ទីតាំងបើកល្បែង បង្កប់ជ្រកក្រោមហាងកាហ្វេ សមត្ថកិច្ចក្រុង បានលុង មិនបង្ក្រាបព្រោះវាជាឆ្នាំងបាយ

រតនគិរី៖ ទីតាំងបើកល្បែងបង្កប់ ជ្រកក្រោមហាងកាហ្វេ ដ៏ធំមួយកន្លែងស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលគេដឹងថាមានម្ចាស់ឈ្មោះ ស៊ាន និងប្រពន្ធឈ្មោះមុំ បើកលេងយ៉ាងអាណាធិតេយ្យ ប្រមាណជាង១ឆ្នាំកន្លងមក ហើយប៉ុន្តែសមត្ថកិច្ច ក្រុងបានលុង មិនបង្ក្រាបព្រោះវាជាឆ្នាំងបាយ។

បើតាមក្រុមអ្នកញៀនល្បែងម្នាក់ សុំមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថាវង់ល្បែងនេះមានដូចជា អូសផែ អុងឌូ ភ្នាល់បាល់ទាត់ និងភ្នាល់ប្រដាល់ជាដើម ដោយមានអ្នក ចាញ់ និងអ្នកឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លាក្នុង១ថ្ងៃៗ។

ប្រភពពត៌មានខាងលើបន្តទៀតថា ម្ចាស់វង់ល្បែងនេះបើកហាងកាហ្វេ បង្កប់ល្បែងស៊ីសងដើម្បីបន្លំភ្នែកសមត្ថកិច្ច នឹងមហាជនតែធាតុពិតជាកន្លែងល្បែងស៊ីសង ដោយម្ចាស់វង់ល្បែងអង្គុយ ចាំដកតុងក្នុង ១ថ្ងៃៗ បានប្រមាណ ៣ទៅ ៥លានរៀល។

ប្រភពពត៌មានខាងលើ បញ្ជាក់ឲ្យដឹងទៀតថាវង់ល្បែងដ៏ធំ ខាងលើនេះមានអ្នកចូលលេងគ្រប់ស្រទាប់ វណ្ណៈដូចជា មន្ត្រីរាជការ អ្នកជំនួញធំៗក្នុងខេត្ត និងក្រុមអ្នករត់ ម៉ូតូឌុប។ ការណ៍ដែលឈ្មោះស៊ាន និងប្រពន្ធឈ្មោះមុំ ហ៊ានបើលបនល្បែងកណ្តាលក្រុង បានលុង ពុំខ្លាចសមត្ថកិច្ចនោះ គឺដោយសារតែមេល្បែងរូបនោះបង់លុយ ជូនសមត្ថកិច្ចប្រចាំខែ ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ ( បែងចែកកញ្ចប់តាមឋានៈ និងតួនាទី )។

ក្រៅពីបនល្បែងដ៏ធំខាងលើនេះ គេសង្កេតឃើញមានកន្លែងភ្នាល់បាល់ទាត់ធំៗ ប្រមាណជា១០កន្លែង ដែលគេដឹងថាមានម្ចាស់ជាកូនប្រុស ថៅកែហាងមាស ហេង សម្បត្តិ។ ករណីបនល្បែងកណ្តាលក្រុងបានលុង សមត្ថកិច្ចមិនបង្ក្រាបនេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋមានមតិ លើកឡើងស្រដៀងគ្នា ថាគួរតែថ្នាក់លើត្រួតពិនិត្យ ការងារ កូនចៅថ្នាក់ក្រោមផង ព្រោះល្បែងស៊ីសង មាននាំអោយមានអំពើហឹង្សា ក្នុងគ្រូសារកើតមានចោរលួច ចោរឆក់ ចោលប្លន់ជាដើម។

ទាក់ទិនទៅនឹងបនល្បែង លោកស៊ាន និងប្រពន្ធឈ្មោះមុំ បើកលេងអង្គុយចាំយកតុងកណ្តាល ក្រុងបានលុង សមត្ថកិច្ចមិនបង្ក្រាបនេះដែរ មជ្ឈមណ្ឌលពត៌មាន ដើមអម្ពិល មិនអាចសុំការអត្ថាធិប្បាយពី លោកអ៊ុក សំអុល ប្រធានគណៈបញ្ជាការឯកភាព ក្រុងបានលុង បានទេ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ៕

ទីតាំងបើកល្បែង បង្កប់ជ្រកក្រោមហាងកាហ្វេ សមត្ថកិច្ចក្រុង បានលុង មិនបង្ក្រាបព្រោះវាជាឆ្នាំងបាយ