“ព្រះរាជអាជ្ញា​កំពុង​កសាង​សំណុំ​រឿង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ”

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ថា គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ចាត់​ឲ្យ​ព្រះរាជ​អាជ្ញា​​ប្រចាំ​ខែត្រ​នីមួយៗ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់។

លោក​ថា ព្រះរាជអាជ្ញា​បាន​កំណត់​មុខ​សញ្ញា​លើ​ក្រុមហ៊ុន​មួយ​ចំនួន និង​ឈ្មួញ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់៖ «យើង​កំពុងតែ​កសាង​សំណុំ​រឿង ដូច្នេះ​ព្រះរាជអាជ្ញា​ចោទ​បណ្តើរៗ ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន និង​ជន​មួយ​ចំនួន។ មន្ត្រី​នគរបាល​យុត្តិធម៌​កសាង​សំណុំ​រឿង ហើយ​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​បណ្ដើរ»

​លោក អេង ហ៊ី បន្ត​ថា គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មិន​ទាន់​បង្ហាញ​របាយការណ៍​ស្ដីពី​លទ្ធផល​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ព្រោះ​កំពុង​ស៊ើបអង្កេត​នៅ​ឡើយ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល និយាយ​ថា យន្តការ​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​មិន​ទាន់​រឹបអូស​ឈើ និង​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ បន្ទាប់​ពី​ឈើ​រាប់ពាន់​ម៉ែត្រ​គូប​ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ។ លោក​ថា គណៈកម្មការ​នោះ​ហាក់​ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការ​កំណត់​មុខ​សញ្ញា​ជនល្មើស បន្ទាប់​ពី​ឈ្មួញ​ជនជាតិ​វៀតណាម និង​ឧកញ៉ា​មួយ​ចំនួន​ត្រូវ​បាន​គេ​ស្គាល់​ជា​សាធារណៈ​ក្តី។

នៅ​​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ កងកម្លាំង​ប្រដាប់អាវុធ​ចម្រុះ និង​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​ឈើ​ដែល​សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ជាង​កន្លះ​ខែ​មក​ហើយ របស់​ក្រុមហ៊ុន ទ្រី ភាព បន្ទាប់​ពី​វាស់វែង​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ យាយ ព្រឿង កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។