រយៈពេល១ខែ កម្ពុជាប្រមូលពន្ធបាន ១១៦,៥៦លានដុល្លារ កើន១០,០៦%

ភ្នំពេញ៖ ក្នុងខែមករា ដើមឆ្នាំ២០១៦កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធដាក់ចំណូលជូនរដ្ឋបានចំនួន ៤៦៦.២២៤,៤៨លានរៀល (១១៦,៥៦លានដុល្លារអាមេរិក) បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥ មានការកើតឡើងចំនួន ១០,០៦ភាគរយ។

 យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលបានដក់ស្រងលទ្ធផលកិច្ចប្រជុំ ប្រមូលពន្ធប្រចាំខែមករា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងរយៈពេលដូចគ្នានេះដែរ ឃើញថា ក៏មានការកើនឡើងផងដែរ នូវចំនួនពន្ធ-អាករ តាមប្រភេទពន្ធសំខាន់ៗមួយចំនួន ដូចជា ពន្ធលើប្រាក់បៀវត្សរ៍កើនឡើង ៩,៥ភាគរយ, អាករលើ តម្លៃបន្ថែមកើនឡើងប្រមាណ ១៣,៥ភាគរយ និងអាករពិសេសកើនឡើងប្រមាណ ៨៦,៦ភាគរយ។

ចំណូលពន្ធតាម សកម្មភាពអាជីវកម្ម ក៏មានការកើនឡើង ស្ទើរតែទាំងអស់ក្នុងនោះ រួមមានផ្នែកផលិតភេសជ្ជៈ កើនឡើងប្រមាណ ៥៨ភាគរយ, ផ្នែកផលិតថ្នាំជក់ កើនឡើងប្រមាណ ៦៨,៤ភាគរយ, ផ្នែកផលិតគ្រឿងប្រើប្រាស់ កើនឡើងប្រមាណ ៤,៨ភាគរយ, ផ្នែកសណ្ឋាគារ និងផ្ទះសំណាក់ កើនឡើងប្រមាណ ១៥,៩ភាគរយ, ផ្នែកផលិតគ្រឿងអេឡិចត្រូនិក កើនឡើងប្រមាណ ១៥៤ភាគរយ, ផ្នែកកសិកម្មកើនឡើងប្រមាណ ៨៧,២ភាគរយ, ផ្នែកសេវាសិក្សាអប់រំកើនឡើងប្រមាណ ៣០៨,៧ភាគរយ, ផ្នែកផលិតយានយន្តកើនឡើងប្រមាណ ២៥,៨ភាគរយ, ផ្នែកលក់សម្ភារការិយាល័យកើនឡើងប្រមាណ ៣២,៩ភាគរយ, ផ្នែកសេវាថែទាំសុខភាពកើនឡើងប្រមាណ ១៨២ភាគរយ, ផ្នែកដឹកជញ្ជូន និងទេស ចរណ៍កើនឡើងប្រមាណ ២៤,៣ភាគរយ និងផ្នែកផលិតម្ហូបអាហារ កើនឡើងប្រមាណ ៥,២ភាគរយ៕

រយៈពេល១ខែ កម្ពុជាប្រមូលពន្ធបាន ១១៦,៥៦លានដុល្លារ កើន១០,០៦%