ប្រមុខ​កាតូលិក​និង​ប្រមុខ​អ័​រ​តូ​ដុក​ជួបគ្នា​លើកដំបូង​ក្នុង​រយៈពេល​ជិត​១​ពាន់​ឆ្នាំ​

​ប្រមុខ​វិហារ​កាតូលិក​និង​ប្រមុខ​វិហារ​អ័​រ​តូ​ដុក​បាន​ជួបគ្នា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ចាប់តាំងពី​និកាយ​ទាំងពីរ​នៃ​គ្រិស្តសាសនា​បាន​បែកបាក់​គ្នា​នៅ​ឆ្នាំ​១០៥៤​មក​។ ប្រមុខ​វិហារ​ទាំងពីរ​បង្ហាញ​ក្ដី​រីករាយ​ចំពោះ​ជំនួប​នេះ និង​បានស្នើ​ឲ្យ​មានការ​រួបរួមគ្នា​រវាង​គ្រិស្ត​សាសនិក​នៅ​ជុំវិញ​ពិភពលោក​។

​ទីបំផុត​! នេះ​ជា​ពាក្យ​ដំបូង​គេ​ដែល​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស (Francis) ប្រមុខ​វិហារ​កាតូលិក ពោល​ទៅកាន់​ប្រមុខ​វិហារ​អ័​រ​តូ​ដុក​សម្ដេច​សង្ឃ ឃី​រី​ល (Kirill) ក្នុងជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រមុខ​វិហារ​ទាំងពីរ​ក្រោយពេល​បែកបាក់​ជិត​១​ពាន់​ឆ្នាំ​មក​។ ក្នុងជំនួប​ដែល​ធ្វើ​នៅ​ទឹកដី​គុយបា ប្រមុខ​វិហារ​ទាំងពីរ​ស្នើ​ឲ្យ​គ្រិស្ត​សាសនិក​ទាំងអស់​រួបរួម​គ្នា ព្រមទាំង​វិធានការ​បន្ទាន់​សម្រាប់​ជួយសង្គ្រោះ​អ្នក​កាន់​គ្រិស្តសាសនា​ដែល​កំពុង​រងគ្រោះ​នៅ​មជ្ឈិមបូព៌ា​។​

​តាមពិតទៅ សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស កំពុងតែ​ហោះហើរ​ទៅកាន់​ម៉ិ​ក​ស៊ិ​ក តែ​ក៏បាន​ស្កាត់​មកជួប​សម្ដេច​សង្ឃ ឃី​រី​ល ដែល​កំពុង​ទស្សនកិច្ច​នៅ​គុយបា​ស្រាប់​។ ជំនួប​រយៈពេល​ជាង​បី​ម៉ោង​នេះ​បានបង្ហាញ​ពី​ជំហាន​រី​ចម្រើន​មួយទៀត​រវាង​និកាយ​ទាំងពីរ​របស់​គ្រិស្តសាសនា​ដែល​បែក​ប្រេះឆា​តាំងពី​ឆ្នាំ​១០៥៤​។ ហើយ​បុរី​វ៉ា​ទី​កង់​ក៏​សង្ឃឹមថា ជំនួប​នេះ​នឹង​ជួយ​ផ្សះផ្សា​របួស​ក្នុង​ទំនាក់ទំនង​រវាង​និកាយ​សាសនា​ទាំងពីរ​។​

​បន្ទាប់ពី​ជំនួប​ដែល​ធ្វើ​នៅ​បន្ទប់​មួយ​ក្នុង​ព្រលានយន្តហោះ​ទីក្រុង​ឡា​ហាវ៉ាន ប្រមុខ​វិហារ​ទាំងពីរ​ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ ដោយបាន​លើកឡើង​ពី​បែកបាក់​ដោយសារ​គំនិត​ខុសគ្នា ក៏ដូចជា​ផលវិបាក​ដែល​និកាយ​ទាំងពីរ​មិន​រួបរួមគ្នា​។ ភាពខុសគ្នា​ខាង​ទ្រឹស្ដី​អប់រំ​សាសនា ការខ្វែងគំនិត​គ្នា​លើ​តំណែង​សម្ដេច​ប៉ាប ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​វិហារ​កាតូលិក​និង​វិហារ​អ័​រ​តូ​ដុក មើលមុខ​គ្នា​មិនត្រូវ​រហូតមក​។

​ក្រៅពី​ស្នើ​ឲ្យ​មានការ​បង្រួបបង្រួម​គ្នា ប្រមុខ​វិហារ​ទាំងពីរ​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​កាន់​គ្រិស្តសាសនា​នៅ​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​ការសម្លាប់​និង​ការរត់​ភៀសខ្លួន​ដោយសារតែ​ការវាយប្រហារ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ មេដឹកនាំ​និកាយ​ទាំងពីរ​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​បន្ទាន់​ដើម្បី​បញ្ឈប់​ការបណ្ដេញ​អ្នក​កាន់សាសនា​គ្រិស្ត​ចេញពី​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​។

​សូម​រម្លឹក​ដែរ​ថា ចាប់តាំងពី​បែកចេញ​ពីគ្នា​ក្នុង​ឆ្នាំ​១០៥៤ វិហារ​កាតូលិក​និង​វិហារ​អ័​រ​តូ​ដុក​តែងតែ​ខ្វែងគំនិត​គ្នា​រហូត ដែលមាន​ទាំង​ការខុស​គ្នា​លើ​គោលការណ៍​អប់រំ​ជាដើម​។ នៅពេល​ថ្មីៗ​នេះ​ទៀត វិហារ​អ័​រ​តូ​ដុក​បាន​ចោទ​វិហារ​កាតូលិក​ថា ព្យាយាម​ឲ្យ​ប្រទេស​អតីត​សូ​វៀត​លែង​ជឿ​ខ្លួន​ទៀតផង​។ កត្តា​ទាំងនេះហើយ​ដែល​នាំ​ឲ្យ​មានការ​អាក់ខាន​ជំនួប​រវាង​ប្រមុខ​វិហារ​ទាំងពីរ​អស់​រយៈពេល​ជិត​១​ពាន់​ឆ្នាំ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​