ចិន​ព្រមាន​អាមេរិក​រឿង​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នៅ​កូរ៉េខាងត្បូង​

​ប្រទេស​ចិន​បាន​ព្រមាន​អាមេរិក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នៅ​កូរ៉េខាងត្បូង​ក្រោយ​ការបាញ់​កាំជ្រួច​របស់​កូរ៉េ​ខា​ជើង​។ ចិន​ក៏បាន​ប្រាប់​អាមេរិក មិនត្រូវ​ធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​សន្តិសុខ​រប​ស់​ខ្លួន​និង​សន្តិសុខ​តំបន់​នោះទេ​។

​ឆ្លៀតពេល​ចូលរួម​ប្រជុំ​ស្ដីពី​ស៊ី​រី​នៅ​អាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង​យី បាន​ជួប​សម​ភាគី​អាមេរិក​លោក ច​ន ឃេ​រី និង​បាន​ប្រាប់​ពី​ជំហ​របស់​ចិន ដែល​ប្រឆាំង​ដាច់ខាត​នឹង​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នៅ​កូរ៉េខាងត្បូង​។ លោក វ៉ាង​យី ប្រា​ប់លោក ឃេ​រី ឲ្យ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​រឿង​ពង្រាយ​នេះ ហើយ​មិន​ត្រូវយក​វា​ជា​លេស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ចិន​នោះទេ​។​

​ជាមួយគ្នា​នោះ ក្រសួងការបរទេស​ចិន​បាន​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​ចិន​បានទាមទារ​ឲ្យ​អាមេរិក​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់ ដោយ​មិនត្រូវ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ចិន​នោះទេ​។ លោក​វ៉ាង ក៏​ព្រមាន​អាមេរិក​មិនត្រូវ​ធ្វើ​សកម្មភាព​ដែល​នាំ​ដល់​អសន្តិសុខ​និង​អស្ថិរភាព​តំបន់​ទេ ដ្បិត​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ​ពិតជា​នាំ​ដល់​ការមិនទុកចិត្ត​គ្នា​ក្នុង​តំបន់​មិនខានឡើយ​។

​ក្រោយពេល​កូរ៉េខាងជើង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន និង​ការបាញ់​កាំជ្រួច​ជា​បន្ត​បន្ទាប់មក កូរ៉េខាងត្បូង​និង​អាមេរិក​បានលើកឡើង​ពី​លទ្ធភាព​នៃ​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នៅ​កូរ៉េខាងត្បូង​។ បើតាម Reuters ការចរចា​ស្ដីពី​ការពង្រាយ​នេះ ត្រូវ​រំពឹងថា​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ ដែល​នេះ​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត​នោះទេ ព្រមទាំង​មិនអាច​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ទៀតផង​។

​តាមរយៈ​សេចក្ដីប្រកាស​របស់​ក្រសួងការបរទេស​ចិន រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង​យី បានបញ្ជាក់​ជាថ្មី​ម្ដងទៀត​ពី​សារសំខាន់​ក្នុងការ​ចាប់ផ្ដើម​ឡើងវិញ​កិច្ចចរចា​៦​ភាគី​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ នេះ​ក៏​ព្រោះតែ​វា​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​រួមទាំង​ចិន​និង​អាមេរិក​ផងដែរ​។ ទាំងនេះ​មានន័យថា ចិន​មិន​ឯកភាព​លើ​ការយក​យោធា​ជា​ដំណោះស្រាយ​បញ្ហា​មក​នោះទេ​។

​សូម​រម្លឹកថា នៅ​ថ្ងៃទី​៦ ខែកុម្ភៈ កូរ៉េខាងជើង​បាន​ចាញ់​រ៉ុ​ក​ហ្កែ​ត​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ភ្ជាប់​ដោយ​ផ្កាយរណប​។ ទីក្រុង​ព្យុងយ៉ាង​ចាត់ទុក​ការបាញ់​នេះ​ក្នុង​គោលបំណង​សន្តិភាព​ប៉ុណ្ណោះ តែ​សហគមន៍​អន្តរជាតិ ជាពិសេស​ទីក្រុង​វ៉ាស៊ីនតោន​និង​សេ​អ៊ូ​ល ខឹងសម្បារ​យ៉ាងខ្លាំង​និង​អះអាងថា​ល្មើ​សនឹង​បម្រាម​អង្គការសហប្រជាជាតិ​។ ហើយ​អាមេរិក​ក៏បាន​លើកឡើង​ពី​បំណង​ពង្រាយ​ប្រព័ន្ធ​ការពារ​នៅ​កូរ៉េខាងត្បូង​ដើម្បី​ការពារ​ពី​ការវាយប្រហារ​ណាមួយ តែ​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង មិន​ពេញ​ចិត្តនឹង​រឿងនេះ​ប៉ុន្មាន​ទេ​៕
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​