មន្ត្រីយោធា​សម្លាប់​ប្រពន្ធ ដុត​ក្នុង​ពាង ផ្តើមចេញ​ពីរឿង​ប្រចណ្ឌ សារភាព​កំហុស​ នៅចំពោះ​មុខ ​តុលាការ​

ភ្នំពេញ៖ អតីតមន្ត្រីយោធាម្នាក់ ដែលបាន បានសារភាពកំហុស នៅចំពោះមុខតុលាការ ដោយអះអាងថា មូលហេតុនៃអំពើឃាតកម្ម ដ៏សាហាវនេះ គឺផ្តើមឡើងព្រោះតែ ភ្លើងប្រចណ្ឌប្រពន្ធ លួចមានប្រុសសាហាយ។

លោក សុង ទូច វ័យ៤៨ឆ្នាំ ជាអតីតមន្រ្តីយោធា ដែលរងការចោទប្រកាន់ ពីបទឃាតកម្ម មានស្ថានទម្ងន់ទោស ដោយសារអំពើ ឃោរឃៅ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ អាចប្រឈមមុខ នឹងការជាប់ពន្ធនាគារអស់មួយជីវិត។ ក្នុងសវនាការ នៅចំពោះមុខប្រធាន ក្រុមប្រឹក្សាជំនុំជម្រះនៃ សាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម ឆែ វីរៈ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ជនជាប់ចោទ សុង ទូច បានឆ្លើយសារភាពថា មូលហេតុនៃការរៀបចំគម្រោងសម្លាប់ប្រពន្ធខ្លួន រួចដុតចោលក្នុងពាងនេះ ព្រោះតែប្រចណ្ឌនឹងប្រពន្ធ ដែលលួចមានប្រុសថ្មី ទើបទ្រំាមិនបាន។

គួររំលឹកថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ សពស្ត្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ មនុស្សម្នាក់ ត្រូវបានគេសម្លាប់ និងដុតក្នុងពាង ស្ថិតនៅផ្ទះលេខ២៤៧ ផ្លូវលំ ភូមិប៉ាយាប ក្រុម១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លោកស្រី លី សុខហេង អាយុ៥១ឆ្នាំ ជាអ្នករស់នៅក្បែរ ផ្ទះជនរងគ្រោះបានឲ្យដឹងថា ឈ្មោះ សុង ទូច និងប្រពន្ធ តែងតែមានការឈ្លោះប្រកែកគ្នា នៅក្នុងគ្រួសារ ដោយសារតែលោក សុង ទូច ប្រចណ្ឌនឹងប្រពន្ធរបស់គាត់ ស្ទើររាល់ថ្ងៃ។

អ្នកស្រី លី សុខហេង បានបន្ថែមថា នៅយប់កើតហេតុ ម៉ោងប្រមាណ ២៣៖៣០នាទី ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្នុងផ្ទះ ប៉ុន្តែអ្នកជិតខាង មិនបានទៅមើលទេ ពីព្រោះគិតថា ប្ដីប្រពន្ធនេះតែងតែឈ្លោះគ្នាបែបនេះ ម៉ោងក្រោយមក អ្នកភូមិបានឃើញ លោក សុង ទូច ចាកចេញពីផ្ទះ ហើយមុនពេលចេញពីផ្ទះ លោក សុង ទូច បាននិយាយប្រាប់អ្នកជិតខាងថា បានសម្លាប់ប្រពន្ធហើយ តែអ្នកជិតខាងមិនជឿនោះទេ ដោយគិតថា គាត់និយាយលេង។ លុះព្រឹកឡើង ក៏ឃើញសពស្ត្រីរងគ្រោះ ត្រូវគេសម្លាប់ ហើយដុតក្នុងពាងធំ ដោយនៅសល់តែឆ្អឹងប៉ុន្មានបំណែកប៉ុណ្ណោះ។

ជនជាប់ចោទ សុង ទូច បានសារភាពថា រូបគេមានទំនាក់ទំនង ស្នេហានិងស្រ្តីរងគ្រោះ ដែលជាស្រ្តីមេម៉ាយកូនបី ឈ្មោះ ទឹម សោភា ហៅក្រញ៉ាញ់ អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកគួកចេដី កាលពីឆ្នាំ២០១២ តែចំណងស្នេហា រវាងបុរសពោះម៉ាយកូន២ និងស្រ្តីមេម៉ាយកូន៣នេះ រយៈពេល៣ឆ្នាំកន្លងទៅនេះ មានតែភាពល្វីងជូរចត់ ជាងភាពផ្អែមល្ហែម។

