ករណី​មិនព្រម​អនុវត្ត​សាលដីកា នៅខណ្ឌ​ដូនពេញ ស្ត្រីម្នាក់​យកសាំង​ដុតផ្ទះ ឆាបឆេះខ្លួន តុលាការ​ឃុំខ្លួន បងប្អូនបង្កើត​ពីរនាក់​

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃ សាលាដំបូង រាជធានីភ្នំពេញ លោក សេង លាង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួនបងប្អូនបង្កើតពីរនាក់ ដាក់ពន្ធនាគារ បណ្តោអាសន្ន ក្រោមបទចោទប្រកាន់ពីបទល្មើស ពាក់ព័ន្ធ និងករណីភាគីចាញ់ក្ដីមិនព្រមអនុវត្ត តាមសាលដីកាតុលាការ កំពូលប្រគល់ផ្ទះទៅ ឲ្យភាគីឈ្នះក្ដី រហូតឈានដល់ ការយកប្រេងសាំង ចាក់លើសម្រកកង់ឡាន បង្កជាអគ្គិភ័យ ឆាបឆេះខ្លួនឯងផងនោះ។

មន្ត្រីតុលាការបានថ្លែងថា បងប្អូនស្រីពីរនាក់ ដែលត្រូវតុលាការសម្រេចឃុំខ្លួននេះ ទី១.ឈ្មោះ ស៊ឹង សូណេ និងទី២.ឈ្មោះ សឹង សំណាង ត្រូវបានចោទប្រកាន់ពី បទប្រឆាំងអ្នករាជការ សាធារណៈ និង បទ ធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ ទោសដោយសារការប្រើប្រាស់ វិធីគ្រោះថ្នាក់ដល់បុគ្គល តាមមាត្រា៤១៣ និង មាត្រា៥០៣នៃក្រមព្រហ្មទណ្ឌ ។

បើតាមមន្ត្រីតុលាការ បទល្មើសទាំងពីរនេះ ត្រូវបានកំណត់ការផ្តន្ទាទោស ពី ២ឆ្នាំ១ខែ ទៅ ៥ឆ្នាំ៣ខែ និងពិន័យពី ៤លាន១សែនរៀល ទៅ ១០លាន៣សែនរៀល ។

គួររំលឹកថា គណៈកម្មការចម្រុះសាលាខណ្ឌដូនពេញ ដឹកនាំលោកអភិបាលរង សុខ ពេញវុធ ក្រោមការសម្របសម្រួលតាមផ្លូវច្បាប់ ពីលោកស្រី ស៊ី  វណ្ណី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះអនុវត្តសាលដីកា ស្ថាពររដ្ឋប្បវេណី របស់តុលាការកំពូល លេខ៤៤ ចុះថ្ងៃទី១ ខែ កុម្ភៈឆ្នាំ២០០៧ ប្រគល់ដីឡូតិ៍ និងផ្ទះលេខ៩៧B ផ្លូវ១០៨ ក្រុមទី១៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ទៅឲ្យភាគីឈ្នះក្ដីឈ្មោះ សឹុម ឡង គ្រប់គ្រងជាម្ចាស់ កម្មសិទ្ធិ ដោយមាន អ្នកស្រី ទី គឹមស្រ៊ាន ជាមេធាវី ដោយអាណត្តិ ធ្វើជាតំណាង។  ប៉ុន្ដែភាគីចាញ់ក្ដីមិនព្រមអនុវត្តតាមការអនុវត្តនេះទេ ពោលគឺបានយកប្រេងសាំង ចាក់លើសម្រកកង់ឡាន បង្កជាអគ្គិភ័យ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។  ក្រោយហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍បាញ់ពន្លត់ ដែលក្នុងនោះមានស្ត្រីម្នាក់ ជាភាគីចាញ់ក្ដី រងរបួសធ្ងន់ផងដែរ ៕