ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖ កាលពី​វេលាម៉ោង​​​ជិត១២​អធ្រាត្រ​ថ្ងៃទី១២ ​កុម្ភៈ​​ ២០១៦ កម្លាំងជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំងនគរបាលខេត្តកណ្តាល ចាប់​​ខ្លួន​ជន​សង្ស័យ​​ឈ្មោះមាន វាសនា ភេទ​ប្រុស អាយុ២៦​ឆ្នាំ មុខរបរ​យោធាឋានន្ត​រ​ស័ក្តិ​​អនុសេនីយ៍ទោ មុខងារ​ជំនួយការ​ការិយាល័យ​ទី​២ អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ មាន​ទីលំនៅ​​ក្នុងភូមិ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ឃាត់ខ្លួន​តាម​ដីការបស់សាលាដំបូង​ខេត្តកណ្តាល ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រដាប់​ដោយ​អាវុធ) កាលពី​ម៉ោង​០៧ និង៤០​នាទីយប់​ថ្ងៃ​ទី​៣១ ​មករា ​​២០១៦ ស្ថិតនៅ​ភូមិ​តា​គោក​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ​។

មន្ត្រីយោធាខាងលើនៃតំបន់សឹករងខេត្តកំពង់ស្ពឺ ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធនៅស្រុកពញាឮ ខេត្តកណ្តាល ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​ បន្ទាប់ពីរត់គេចខ្លួនចូលពួនសំងំ​ក្នុងបន្ទាយ ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួន​គូកនរបស់គេ​២នាក់រួចមក ។​ បន្ទាប់​ពី​ចាប់ខ្លួន​មន្ត្រីយោធា ដែលជាមុខសញ្ញាប្លន់យ៉ាងសកម្មនោះ​មក ស្នងការនគរបាលខេត្តកណ្តាល បានរៀបចំធ្វើសន្និសីទ​កាសែត​ទាំងយប់ ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបនេះ ។