មុខសញ្ញា​លក់ និង​ជក់គ្រឿងញៀន ​សកម្ម​នៅស្រុក​ថ្មពួក ៥នាក់ ត្រូវចាប់បញ្ជូន​ទៅ​តុលាការ

បន្ទាយមានជ័យ៖ ជនសង្ស័យ ៥នាក់ ជាមុខសញ្ញាលក់ ជក់ថ្នាំញៀន យ៉ាងសកម្ម នៅជាយដែនខ្មែរ-ថៃ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ត្រូវបានកម្លាំង នគរបាល ឃាត់ខ្លួនរួមជាមួយថ្នាំ ៣៦គ្រាប់ បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោក ធិន ស៊ិនដេត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន ទី១.ឈ្មោះ កង ខ្នឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខសញ្ញាជួញដូរសកម្ម រស់នៅ ភូមិបន្ទាយមានឬទ្ធិ ឃុំបុស្បូង ស្រុកថ្មពួក, ទី២.ឈ្មោះ លេខ សី ភេទប្រុស អាយុ២០ឆ្នាំ, ទី៣.ឈ្មោះ ស្មាន វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ, ទី៤.ឈ្មោះ ទឿង ទុង ភេទប្រុស អាយុ១៩ឆ្នាំ និងទី៥.ឈ្មោះ ឡា ឃ្លោក ភេទប្រុស អាយុ១៩ឆ្នាំ ពួកគេទាំង ៤នាក់ រស់នៅភូមិប្រាសាទ៣ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ជនសង្ស័យទាំងនេះ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់នៅថ្ងៃទី១១ និង១២ ខែកុម្ភៈកន្លងទៅ។

លោក ចាប សុផារឹទ្ធ ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនចាប់ខ្លួនជនសង្ស័យទាំង ៥នាក់ បានធ្វើសកម្មភាពលក់ និងជក់ ថ្នាំញៀនយ៉ាងសកម្ម ក្នុងភូមិសាស្រ្តខាងលើ ក្រោយស្រាវជ្រាវ កម្លាំងនគរបាលអធិការដ្ឋាន ស្រុកថ្មពួក ឈានដល់ការឆ្មក់ចាប់ ជនសង្ស័យ បានសម្រេចក្នុងលំនៅដ្ឋាន មួយកន្លែងនៅភូមិ គោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ដកហូតបានថ្នាំញៀនជាក់ស្តែង ៣៦គ្រាប់ ប្រភេទយ៉ាម៉ា (មេតំហ្វេតាមីន) ដបកែច្នៃជក់១ដើម។ ក្រោយសួរនាំជនសង្ស័យទាំង៥ និងវត្ថុតាងត្រូវបានការិយាល័យ ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលការផ្តន្ទាទោសតាមច្បាប់ព្រឹកនេះ៕

មុខសញ្ញា​លក់ និង​ជក់គ្រឿងញៀន ​សកម្ម​នៅស្រុក​ថ្មពួក ៥នាក់ ត្រូវចាប់បញ្ជូន​ទៅ​តុលាការ

មុខសញ្ញា​លក់ និង​ជក់គ្រឿងញៀន ​សកម្ម​នៅស្រុក​ថ្មពួក ៥នាក់ ត្រូវចាប់បញ្ជូន​ទៅ​តុលាការ