ក្រុមឆន្ទះ​យុវជន ឆ្លងដែន កម្ពុជា-កូរ៉េ ថ្កោលទោស​ចំពោះ ផែនការបាតុកម្ម​ប្រឆាំង សម្ដេចតេជោ នៅ​អាម៉េរិក

ភ្នំពេញ៖ តាមរយៈ សេចក្ដីថ្លែងការណ៍ របស់ខ្លួន ចុះថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៦ ក្រុមឆន្ទះយុវជនឆ្លងដែន កម្ពុជា-កូរ៉េ បានសម្ដែងការសោកស្ដាយ យ៉ាងខ្លាំង និងធ្វើការថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះផែនការបាតុកម្មប្រឆាំង សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាណាចក្រកម្ពុជា ដែលនឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ពិសេស អាស៊ាន-អាម៉េរិក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៦ខាងមុខនេះ។

ក្រុមឆន្ទះយុវជនឆ្លងដែន កម្ពុជា-កូរ៉េ បានចាត់ទុកផែនការបាតុកម្មប្រឆាំង សម្ដេចតេជោហ៊ុន សែន នៅសហរដ្ឋអាម៉េរិកនោះ នឹងធ្វើឲ្យអាប់ឱនកិត្ដិយស និងមុខមាត់កម្ពុជា លើឆាកអន្ដរជាតិ។

សេចក្ដីថ្លែងការណ៍ របស់ក្រុមឆន្ទះយុវជនឆ្លងដែនកម្ពុជា-កូរ៉េ បានលើកឡើង ថា "ក្នុងនាមពលរដ្ឋខ្មែរ នៃប្រទេសឯករាជ្យ អធិបតេយ្យ និងជាអ្នកគាំទ្រយ៉ាងមុតមាំ រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា យើងគឺមិនអាចឈរអោបដៃ មើលនូវទង្វើប្រមាថ មើលងាយពីក្រុមណាមួយ មកលើប្រមុខរាជរដ្ឋាភិបាល ដែលយើងបានជ្រើសរើស យ៉ាងសម្រិតសម្រាំង ដោយការបោះឆ្នោត តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យជាដាច់ខាត"។

ជាមួយគ្នានេះ ក្រុមឆន្ទះយុវជនឆ្លងដែនកម្ពុជា-កូរ៉េ បានទាមទារឲ្យមេក្លោងបាតុកម្ម ត្រូវទម្លាក់ចោលជាបន្ទាន់ នូវផែនការបាតុកម្មនយោបាយដ៏ពិសពុលនេះ មុននឹងវិមានការតបត ដូចគ្នាត្រូវបានប្រកាន់យក ដោយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៅក្នុងប្រទេស។

ក្នុងនោះដែរក្រុមឆន្ទះយុវជនឆ្លងដែន កម្ពុជា-កូរ៉េ ក៏បានស្នើដល់ សហរដ្ឋអាម៉េរិក ពិចារណាឲ្យបានម៉ត់ចត់រវាងសិទ្ធិសម្ដែងមតិ នៃក្រុមអង្គការ សម្ព័ន្ធមិត្ដ ខ្មែរ-អាម៉េរិកកាំង ដែលគាំទ្រគណបក្សសង្រ្គោះជាតិ ធានាឲ្យបានដាច់ខាត នូវសន្ដិសុខ សុវត្ថិភាព និងកិត្ដិយស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងចាត់វិធានការ ទប់ស្កាត់ជាមុន ជៀសវាងនូវឧប្បទ្ទវហេតុអកុសល មិននឹកស្មានដល់៕

ក្រុមឆន្ទះ​យុវជន ឆ្លងដែន កម្ពុជា-កូរ៉េ ថ្កោលទោស​ចំពោះ ផែនការបាតុកម្ម​ប្រឆាំង សម្ដេចតេជោ នៅ​អាម៉េរិក