កម្ពុជា-បែលហ្ស៊ិក ចំណាយថវិកា ១៧ម៉ឺនដុល្លា លើ​គម្រោង​សំអាតមីន​ ជាមួយ​សត្វកណ្ដុរ​ហិតមីន​

ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់កម្ពុជា និង អង្គការអាប៉ូប៉ូ របស់បែលហ្ស៊ិក ចុះអនុស្សារណៈយោគយល់គ្នា  ដើម្បីគាំទ្រលើគម្រោង  សមាហរណកម្មបោសសំអាតមីន ជាមួយសត្វកណ្ដុរហិតមីននៅកម្ពុជា។              

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាCMACលើកឡើងថា ជាលើកទី១ហើយ ដែលអង្គការមួយនេះ បានធ្វើការចុះហត្ថលេខា ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកំចាត់មីនកម្ពុជាដែលទាក់ទងទៅនិងគម្រោង  សមាហរណកម្មបោសសំអាតមីន ជាមួយសត្វកណ្ដុរ ហិតមីននៅកម្ពុជា។  អង្គការប៉ូប៉ូនេះ ជាអង្គការដែលមានជំនាញខាងកណ្ដុរហិតមីន របស់ប្រទេសបែលហ្ស៊ិក និងធ្លាប់ធ្វើការនៅទ្វីបអាហ្រ្វិកក្នុងជំនាញនេះ ព្រមទាំងទទួលបានលទ្ធផលគួរឲ្យកត់សំគាល់។
             
មកដល់ពេលនេះ គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត២លាន៦សែនគ្រាប់ ត្រូវបានកងកម្លាំងបោសសំអាតនិងកំទេចចោល។ ចំពោះផ្ទៃដីស្រែ  ដែលជាចំការមីនវិញ ក៏ត្រូវបានកងកំលាំង ធ្វើការបោសសំអាត បានជិត១០០០ គីឡូម៉ែត្រ។ ផ្ទៃដីចំការមីន  ដែលនៅសេសសល់ ហើយត្រូវស៊ីម៉ាក់កំណត់ហើយនោះ មានជាង១៨០០គីឡូម៉ែត្រក្រឡាទៀត៕