ស.រ.អា​និង​កូរ៉េ​ខាង​ត្បូង​នឹង​ពិភាក្សា​ពី​ប្រព័ន្ធ​ការពារ​មីស៊ីល​នៅ​សប្តាហ៍​ក្រោយ

ស.រ.អា​និង​កូរ៉េ​ខាង​ត្បូង​នឹង​ពិភាក្សា​ពី​ប្រព័ន្ធ​ការពារ​មីស៊ីល​នៅ​សប្តាហ៍​ក្រោយ

អ្នក​ដំណើរ​ម្នាក់​ដើរ​កាត់​ផ្ទាំង​ទូរទស្សន៍​ដែល​ផ្សាយ​ព័ត៌មាន​អំពី​ការ​បង្ហោះ​រ៉ុក្កែត​របស់​កូរ៉េ​ខាង​ជើង​នៅ​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​និយាយ​បញ្ជាក់​ថា​ ស.រ.អា. និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​កិច្ច​ចរចា​នៅ​សប្តាហ៍​ក្រោយ​អំពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ទំនើប​ការពារ​ប្រឆាំង​នឹង​កាំជ្រួច​មីស៊ីល​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ពិសោធ​បរមាណូ​ និង​ការ​បាញ់​ពិសោធ​បង្ហោះ​កាំ​ជ្រួច​មីស៊ីល​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង​កាលពី​ពេល​ថ្មីៗ​នេះ។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា​ ពួកគេ​ចង់​ដាក់​ពង្រាយ​ប្រព័ន្ធ​ស្ថានីយ​ការពារ​តំបន់​ខ្ពស់​ក្នុង​អាកាស​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Terminal High Altitude​ Area Defense ហៅ​កាត់​ថា​ THAAD នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន។​

បើ​តាម​មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​មិន​ឱ្យ​គេ​បញ្ចេញ​ឈ្មោះ​ថា​ នៅ​ពេល​ណា​ និង​នៅ​កន្លែង​ណា​ពិតប្រាកដ​ដែល​ប្រព័ន្ធ​នេះ​នឹង​ត្រូវ​ដាក់​ពង្រាយ​នឹង​ក្លាយ​ទៅ​ជា​ប្រធានបទ​នៃ​ការ​ពិភាក្សា​គ្នា​ជា​ផ្លូវ​ការ​ដែល​នឹង​មាន​ធ្វើ​នៅ​ «សប្តាហ៍​ក្រោយ»។

មន្ត្រី​នេះ​ក៏​បាន​និយាយ​បញ្ជាក់​ដែរ​ថា​ ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ THAAD មាន​ន័យ​ជា​ការ​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ពី​សមត្ថភាព​ខាង​បរមាណូ​ និង​ខាង​កាំជ្រួច​មីស៊ីល​ដែល​កាន់​តែ​ខ្លាំង​ឡើងៗ​របស់​កូរ៉េ​ខាង​ជើង ហើយ​មិន​យក​ប្រទេស​ឯទៀតៗ​ក្នុង​តំបន់​នោះ​ជា​ទី​ដៅឡើយ។​

ក្រុម​មន្ត្រី​ស.រ.អា.​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​នៅ​ពេល​ណា​កិច្ច​ចរចា​នេះ​នឹង​មាន​ធ្វើ​ទេ៕