ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ជួប​តំណាង​សង្គម​ស៊ីវិល​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន

ទីប្រឹក្សា​សន្តិសុខ​ជាតិ លោកស្រី ស៊ូសាន រ៉ៃស៍ (Susan E. Rice) នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នេះ បាន​ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​ទាំង ១០ ជា​សមាជិក​អាស៊ាន មុន​ពេល​មាន​កិច្ចប្រជុំ​កំពូល​អាមេរិក-​អាស៊ាន ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ នៅ​មជ្ឈមណ្ឌល​ឧទ្យាន សាន់នីលែន (Sunnylands) រដ្ឋ​កាលីហ្វ័រញ៉ា។

អគ្គរដ្ឋទូត រ៉ៃស៍ បញ្ជាក់​ថា ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​សង្គម​ស៊ីវិល អភិបាលកិច្ច​ល្អ និង​សិទ្ធិមនុស្ស គឺ​អ្វី​ដែល​ជា​ចំណុច​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អាមេរិក ឡើង​វិញ​ចំពោះ​អាស៊ី។ លោកស្រី​បញ្ជាក់​ទៀត​ថា វា​ជា​ប្រធានបទ​ក្ដៅ​ដែល​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នឹង​យក​មក​ពិភាក្សា​នៅ​មជ្ឈមណ្ឌល​ឧទ្យាន សាន់នីលែន។

ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាមេរិក-​អាស៊ាន ដាច់​ដោយ​ឡែក​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា នឹង​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ វិស័យ​ថាមពល ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​បញ្ហា​សមុទ្រ​ចិន ខាង​ត្បូង ព្រមទាំង​ការ​ជជែក​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​ដែរ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល ១២ ដែល​រួមមាន​ទាំង​សមាគម​អាដហុក (ADHOC) គណៈកម្មការ ខុមហ្វ្រែល (COMFREL) គណៈកម្មការ​និចហ្វិក (NICFEC) និង​អង្គការ​សីលការ (SILAKA) និង​អង្គការ​មួយ​ចំនួន​ទៀត ក៏​បាន​ផ្ញើ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ទៅ​កាន់​ជំនួប​កំពូល​នេះ​ដែរ ដោយ​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រើ​អំណាច​ជ្រុល​ហួសហេតុ​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង រួម​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សមាជិក​គណបក្ស​នយោបាយ និង​សកម្មជន​នយោបាយ​ជាដើម  និង​ទាមទារ​ឲ្យ​យ៉ាង​ណា​ឲ្យ​កម្ពុជា មាន​បរិយាកាស​បោះឆ្នោត​ពេល​ខាង​មុខ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ សេរី និង​យុត្តិធម៌។

​កិច្ច​ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ និង​ទៅ​១៦ ខែ​កុម្ភៈ នេះ ដែល​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​បំផុត​រវាង​សហរដ្ឋអាមេរិក និង​សមាគម​អាស៊ាន ធ្វើ​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​ស្គាល់​ការ​ដើរ​តួនាទី​ស្នូល​របស់​អាស៊ាន ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក និង​សារសំខាន់​ដែល​សហរដ្ឋអាមេរិក ផ្ដល់​ទៅ​លើ​ភាគី​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ស