កិច្ចព្រមព្រៀង​របស់​ស៊ីរី​ឈាន​ដល់​ការ​អនុវត្ត​សាកល្បង

កិច្ចព្រមព្រៀង​របស់​ស៊ីរី​ឈាន​ដល់​ការ​អនុវត្ត​សាកល្បង

ក្មេងៗ​ដើរ​តាម​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។

តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ក្រុម​មេដឹកនាំ​ពិភពលោក​បាន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បញ្ឈប់​អរិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរីក្នុង​ពេល​មួយ​សប្តាហ៍កិច្ចព្រមព្រៀង​នេះ​កំពុង​ត្រូវ​ដាក់​ឱ្យ​មាន​ការ​គោរព​តាម។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP ថា​ កងកម្លាំង​លោក​គ្រោង​នឹង​ «វាយ​យក​ប្រទេស​ទាំង​មូល​មក​វិញ» ហើយ​ការណ៍​នេះ​បាន​បង្កើន​ការ​សង្ស័យ​អំពី​ការ​ប្តេជ្ញារបស់​ភាគី​ទាំង​អស់ក្នុង​ការ​បញ្ចប់​សង្គ្រាម​នេះ​ដែល​មាន​រយៈពេល​ជិត​៥ឆ្នាំ​មក​ហើយ។​

លោក​ Assad បាន​និយាយ​ថា ការ​វាយ​យក​ដែន​ដី​ទាំង​ស្រុង​មក​វិញ​អាច​មាន «រយៈពេល​យូរ»។ ប្រធានាធិបតី​ស៊ីរី​រូប​នេះ​បាន​ថ្លែង​ថា​លោក​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ កិច្ចចរចា​ «មិនមែន​មាន​ន័​យថា​យើង​ឈប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ទេ»។

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​ចង្អុល​បង្ហាញ​អំពី​ចន្លោះ​ប្រហោង​មួយ​ចំនួន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ដែល​ត្រូវ​បាន​យល់ព្រម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ពួកគេ​បាន​និយាយ​ថា ​អាច​អនុញ្ញាត​ឱ្យ​កងកម្លាំង​របស់ Assad ដោយ​មាន​ជំនួយ​ពី​ប្រទេស​រុស្សី អាច​បង្កើន​ការ​វាយ​លុក​របស់​ពួកគេ​លើ​តំបន់​ដែល​ពួក​ឧទ្ទាម​កាន់កាប់។​

ម្យ៉ាង​វិញ​ទៀត​កិច្ចព្រមព្រៀង​នេះ​មិន​បាន​ធ្វើឱ្យ​មានការ​ឈប់បាញ់គ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​ស៊ីរី​ប្រឆាំង​នឹង​ពួក​ភេរវជន​ដែល​រួម​មាន​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម និង​រណសិរ្ស​ al Nusra ផង​ដែរ។​

ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ Assad ចាត់​ទុក​ក្រុម​យុទ្ធជន​ប្រឆាំង​ទាំង​អស់ ទាំង​ពួកកងកម្លាំង​មិន​និយម​ជ្រុល​ និង​ទាំង​ពួក​ជ្រុល​និយម​ ថា​ជា​ពួក​ភេរវជន​ ហើយ​រុស្សី​នៅ​តែ​បន្ត​ទម្លាក់​គ្រាប់បែក​លើ​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ ជា​ទី​ដៅ​ភេរវជន​ដែល​អាច​នាំ​ឱ្យ​កងកម្លាំង​ Assad បាន​ចំណេញ​ច្រើន​នៅ​ជុំវិញ​ក្រុ Aleppo ដែល​ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ប្រទេស​ស៊ីរី។​

ពួក​ឧទ្ទាម​ស៊ីរី​នៅ​តែ​បន្ត​ចោទ​ប្រកាន់​កង​យន្តហោះ​ចម្បាំង​រុស្សី​ថា​ ធ្វើ​ការ​វាយ​ប្រហារ​គ្មាន​រើស​មុខ​លើ​ពួក​ជន​ស៊ីវិល​ និង​ក្រុម​ប្រឆាំង​មិន​និយម​ជ្រុល៕