លោក សុង ទូច បានបញ្ជាក់ថា រូបគាត់ និងភរិយាតែងតែឈ្លោះប្រកែកគ្នា ជាញឹកញាប់ ដោយចោទភរិយាលួចមានសាហាយជាមួយប្រុសថ្មី ដែលជាអ្នកគួកជេដីដូចគ្នា ទើបកើតមានចិត្តប្រច័ណ្ឌជាខ្លាំង រហូតដល់រៀបចំផែនការសម្លាប់ប្រពន្ធចោល តែម្តង។ លោកថា នៅចន្លោះម៉ោង ១០ និង១១ យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលភរិយាកំពុងដេកលង់លក់ នៅលើគ្រែក្នុងបន្ទប់ គាត់បានយកពូថៅ ដែលត្រៀមទុកជាស្រេច វាយនឹងខ្នង ចំសៀតផ្កាម្ខាងៗ ៣ទៅ៤ពូថៅ។ ដោយខ្លាចភរិយាមិនទាន់ស្លាប់ ក៏កាប់បន្ថែមចំបំពង់ក ៣ទៅ៤ពូថៅទៀត រួចហើយ ក៏លើកសពចុះមកក្រោមផ្ទះ យកដាក់ចូលក្នុងពាង ហើយទិញសាំងចំនួន ២០លីត្រមកចាក់ដុត។ បន្ទាប់ពីចាក់សាំងដុតសាកសព ឆេះមិនទាន់អស់នោះ គាត់ក៏ចាក់សាំង នៅសល់ក្នុងពីដុងនោះបន្ថែមទៀត ក៏ត្រូវខ្ទាតសាំងឆាបឆេះមុខ និង ដៃខ្លួនឯង។

ក្រោយពេលធ្វើសកម្មភាព លោក សុង ទូច បានយកលុយចំនួន ៦០០ដុល្លារ ជញ្ជៀនពេជ្រ ១វង់ និងម៉ូតូម៉ាកគុបជ្រុង ១គ្រឿង ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ រត់គេចខ្លួនទៅដេកនៅផ្ទះសំណាក់ ម្តុំទំនប់ទួលគោក មួយយប់ជាមួយស្រី ហើយត្រូវបានស្រ្តីនោះលួចលុយអស់។ លុះម៉ោង ១០៖៣០នាទី ថៃ្ងទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏បន្តជិះម៉ូតូចេញពីផ្ទះសំណាក់ សំដៅមកខេត្តកំពង់ស្ពឺ ហើយបានយកម៉ូតូមកផ្ញើមិត្តភក្តិ និងស្នាក់នៅ ១យប់។ នៅថ្ងៃទី១៤ ក៏បន្តជិះរថយន្តឈ្នួល ទៅលាក់ខ្លួននៅផ្ទះមិត្តភក្តិម្នាក់ទៀត មានមុខរបរជាអ្នកនេសាទ នៅទំនប់រលក ខេត្តព្រះសីហនុ បន្ទាប់ពីស្នាក់នៅបានមួយយប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏ត្រូវបានអាវុធហត្ថចាប់ឃាត់ខ្លួនតែម្តង ៕

មន្ត្រីយោធា​សម្លាប់​ប្រពន្ធ ដុត​ក្នុង​ពាង ផ្តើមចេញ​ពីរឿង​ប្រចណ្ឌ សារភាព​កំហុស​ នៅចំពោះ​មុខ ​តុលាការ​
មន្ត្រីយោធា​សម្លាប់​ប្រពន្ធ ដុត​ក្នុង​ពាង ផ្តើមចេញ​ពីរឿង​ប្រចណ្ឌ សារភាព​កំហុស​ នៅចំពោះ​មុខ ​តុលាការ​
មន្ត្រីយោធា​សម្លាប់​ប្រពន្ធ ដុត​ក្នុង​ពាង ផ្តើមចេញ​ពីរឿង​ប្រចណ្ឌ សារភាព​កំហុស​ នៅចំពោះ​មុខ ​តុលាការ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត