បក្ស​ប្រឆាំង​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​ការពារ​សន្តិសុខ​ជូន​អ្នក​តំណាងរាស្ត្រ

គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជា​ផ្លូវ​ការ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​អ្នក​តំណាងរាស្ត្រ ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​របស់​គណបក្ស។ ការ​ដាក់​លិខិត​នេះ បន្ទាប់​ពី​លោក កឹម សុខា ទម្លាយ​ព័ត៌មាន​ប្រាប់​សាធារណជន​ថា លោក​រង​ការ​គំរាមកំហែង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់ ប៉ុន្តែ​លោក​មិន​បាន​តប​ត​រឿង​នេះ​ដោយ​ហិង្សា ឬ​បាតុកម្ម​ដើម្បី​វាយ​បក​វិញ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង់ចាំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​មហាផ្ទៃ ចំពោះ​ការ​ស្នើ​ឲ្យ​ក្រសួង​ចាត់​ឲ្យ​មាន​កងកម្លាំង​ការពារ​មន្ត្រី​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា គណបក្ស​បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ដើម្បី​ស្នើ​ឲ្យ​ចាត់​វិធានការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​អ្នក​តំណាងរាស្ត្រ។ លោក​សង្ឃឹម​ថា ក្រសួង​នឹង​ពិចារណា​ចំពោះ​ការ​ស្នើ​សុំ​នេះ៖ «រាល់​ពេល​ដែល​មាន​ករណី​ចាំបាច់​ដូច​ជា​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ បន្ទាប់​មក​ទៀត​មាន​ការ​គំរាមកំហែង ដូច្នេះ​ទៅ​តាម​ករណី​ចាំបាច់​ឯកឧត្ដម​ប្រធាន​ស្ដីទី​លោក​យល់​ឃើញ​ថា គួរ​ឲ្យ​មាន​ការ​ការពារ​ឲ្យ​បាន​ពេញលេញ»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ថា លោក​រង​ការ​គំរាមកំហែង​រាល់​ថ្ងៃ ប៉ុន្តែ​លោក​មិន​ប្រាប់​ថា អ្នក​ណា​ដែល​ជា​អ្នក​គំរាមកំហែង​លោក​នោះ​ទេ។ លោក កឹម សុខា អះអាង​ថា លោក​នៅ​តែ​បន្ត​អត់ធ្មត់ ដើម្បី​ដណ្ដើម​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ។ លោក កឹម សុខា ថា​ ការ​គំរាមកំហែង​ភាគ​ច្រើន​កើត​ចេញពី​ហ្វេសប៊ុក។

កាលពី​ពេល​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នឹង​មាន​បាតុកម្ម​ប្រឆាំង​បាតុកម្ម ខណៈ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ថា​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​បំភ្លឺ​ចំពោះ​ការ​ស្នើ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។ ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី ថា ក្រសួង​មហាផ្ទៃ មាន​កង​កម្លាំង​ពិសេស​តាម​ការពារ​មន្ត្រី​បក្ស​ប្រឆាំង ឬ​លោក កឹម សុខា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ជា​លាយលក្ខណ៍​អក្សរ។

កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥ នៅ​ពេល​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក ហ៊ុន សែន នៅ​ប្រទេស​បារាំង លោក​បាន​ប្រកាស​ថា នឹង​មាន​បាតុកម្ម​នៅ​កម្ពុជា ដែរ ដើម្បី​ទាមទារ​ដក​លោក កឹម សុខា ពី​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា។ បាតុកម្ម​នោះ​បាន​ឈាន​ទៅ​ដល់​ប្រើ​ហិង្សា​វាយ​លើ​អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​អោយ​រង​របួស​ធ្ងន់។ លើស​ពី​នោះ ផ្ទះ​របស់​លោក កឹម សុខា នៅ​ទួលគោក​ ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ហ្វូង​បាតុករ​ជា​ច្រើន​រយ​នាក់ ដោយ​មាន​ទាំង​ការ​គប់​ដុំ​ថ្ម និង​ដប​ទឹក​ចូល​បរិវេណ​ផ្ទះ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។