ឃាតកម្ម​សម្លាប់​កាត់​ក្បាល​នារី​វ័យក្មេង​ម្នាក់​នៅ​ខេត្តសៀមរាប​ គឺ​ផ្តើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ​

​តាម​ការ​បញ្ជាក់​អះអាង​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឃឹម​ ប៊ុ​ន​សុង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ដែល​ឃាតក​សម្លាប់​នារី​ម្នាក់​នៅផ្ទះ​សំណាក់​យីហោ​ ប្រាសាទកែវ​ ក្នុង​ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ដោយ​កាត់​ក្បាល​យក​ទៅ​ដុត​ចោល​នោះ​ គឺ​ផ្តើម​ចេញពី​រឿង​បុរស​ជា​ឃាតក​ចូល​ស្តីដណ្តឹង​នារី​រង​គ្រោះ​មិន​បាន​សម្រេច​ ហើយ​កើតការ​ខឹងសម្បា​ ក៏​ណាត់គ្នា​ទៅ​ជួប​នៅផ្ទះ​សំណាក់​ រួច​សម្លាប់​នារី​រង​គ្រោះ​តែ​ម្តង​ ។​ ឯកឧត្តម​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ឃាតក​មាន​គ្នីគ្នា​ចំនួន​២​នាក់​ ហើយ​ឃាតក​ជា​ជន​ដៃដល់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ខាងក្រោយ​ផ្ទះ​ពេល​កំពុង​ដុត​ក្បាល​នារី​រង​គ្រោះ​ចោល​ ឋិត​ន​ភូមិ​ព្រៃ​ចាស់​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ជិត​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​នោះ​ មាន​ប្រពន្ធ​ និង​៣-៤​នាក់​ហើយៗ​ព្យាយាម​ចូល​ស្តីដណ្តឹង​នារី​រង​គ្រោះ​មិន​បាន​ ។​

​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ក៏​បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ឃាតក​ជា​ជន​ដៃដល់​សម្លាប់​នារី​រង​គ្រោះ​នោះ​ គឺ​ផ្តើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ​ ដោយ​ឃាតក​មាន​ប្រពន្ធ​កូន​រួច​ហើយ​ តែ​ក្រោយមក​មាន​បញ្ហា​រកាំរកូស​ជាមួយ​ប្រពន្ធដើម​ រហូត​សុំ​លែងលះ​គ្នា​ តែ​លែងលះ​មិន​ទាន់​ដាច់ស្រេច​ ខណៈ​ឃាតក​ក៏​មាន​ទំនាក់ទំនង​ជាមួយ​នារី​រង​គ្រោះ​រហូត​ចូល​ស្តីដណ្តឹង​ និង​ឈាន​ដល់​ដំណើរការ​រៀប​អាពាហ៍ពិពាហ៍​មិន​បាន​សម្រេច​ ពីព្រោះ​បុរស​ជា​ឃាតក​មិន​ទាន់​លែងលះ​ប្រពន្ធ​ដាច់ស្រេច​នៅឡើយ​ ។​ ក្រោយ​កើត​មាន​បញ្ហា​បែប​នេះ​ នារី​រង​គ្រោះ​បាន​ចោទប្រកាន់​ថា​ បុរស​ជា​ជនសង្ស័យ​បោកប្រាស់​ខ្លួន​រហូត​មានការ​ឈ្លោះ​ទាស់ទែង​គ្នា​យ៉ាង​ខ្លាំង​ រូ​ច​ហើយ​ជនសង្ស័យ​ជា​ឃាតក​ក៏​បាន​រៀបចំ​ផែនការ​សម្លាប់​នារី​រង​គ្រោះ​តាម​រូបភាព​កាត់​ក្បាល​ត្រឹម​.​ក​ យក​ទៅ​ដុត​ចោល​តែ​ម្តង​ ។​

​ឃាតក​ម្នាក់​ក្នុង​ចំណោម​គូកន​២​នាក់​ឈ្មោះ​ ចាន់​ ឆា​យ៉ា​ ហៅ​ សំ​ ភា​រ៉ាត់​ អាយុ​៤០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​ នៅ​ពេល​នេះ​កំពុង​ឋិត​ក្រោម​ការ​សាកសួរ​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​នៅឡើយ​ ដើម្បី​ស្រាវជ្រាវ​រក​ព័ត៌មាន​លំអិត​បន្ថែម​ទៀត​ ៕​

ឃាតកម្ម​សម្លាប់​កាត់​ក្បាល​នារី​វ័យក្មេង​ម្នាក់​នៅ​ខេត្តសៀមរាប​ គឺ​ផ្តើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ​

Related