ពលរដ្ឋ​៤២​គ្រួសារ​នៅ​ស្រុក​ថាឡាបរិវ៉ាត់​ចោទ​អ្នក​មាន​ប្រាក់​រំលោភ​ដី​អាស្រ័យ​ផល

ពលរដ្ឋ​ជាង ៤០​គ្រួសារ រស់​នៅ​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចោទ​ថា អ្នក​មាន​ប្រាក់​មាន​អំណាច​ម្នាក់​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់ ឈ្មោះ មាស មិត្ត បាន​លក់​ដីធ្លី​ដែល​ជួល​អោយ​ពួកគាត់​អាស្រ័យ​ផល​ទៅ​ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៀត ដោយ​បំពាន​កិច្ចសន្យា។

​ពលរដ្ឋ ៤២​គ្រួសារ រស់​នៅ​ភូមិ​វាលដេញ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន បន្ទាប់​ពី​អ្នក​មាន​ប្រាក់ មាន​អំណាច​ម្នាក់​ជា​អតីត​ម្ចាស់​កំពង់​ចម្លង​ថាឡាបរិវ៉ាត់ ឈ្មោះ មាស មិត្ត រំលោភ​យក​ដី​ពួកគាត់​កំពុង​អាស្រ័យ​ផល​លក់​ឲ្យ​អ្នកភូមិ​ផ្សេង​ទៀត។

តំណាង​ពលរដ្ឋ លោក ឈឿន សុភា រៀបរាប់​ថា  កាល​ពី​ឆ្នាំ​២០១៣ លោក មាស មិត្ត បាន​ជួល​ពួកគាត់ ៤២​គ្រួសារ ឲ្យ​សំអាត​ដី ៨៤០​ហិកតារ ឋិត​នៅ​តំបន់​វាលដេញ ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថាឡាបរិវ៉ាត់ ដោយ​ក្នុង​មួយ​ហិកតារ តម្លៃ ៣៥​ម៉ឺន​រៀល  និង​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល​រយៈពេល ៣​ឆ្នាំ។ លោក​ថា ពលរដ្ឋ​អាស្រ័យផល​ទើប​តែ​បាន​ពីរ​ឆ្នាំ លោក មាស មិត្ត បាន​លក់​ដី​ទាំង​នោះ ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៀត៖ «ទង្វើ​របស់​លោក មាស មិត្ត គឺ​គាត់​កំពុង​បោកប្រាស់​ប្រជាជន ៤២​គ្រួសារ​ឲ្យ​សំអាត​ដី​នោះ​ឲ្យ​វាល ដើម្បី​គាត់​យក​ដី​លក់។ សម្រាប់​នៅ​តំបន់​មូលដ្ឋាន​នេះ​លោក មាស មិត្ត គាត់​មាន​ឥទ្ធិពល​គ្មាន​អ្នក​ណា​ធ្វើ​អី​គាត់​បាន​ទេ ព្រោះ​គាត់​គំរាម​កំហែង​គ្រប់​រូបភាព​ទាំង​អស់»

អ្នក​ភូមិ​ម្នាក់​ទៀត លោកស្រី គី សាគុណ ត្អូញត្អែរ​ថា ពលរដ្ឋ ៤២​គ្រួសារ កំពុង​ជំពាក់​បំណុល​ធនាគារ បន្ទាប់ពី​ពួកគាត់​បាន​ខ្ចី​ប្រាក់​មក​ដាំ​ដំណាំ​កសិកម្ម៖ «ខ្ញុំ​ខ្វះ​មុខ​ខ្វះ​ក្រោយ តា មិត្ត (មាស មិត្ត) ដក​ដី​មាន​តែ​ខ្ញុំ​លក់​ដី​ផ្ទះ​ចេញ បាន​ខ្ញុំ​បង់​អង្គការ​ដាច់។ តែ​ខ្វះ​អង្គការ ហើយ​អង្គការ​គេ​មិន​មែន​ចាំ​យើង​ទេ។ បើ​ខ្ញុំ​ថា និយាយ​ថា ដី​គាត់ គាត់​ដេញ​ខ្ញុំ​ចេញ គាត់​ចាប់​ខ្ញុំ​ដាក់​គុក​ទៀត»

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ ពលរដ្ឋ ៤២​គ្រួសារ រស់​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ និង​មួយ​ចំនួន​មក​ពី​ខែត្រ​ផ្សេង បាន​មក​សំអាត​ដី​ចំនួន ៨៤០​ហិកតារ ឋិត​នៅ​ចំណុច​ភ្នំ​ម្លូ ភូមិ​វាលដេញ ឃុំ​អន្លង់ជ្រៃ ទៅ​ឲ្យ​ឈ្មោះ  មាស មិត្ត ជា​អតីត​ម្ចាស់​កំពង់​ចម្លង​ថាឡាបរិវ៉ាត់ ក្នុង ១​ហិកតារ ៣៥​ម៉ឺន​រៀល និង​អាស្រ័យ​ផល​រយៈពេល ៣​ឆ្នាំ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​ពលរដ្ឋ​បាន​សំអាត​ដី​បាន​ជាង ២០០​ហិកតារ​ក្នុង​នោះ​មួយ​ផ្នែក​បាន​ដាំ​ដំណាំ​ដំឡូងមី។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អតីត​ម្ចាស់​កំពង់​ចម្លង​ថាឡាបរិវ៉ាត់ លោក មាស មិត្ត ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

​ចំណែក​លោក​មេ​ភូមិ​វាលដេញ លោក យស់ ម៉ៅ ទទួល​ស្គាល់​លោក​ មាស មិត្ត ពិត​ជា​មាន​ដី​នៅ​តំបន់​នោះ​មែន ប៉ុន្តែ​មាន​មិន​ដល់​រាប់​រយ​ហិកតារ​នោះ​ទេ៖ «គាត់​ជួល​ឲ្យ​ធ្វើ​ប៉ុន្មាន​ឆ្នាំៗ»

​អ្នក​ភូមិ​អះអាង​ថា ព្រៃ​នៅ​តំបន់​ភ្នំ​ម្លូ ឋិត​នៅ​ភូមិ​វាលដេញ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ គឺ​ជា​ផ្នែក​មួយ​នៃ​ព្រៃឡង់ កាល​ពី ៣​ឆ្នាំ​មុន​សំបូរ​ដោយ​ព្រៃស្រោង ឬ​ព្រៃ​ក្រាស និង​ជា​ជម្រក​សត្វ​កម្រ​ដូចជា​ខ្ទីង និង​ប្រើស​ជាដើម។ ចាប់​តាំង​ពី​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន អ្នក​មាន​អំណាច​មួយ​ចំនួន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ជួល​កម្មករ​កាប់​រាន​ដើម្បី​យក​ដី​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ឯកជន​អស់​រាប់ពាន់​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។