ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង រស់ វិបុល​ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ​ស្រិល ទ្រី​ក្លិប​គុជ​សារ​កីឡា​ក្នុង​ប្រ​ភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​