ឯកឧត្តម កឹម សុខា៖ មានតែ CNRP មួយគត់ដែល ស្រឡាញ់សេចក្តី ថ្លៃថ្នូររបស់មនុស្ស ជាងគណបក្ស ណាទាំងអស់

ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (CNRP) ឯកឧត្តម កឹម សុខា បានថ្លែងនៅចំពោះមុខ អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ នាខេត្តបាត់ដំបង ថា មានតែគណបក្សខ្លួនមួយគត់ ដែលគោរព និងស្រឡាញ់សេចក្តីថ្លៃថ្នូរ របស់មនុស្សទាំងអស់ គឺគ្មានគណបក្សនយោបាយ ណាមួយ ធ្វើបានដូចនោះទេ។

ក្នុងឱកាសចុះសំណេះសំណាល និងចូលរួមក្នុងវេទិកា សកម្មជនមូលដ្ឋាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីលានបាត់ទាត់វាលបែកចាន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឯកឧត្តម កឹម សុខា បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមានចក្ខុវិស័យមួយច្បាស់លាស់ ហើយចក្ខុវិស័យនេះ គឺចង់ឃើញប្រទេសកម្ពុជា ជាប្រទេសមួយដែលមានឯករាជ្យភាព បូរណភាព អធិបតេយ្យភាពពេញលេញ មិនរណបបរទេសណាឡើយ។

ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ បានបន្តថា “ចក្ខុវិស័យរបស់គណបក្ស សង្គ្រោះជាតិចង់ឃើញប្រជាពលរដ្ឋខ្មែរ មានសិទ្ធិស្មើគ្នាខាងនយោបាយ មានសិទ្ធិស្មើគ្នាខាងសេដ្ឋកិច្ច មានសិទ្ធិស្មើគ្នាខាងសង្គមកិច្ច។ ជាមួយនឹងចក្ខុវិស័យនេះ គណបក្សសង្គ្រោះជាតិ មានគុណតម្លៃមួយ ដ៏ថ្លៃថ្លាដែលគណបក្ស ណាមិនអាចធ្វើដូច គឺគុណតម្លៃរបស់គណបក្ស សង្គ្រោះជាតិ គឺគោរព និងស្រឡាញ់នូវសេចក្តីថ្លៃថ្នូរ របស់មនុស្សគ្រប់រូបទាំងអស់”។

 ឯកឧត្តម កឹម សុខា បានបន្ថែមថា សេចក្តីថ្លៃថ្នូររបស់បុគ្គល សេចក្តីថ្លៃថ្នូររបស់មនុស្ស គឺគណបក្សសង្គ្រោះជាតិ ត្រូវបំពេញឲ្យបានជាដាច់ខាត នៅពេលដែលខ្លួនដឹកនាំប្រទេស យ៉ាងហោចណាស់ ក៏ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានចំណីអាហារហូបចុកគ្រប់គ្រាន់ មានផ្ទះសម្បែងសមរម្យ ទទួលបានសេវាអប់រំ ទទួលបានសេវាសុខភាព និងជាពិសេសទទួលបានការងារធ្វើ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា ការលើកឡើងរបស់ ប្រធានស្តីគណបក្សប្រឆាំង គឺជាការបោកប្រាស់ ហើយប្រជាពលរដ្ឋខ្មែរទូទៅ ក៏បានដឹងនូវសម្តីបោកប្រាស់នេះដែរ ព្រោះការឃោសនា របស់គាត់កន្លងមក  មិនដែលធ្វើបាននោះទេ តែបើធ្វើនោះ គឺបានតិចតួចបំផុត។

លោកបានបន្តថា “ការលើកឡើងរបស់គាត់ គឺជាការមិនពិត និងបោកប្រាស់ប៉ុណ្ណោះ។ បើយើងសម្លឹង មើលការសន្យា របស់គាត់ជាមួយ នឹងមេឃុំ តើគាត់បានធ្វើអ្វីខ្លះ? គាត់ថាមេឃុំមួយ ត្រូវមានឡានមួយ។ តើពេលនេះមានទេ? អត់មានទេ។ ហើយបន្ទាប់មកមេឃុំត្រូវដឹក យកទៅប្រទេសក្រៅ ដើម្បីទៅមើលការគ្រប់គ្រង ប្រទេសទេសគេ។ តើគាត់បានធ្វើទេ? គាត់ធ្វើតិចតួចណាស់ ក៏ប៉ុន្តែអ្វីដែលគាត់ភរ អ្វីដែលគាត់និយាយគឺជាការ បោកប្រាស់ដើម្បីចំណេញ នយោបាយរបស់គាត់”។

សូមបញ្ជាក់ថា ជារឿយៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែសម្តែងការព្រួយបារម្ភ និងឈឺឆ្អាលពីសុខទុក្ខ របស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូបទាំងអស់ មិនថាមាននិន្នាការគាំទ្រគណបក្ស នយោបាយណាមួយនោះទេ ហើយសម្តេចអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មិនឲ្យប្រជាពលរដ្ឋខ្មែររូបណា ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ៕

ឯកឧត្តម កឹម សុខា៖ មានតែ CNRP មួយគត់ដែល ស្រឡាញ់សេចក្តី ថ្លៃថ្នូររបស់មនុស្ស ជាងគណបក្ស ណាទាំងអស់

ឯកឧត្តម កឹម សុខា៖ មានតែ CNRP មួយគត់ដែល ស្រឡាញ់សេចក្តី ថ្លៃថ្នូររបស់មនុស្ស ជាងគណបក្ស ណាទាំងអស់