ឪពុកម្តាយ​ច្បាស់​ជា​សប្បាយចិត្ត Valentine’s Day ចំ​ថ្ងៃអាទិត្យ កូនៗអត់​រៀន

ដំណឹង​ល្អ! ដំណឹង​ល្អ! លោកឪពុក-អ្នក​ម្តាយ​ទាំងឡាយ សូមកុំ​មានការ​ព្រួយបារម្ភ​ចំពោះ​កូន​ឲ្យ​សោះ។ ទិវា​នៃ​ក្តី​ស្រឡាញ់ (Valentine’s Day) នឹង​ប្រារព្ធ​នៅ​ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ​នេះ ពោលគឺ​ថ្ងៃ​ដែល​សិស្ស​ត្រូវ​សម្រាក ដូច្នេះកូនៗ នឹងមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​លោក-អ្នក ជាពិសេសកូនៗដែល​តែងតែ​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​បរទេស។

ថ្ងៃទី១៤ កុម្ភៈ ឬ​ទិវា​នៃ​ក្តី​ស្រឡាញ់ (Valentine’s Day ជា​ភាសា​អង់គ្លេស ឬ Saint-Valentin ជា​ភាសា​បារាំង) បានចាប់ផ្តើម​ឡើង​ពី​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប ពោលគឺ​នៅក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ហើយ​បន្ត​រាលដាល​ពាសពេញ​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ។

កន្លងមក ឪពុកម្តាយ​មានការ​ព្រួយ​យ៉ាងខ្លាំង​ចំពោះកូនៗ ជាពិសេស​ការ​ប្រារព្ធ​ទិវា​លោកខាងលិច​មួយ​នេះ នៅ​ចំ​ថ្ងៃ​ដែល​សាលា​បើកទ្វារ ដូច្នេះ ពួកគាត់​មានការ​ពិបាក​ក្នុងការ​គ្រប់គ្រងកូនៗ ពីព្រោះ​យុវជន​ដ៏​ភ្លើតភ្លើន​មួយចំនួន បាន​កែប្រែ​និយមន័យ​ដើម​នៃ Valentine’s Day ទៅ​បុណ្យ​សង្សារ។

«បុណ្យ​សង្សារ»? មានន័យថា «សង្សារ​ស្លាប់»?។ ទេ​មិនមែន​ទេ។ ពាក្យ​ថា «បុណ្យ​សង្សារ» នេះ គឺ​ក្នុងន័យ​ដែល​យុវវ័យ​មួយចំនួន​គិតថា ជា​ថ្ងៃ​ដែល​ត្រូវ​បង្ហាញ​ភាព​ស្មោះ ឬ​ស្នេហ៍​ពិត តាមរយៈ​ជូន​ផ្កាកូឡាប ឬ​វត្ថុ​អនុស្សាវរីយ៍ផ្សេងៗ ហើយ​អ្វីដែល​ជ្រុល​ហួសហេតុ​ថែមទៀត​នោះ គឺ​យុវតី​ខ្លះ ហ៊ាន​សម្ពោធ​ព្រហ្មចារី​របស់ខ្លួន​ដើម្បី​បង្ហាញ​ភាព​ស្មោះ ដោយ​មិនចាំបាច់​រង់ចាំ​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ។

«បុរាណ​មិនយឺត ទំនើប​មិន​បរទេស» ជា​ទស្សនាទាន​មួយ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​ពង្រឹង​គ្រឹះ​វប្បធម៌​ខ្មែរ។ ពិតណាស់ យើង​មិនអាច​ហាមឃាត់​ការ​ជ្រៀតចូល​វប្បធម៌​បរទេស​បាន​នោះឡើយ ប៉ុន្តែ​ការ​ប្រារព្ធ​ដែល​មិន​គិតគូ​ពី​គុណ​តម្លៃ​ជាតិ នឹងមាន​ផលប៉ះពាល់​ជា​អវិជ្ជមាន។ ទិវា​មាតា ទិវា​បិតា ជាដើម​នោះ ក៏​ជះឥទ្ធិពល​ពី​បរទេស​ផងដែរ ប៉ុន្តែ​វា​បាន​នូវ​ប្រយោជន៍​ជាច្រើន​ទាក់ទង​តម្លៃ​នៃ​គុណធម៌ ការដឹងគុណ។

