ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​-​ស្រុក​កំពុង​ដុតដៃដុតជើង លើ​វិធាន​ការណ៍​ដ៏​ក្តៅ​គគុក​មួយ ក្នុង​ប្រ​តិ​បត្ត​ការ​ស្រាវជ្រាវ​លើ​មុខសញ្ញា​ក្រុម​ចោរ​ប្រដាប់​អាវុធ​៤​នាក់ ដែល​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ តែ​មិន​បាន​សម្រេច និង​បាន​បាញ់​តដៃ​គ្នា​ជាមួយ​នគរបាល បណ្តាល​ឱ្យ​រង​របួស​ដៃជើង​២​នាក់ ។

អំពើ​ប្លន់​ប្រដាប់​អាវុធ​នេះ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ លើ​គ្រួសារ​អ្នក​រកស៊ី​ចង់ការ​ប្រាក់​មួយ នៅ​ក្នុងភូមិ​អូ​តា​ញាន ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បង្ក​ឡើង​ដោយ​ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​៤​នាក់ មាន​កាំភ្លើង​វែង​-​ខ្លី ។ ស្ត្រី​រង​គ្រោះ​២​នាក់​ម្តាយ​-​កូន ដែល​រង​គ្រោះ​មានឈ្មោះ​ប៉ិ ភៀន អាយុ​៦៥​ឆ្នាំ (​ម្តាយ​) រង​របួស​បែកក្បាល និង​វាយ​ភ្ជង់​ស្ត្រី​ជា​កូន​ឈ្មោះ ង៉ូ​វ ស្រី​ពៅ អាយុ​៣៥​ឆ្នាំ ត្រូវ​រង​របួស​លើ​ដងខ្លួន ។ ចំណែក​នគរបាល​២​រូប ដែល​រង​នូវ​ការ​បាញ់​របួស​មានឈ្មោះ​អ៊ុ​ច សុ​ផា​ណា ជា​អនុសេនីយ៍ទោ មាន​តួនាទី​ជា​នាយ​ផ្នែក​បច្ចេកទេស​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស្នួល (​របួស​ភ្លៅ​ឆ្វេង​) និង​ម្នាក់​ទៀត​ឈ្មោះ​ឆៃ លាង ជា​មន្ត្រី​ផ្នែក​សន្តិសុខ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស្នួល របួស​កំ​ផួ​ន​ដៃ​ឆ្វេង ។

លោក​អធិការ​បាន​បញ្ជាក់​ថា ពេលដែល​ក្រុម​ចោរកំពុង​វាយ​កម្ទេច​ទូដែក​នៅ​ក្នុងផ្ទះ ​ខណៈនោះ​​ប្តី​របស់​ស្ត្រី​រង​គ្រោះ​ បាន​មក​ដល់​​ផ្ទះ ក៏​ឃើញសភាព​មិន​ស្រួលបាន​រាយការណ៍​ មក​កម្លាំង​នគរបាល ហើយ​កម្លាំងបាន​​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ក៏​ត្រូវ​ក្រុម​ចោរ​​បាញ់​រះ​មក​លើ​នគរបាល ​ដើម្បី​រំដោះខ្លួន​ ។

ទោះជា​យ៉ាងណា ក្នុង​សកម្មភាព​ចូល​ប្លន់​របស់​ក្រុម​ចោរ គឺ​ធ្វើ​ឡើង​មិន​បាន​សម្រេច​ទេ ខណៈ​ដែល​កងកម្លាំង​ល្បាត​របស់​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ស្នួល និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​អន្តរាគមន៍​ទាន់​ពេល ទើប​ឈាន​ដល់​ការ​បាញ់​តដៃ​គ្នា ដើម្បី រំដោះខ្លួន​របស់​ក្រុម​ចោរ ក៏​បណ្តាល​ឱ្យ​កម្លាំង​នគរបាល​២​នាក់ រង​របួស​ធ្ងន់ធ្ងរ និង​គ្រួសារ​ម្ចាស់ផ្ទះ​ម្តាយ និង​កូន ក៏​រង​របួស ។

នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថាន​ការ​ដល់ទី​តាំង​ផ្ទះ​កើតហេតុ​។