ឯកឧត្ដមសម រង្ស៊ី អំពាវនាវដល់ សកម្មជន​ត្រូវចេះ​រួបរួមគ្នា យកគំរូ​តាម សម រង្ស៊ី និង កឹម សុខា

បាត់ដំបង៖ ប្រធានគណបក្សប្រឆាំង គឺឯកឧត្ដមសម រង្ស៊ី បានថ្លែងអំពាវនាវ ដល់សកម្មជន និងអ្នកគាំទ្រគណបក្ស សង្រ្គោះជាតិទាំងក្នុង និងក្រៅប្រទេសថា ត្រូវចេះរួបរួមគ្នា ដោយយកគំរូតាមថ្នាក់ដឹកនាំ ជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ។ ឯកឧត្ដមសម រង្ស៊ី បានថ្លែងបញ្ជាក់ពី ក្រៅប្រទេសតាមរយៈប្រព័ន្ធស្កេប(Skype)ក្នុងពិធីជួបជុំ និង សំណេះសំណាល ជាមួយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភះនេះ ថា ថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិគឺរួបរួមគ្នា មិនមានការបែកបាក់គ្នា ដែលត្រូវឲ្យអ្នកគាំទ្រព្រួយបារម្ភអ្វីឡើយ ហើយគំរូថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិគឺសម រង្ស៊ី និងកឹម សុខា គឺជាមនុស្សតែមួយ ជាដៃគូស្លាប់រស់ ដើម្បីសង្រ្គោះជាតិ។

ឯកឧត្ដមសម រង្ស៊ី បានថ្លែងបន្ថែម ថា "ខ្ញុំបានអំពាវនាវដល់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងអស់ ទូទាំងប្រទេស គ្រប់ខេត្ដ-ក្រុងទាំងអស់ ហើយយើងក៏បាន អំពាវនាវ ដល់បងប្អូនជនរួមជាតិយើង ដែលរស់នៅឯនាយសមុទ្រទាំងអស់ សូមឲ្យរួបរួមគ្នាយកគំរូតាមសម រង្ស៊ី និងកឹម សុខា ពីព្រោះយើងដឹងថា គណបក្សសង្រ្គោះជាតិ គឺជាស្នូលនៃអ្នកស្នេហាជាតិ អ្នកស្រលាញ់យុត្ដិធម៌ អ្នកចង់ឲ្យមានការផ្លាស់ប្ដូរ"។ ជាមួយគ្នានេះប្រធានគណបក្សប្រឆាំងរូបនេះ ក៏បានអំពាវនាវដល់ សមាជិក-សមាជិកា គណបក្សដទៃទៀត មករួបរួមគ្នាជាមួយ គណបក្សសង្រ្គោះជាតិ ដែលនឹងអាចឈ្នះការបោះឆ្នោតនាពេលខាងមុខនេះ។

បើទោះបីជាឯកឧត្ដមសម រង្ស៊ី បានថ្លែងអំពាវនាវដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ត្រូវចេះរួបរួមគ្នាយ៉ាងណាក៏ដោយ តែគេសង្កេតឃើញថា មានមន្រ្ដីជាន់ខ្ពស់ និងសកម្មជនគណបក្សសង្រ្គោះជាតិ ជាបន្ដបន្ទាប់បានចាកចេញពីគណបក្សប្រឆាំងមួយនេះ ទៅគណបក្សផ្សេង ឬក៏ទៅបង្កើតគណបក្សថ្មី។ កាលពីថ្ងៃទី៦ ខែកុម្ភះកន្លងទៅនេះ ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ឯកឧត្ដកឹម សុខា បានទទួលស្គាល់ថា មានមន្រ្ដី និងសកម្មជនគណបក្សសង្រ្គោះជាតិ មួយចំនួន(CNRP)បានចាកចេញទៅរួមរស់ជាមួយគណបក្សផ្សេង ឬទៅបង្កើតគណបក្សថ្មី។

ឯកឧត្ដមកឹម សុខា បានថ្លែងបន្ដ ថា"យើងកុំបារម្ភបងប្អូន មិនមែនថា អត់របេះទេ របេះខ្លះ ប៉ុន្ដែមកវាច្រើន មកវិញច្រើនជាងរបេះ"។ ជាមួយគ្នានេះឯកឧត្ដមកឹម សុខា បានបញ្ជាក់បន្ថែមថា ឯកឧត្ដមមានវិធីសាស្រ្ដ ក្នុងទាក់ទាញឲ្យមន្រ្ដី និងសកម្មជនគណបក្សសង្រ្គោះជាតិ ដែលចាកចេញទៅហើយនោះត្រឡប់ មកវិញបានផងដែរ៕

/

ឯកឧត្ដមសម រង្ស៊ី អំពាវនាវដល់ សកម្មជន​ត្រូវចេះ​រួបរួមគ្នា យកគំរូ​តាម សម រង្ស៊ី និង កឹម សុខា