មិនជា​បញ្ហា​ឡើយ​សម្រាប់​យុវជន​មួយចំនួន ដែល​ចាត់ទុក​ថ្ងៃ «Valentine’s Day» ជា​ថ្ងៃ​ធម្មតា ប៉ុន្តែ​សម្រាប់​យុវជន​ដែល​គិតថា ថ្ងៃនេះ​ជា​ថ្ងៃ​សំខាន់​ដើម្បី​បង្ហាញ​នូវ​ក្តី​ស្រឡាញ់ ពេលវេលា​បាន​មកដល់​ហើយពី​ព្រោះ​ថ្ងៃអាទិត្យ គឺជា​ថ្ងៃ​សម្រាក​ពី​ការសិក្សា ដូច្នេះ វា​ជា​ឱកាស​សម្រាប់កូនៗធ្វើ​ទង្វើ​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ឪពុកម្តាយ បងប្អូន។

ទោះបីជា​យ៉ាងណាក៏ដោយ សិទ្ធិ​យុវវ័យ​ក៏​មិនគួរ​ត្រូវ​បិទ​ទាំងស្រុង​នោះដែរ។ កន្លងមក ខណៈ​យុវជន​មួយចំនួន​ប្រារព្ធ Valentine’s Day ដោយ​គ្មាន​ការពិចារណា យុវជន​មួយចំនួនទៀត​យក​ថ្ងៃនេះ​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ទូទៅ​តាមរយៈ​សក​ម្ម​ភាព​សប្បុរស ទាំង​ផ្នែក​កីឡា សិល្បៈ ឬ​ការបរិច្ចាគ​ឈាម ជាដើម។

ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សុទ្ធតែ​បាន​ក្រើនរំលឹក​ដល់​យុវវ័យ​កុំ​ឲ្យ​មានការ​ភ្លើតភ្លើន​ហួសហេតុ។ អបអរសាទរ​ចំពោះ​យុវជន​មួយចំនួន​ដែល​យល់ច្បាស់​ពី​ទិវា​នេះ ប៉ុន្តែ​លោកឪពុក-អ្នក​ម្តាយ​សូមកុំ​ភ្លេច​ទូរ​សព្ទរកកូនៗផងដែរ ប្រសិនបើ​ពូកគេ​ចេញពីផ្ទះ​យូរ​ម៉ោង ដើម្បី​ពួកគេ​លង់​ហើយ​ភ្លេចខ្លួន​ថា ១៤កុម្ភៈ ជា​ទិវា​នៃ​ក្តី​ស្រឡាញ់ មិនមែន ថ្ងៃបុណ្យ​សង្សារ​នោះឡើយ។

ព្រឹទ្ធ​ចា​រ្យ មៀ​ច ប៉ុណ្ណ អ្នកជំនាញ​ស្រាវជ្រាវ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដែល​បានទទួល​មរណភាព​កាលពី​ឆ្នាំ២០១២ នោះ ធ្លាប់បាន​បង្ហាញ​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​យុវជន​មួយចំនួន​ទាក់ទង​នឹង​ការ​ប្រារព្ធ​ប្រពៃណី​បរទេសមួយ​នេះ។ លោក​បានចាត់ទុក Valentine's Day ថា ជា «ប្រពៃណី​ប្រហារ»។

សម្រាប់ «Valentine’s Day» ឆ្នាំនេះ សង្ឃឹមថា អ្វីៗនឹងមាន​ការប្រែប្រួល​ជា​វិជ្ជមាន ហើយ​ជឿជាក់​សណ្ឋាគារ-ផ្ទះសំណាក់ ច្បាស់​ជា​មិនសូវមាន​ភ្ញៀវ​ជា​យុវវ័យ​ដែល​សម្រាក​ត្រឹមតែ១៥នាទី ១ម៉ោង ២ម៉ោង ឬ៣ម៉ោង ដូចឆ្នាំមុនៗនោះឡើយ៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​