លោក បាន គី​មូ​ន ថ្កោលទោស​ការវាយប្រហា​រ​មូលដ្ឋាន​កងកម្លាំង​UN នៅ​ម៉ាលី​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​លើ​មូលដ្ឋាន​កងកម្លាំង​រក្សា​សន្តិភាព MINUSMA ដែល​កំពុងតែ​ប្រតិបត្តិការ​ក្នុង​ទីក្រុង Kidal នៅ​ម៉ាលី​។ លោក​បានចាត់ទុក​ការវាយប្រហារ​ដែល​បានសម្លាប់​កងកម្លាំងរ​ក្សា​សន្តិភាព​៥​នាក់ ជា​អំពើ​ដែល​មិនអាច​ទទួលយក​បានទេ​។

​តាមរយៈ​សេចក្ដី​ថ្លែ​ការណ៍​អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បាន​ថ្កោលទោស​ក្រុម​ជ្រុលនិយម​ដែល​បាន​វាយប្រហារ​មកលើ​មូលដ្ឋាន​កងកម្លាំង MINUSMA នៅ​ម៉ាលី​។ ទាហាន​ចំនួន​៥​នាក់​បាត់​បង់ជីវិត និង​ប្រមាណ​៣០​នាក់​ទៀត​រងរបួស​ក្នុងការ​វាយប្រហារ​មួយ​ដែលមាន​ទាំង​ការប្រើ​កាំភ្លើងត្បាល់​និង​រថយន្ត​បំផ្ទុះ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។ មិនទាន់មាន​ក្រុម​ណា​ចេញមក​ទទួលខុសត្រូវ​លើ​សកម្មភាព​បែបនេះ​នៅឡើយ​ទេ​។​

​សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់ថា លោក បាន​គី​មូ​ន ចាត់ទុក​ការវាយប្រហារ​មកលើ​ក​ង​កម្លាំង​រក្សា​សន្តិភាព ជា​អំពើ​ឧក្រិដ្ឋ​ដែល​ត្រូវតែ​ដាក់ទោស​តាមច្បាប់​អន្តរជាតិ​។ លោក​អគ្គលេខាធិការ​ក៏បាន​ស្នើ​ឲ្យ​មានការ​ចាប់ខ្លួន​អ្នក​នៅ​ពីក្រោយ​សកម្មភាព​នេះ​ដើម្បី​កាត់ទោស​ផងដែរ ព្រោះ​ជា​អំពើ​ប្រឆាំង​មនុស្សជាតិ​ដែល​មិនអាច​លើកលែង​ឲ្យ​បាន​។​

​បើតាម​Xinhua លោក បាន​គី​មូ​ន បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ទៀតថា ការវាយប្រហារ​មកលើ​កងកម្លាំង​MINUSMA នៅ​ម៉ាលី នឹងមិន​ធ្វើ​ឲ្យ​ការតាំង​ចិត្ត​របស់​កង​កម្លាំង​រក្សា​សន្តិភាព​ចុះខ្សោយ​នោះទេ​។ អង្គការសហប្រជាជាតិ​នឹង​នៅតែ​បន្ត​គាំទ្រ​ដល់​រដ្ឋាភិបាល​ម៉ាលី ក៏ដូចជា​ភាគី​ទាំងឡាយ​ក្នុង​ដំណើរការ​សន្តិភាព​ដែល​រួមទាំង​ប្រជាជន​ម៉ាលី​ផងដែរ ដើម្បី​សម្រេច​ឲ្យ​បាន​សន្តិភាព​និង​ស្ថិរភាព​យូរអង្វែង​។

​សូម​បញ្ជាក់ដែរថា កងកម្លាំង​រក្សា​សន្តិភាព MINUSMA ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​ជួយ​រដ្ឋាភិបាល​ម៉ាលី​ទប់ទល់​នឹង​ចលាចល​ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១២​។  ជាមួយនឹង​ជំនួយ​ទាំង​កម្លាំង​និង​ថវិកា រដ្ឋាភិបាល​ម៉ាលី​ក៏ដូចជា​ស្ថាប័ន​អន្តរជាតិ​ផ្សេងទៀត​កំពុងតែ​ស្វះស្វែង​រក្សា​ស្ថិរភាព​និង​កសាង​ប្រទេស​ឡើងវិញ ក្រោយ​ការ​អំពើ​រដ្ឋប្រហារ​និង​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម Tuareg​។​

​ការវាយប្រហារ​លើ​មូលដ្ឋាន​UN នៅ​ថ្ងៃ​សុក្រ ជា​សកម្មភាព​វាយប្រហារ​បង្ហូរឈាម​បំផុត​របស់​កងកម្លាំង​សន្តិភាព​នៅ​ម៉ាលី​។ ចាប់​តាំង​បង្កើត​ក្នុង​ឆ្នាំ​២០១៣ មាន​កងកម្លាំង​មួក​ខៀវ​ច្រើនជាង​៤០​នាក់​បាន​បាត់​បង់ជីវិត​ក្នុងការ​វាយប្រហារ​នានា​នៅ​ប្រទេស​អាហ្វ្រិក​មួយ​នេះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​