តុលាការ​កំពូល​កោះហៅ​អ្នក​បឹងកក់​១៣​នាក់​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​២ មីនា

តុលាការ​កំពូល​កោះហៅ​អ្នក​បឹងកក់ ១៣​នាក់ ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី​២ មីនា ជុំវិញ​បណ្ដឹង​របស់​អ្នក​បឹងកក ដែល​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១២។

ដីកា​របស់​អយ្យការ​អម​តុលាការ​កំពូល ចេញ​ថ្ងៃ​ទី​១០ កុម្ភៈ បាន​កោះហៅ​អ្នក​ភូមិ​បឹងកក់ ទាំង ១៣​នាក់ រួម​មាន​លោកស្រី ទេព វន្នី តុល ស្រីពៅ ហេង ម៉ុំ គង់ ចន្ថា ង៉ែត ឃុន ផាន់ ឈុនរ៉េត សួង សម័យ ឆេង លាភ បូវ សោភា ថូ ដាវី ចាន់ ណាវី ងួន គឹមឡាង និង​លោកស្រី សុង ស្រីលាភ។

ដីកា​នេះ​បាន​ហៅ​អ្នក​ទាំង ១៣​នាក់​នោះ ថា​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ក្រោម​បទ​ចោទ​កាន់កាប់​ដោយ​ខុស​ច្បាប់ លើ​អចលនវត្ថុ​របស់​នីតិ​បុគ្គល​សាធារណៈ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២។

ឆ្លើយ​តប​នឹង​ដីកា​កោះហៅ​នេះ តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី អះអាង​ថា លោកស្រី និង​អ្នក​ទាំង ១២​នាក់​ផ្សេង​ទៀត នឹង​ទៅ​ចូល​រួម​តាម​ការ​កោះហៅ​របស់​តុលាការ​កំពូល។

កាល​ពី​ឆ្នាំ​២០១២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អ្នក​ទាំង ១៣​នាក់ ម្នាក់ ២​ឆ្នាំ​កន្លះ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​ព្យួរ​ទោស បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ក្នុង​ពន្ធនាគារ​រយៈពេល​ជាង ១​ខែ (១​ខែ ៣​ថ្ងៃ)។

មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ពួកគាត់​ក្នុង​សំណុំ​រឿង​នេះ ដោយសារ​ពួកគាត់​បាន​ចូល​រួម​សង់​ឡើង​វិញ​នូវ​ទី​ជម្រក​របស់​អ្នក​ភូមិ​១ ​នៃ​តំបន់​បឹងកក់ ចំនួន ១៨​គ្រួសារ ដែល​ក្រុមហ៊ុន​ស៊ូកាគូ (Sukaku) វាយ​កម្ទេច និង​បូម​ខ្សាច់​ពន្លិច​ដោយ​មិន​ផ្ដល់​សំណង​កាល​ពី​ឆ្នាំ​២០១០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។