សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ទទួល​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​សែន​សុខ​

ភ្នំពេញ: ​ប្រជាពលរដ្ឋ​ចំនួន​២៥៦១ នាក់ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន សុខ  នៅ​ព្រឹក ថ្ងៃទី​១៣ខែ កុម្ភ​: ឆ្នាំ​២០១៦​បានទទួល​​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ពី​សំណាក់​សមាគម​គ្រូពេទ្យស្ម័គ្រ ចិត្ត​យុវជន​សម្តេច​តេ​ជោ ដែល​សកម្ម​មនុស្សធម៌​នេះ ដឹកនាំ​ដោយ
លោក បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេច​តេ​ជោ​និង​ក៏មាន​ការអញ្ជើញ​ចូល​​រួម​សំណាក់ លោក ម៉មប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល អជ្ញាធរ យុវជន សប្បុរសជន​និង ប្រជាពលរដ្ឋជាច្រើន​នាក់​ផងដែរ​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា តាម​ការណែនាំ​របស់​ស​ម្តេច តេជោ ហ៊ុន សែន​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន គឺ​ស្នើអោយ​សមាគមនេះ ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃនៅតាម​ទីជនបទ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​សកម្មភាព​នេះ ស្តែង​ចេញពីទឹកចិត្ត និង​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ ចំពោះ​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថា សកម្មភាព​មនុស្សធម៌​នេះ គឺជា​ការ​បំផុសស្មារតី នៃ​ការចូលរួម​ពី​ផ្នែកផ្សេងៗ ដូចជា​អជ្ញាធរ អង្គការ​សប្បុរសជន យុវជន និង​ផ្នែក​ដែល​ពាក់ព័ន្ធដទៃទៀត នៅក្នុង​ការងារ​សង្គម​។​

​ក្នុងនោះដែរ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ ដល់​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ ចិត្ត​ដើម្បី​ព្យាបាល​ប្រជាពលរដ្ឋពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល ថ្លែងអំណរគុណ ក្រុមការងារ​សមាគមគ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ និង​ផ្នែក​ផ្សេងៗ​​ដែល​បាន​ចុះ​ពិនិត្យនិង​ព្យាបាល​ជំងឺ​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​សង្កាត់​ឃ្មួញ​ខណ្ឌសែន​សុខ​ប្រកបដោយ​ស្មារតី​ស្មោះស្ម័គ្រ​ចំពោះ​ប្រជាពលរដ្ឋ​។​

​ដោយ​ប្រជាពលរដ្ឋ​ដែល​បាន​ទទួលបាន​ពិនិត្យ​និង​ព្យាបាល បានបង្ហាញ​អារម្មណ៍សប្បាយរីករាយ និង​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច តេ​ជោ ហ៊ុន សែននិង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បានអោយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជនសម្តេច​តេ​ជោ​ធ្វើ​សកម្មភាព មនុស្សធម៌​ដ៍​​ល្អ​ប្រពៃ​និង​មាន​តំលៃ​សម្រាប់​សង្គមនេះ​៕R​