ភ្ញាក់ព្រើត… ព្រោះមានពីងពាង«យក្ស»ក្នុងកញ្ចប់សាឡាត់!

យុវតីជាតិអូស្ត្រាលីមួយរូប បានប្រទះឃើញសត្វពីងពាង​មួយក្បាលយ៉ាងធំ ដែលកំពុងនៅរស់នៅឡើយ នៅ​ក្នុង​កញ្ចប់​សាឡាត់​មួយ ដែលនាងទិញពីផ្សារទំនើប។ ឆ្លៀតឱកាសនេះ នាងបានថតវីដេអូ ពីសត្វពីងពាង ដើម្បី​បង្ហោះ​តាម​គេហទំព័រ​យូធូប។
ប្រទះឃើញសត្វពីងពាង«យក្ស» នៅក្នុងកញ្ចប់សាឡាត់ ដែលដាក់លក់នៅក្នុងផ្សារទំនើបមួយ នៅអូស្ត្រាលី។

សាឡាត់មួយកញ្ចប់នេះ ត្រូវបានទិញពីផ្សារទំនើប ដើម្បីយកមកបរិភោគភ្លាមៗ តែនៅពេលយុវតីជាតិអូស្ត្រាលី នាង ហ្សូអេ ផើរី (Zoé Perry) ហៀបនឹងបើកកញ្ចប់នេះ ស្រាប់តែនាងបានប្រទះឃើញ សត្វពីងពាង​មួយ​ក្បាល​យ៉ាង​ធំ នៅក្នុងនោះ។ រឿងដែលកាន់តែភ្ញាក់ផ្អើលជាងនេះ គឺសត្វពីងពាងនោះ នៅមានជីវិតនៅឡើយ។

គេហទំព័រព័ត៌មាន «Mashable» បានស្រង់សម្ដីនាង ផើរី មកសរសេរអះអាងថា កាលពីដើមខែកុម្ភៈនេះ នាង​បាន​ត្រឡប់​ចូលផ្ទះវិញ បន្ទាប់ពីបានឈាងចូល ទៅក្នុងផ្សារទំនើបដ៏ល្បីឈ្មោះមួយ នៅក្នុង​ប្រទេស​អូស្ត្រាលី ដើម្បីទិញ​សាឡាត់​ច្រើនកញ្ចប់ ក្នុងបំណង​យកមកបរិភោគភ្លាមៗ។ តែខណៈនាងហៀប បើក​កញ្ចប់​សាឡាត់ ស្រាប់តែនាង បាន​មើល​ឃើញ វត្ថុចេះកម្រើកមួយ នៅក្នុងនោះ។ វត្ថុដែលចេះ​កម្រើកខ្លួននោះ គឺ​សត្វ​«ពីងពាង»​យក្សមួយក្បាល។

តើមានមនុស្សប៉ុន្មាននាក់ នៅក្នុងពិភពលោកយើងនេះ ដែលទទួលសំណាង បើកកញ្ចប់ម្ហូបដើម្បីបរិភោគ ស្រាប់​តែ​ប្រទះឃើញ សត្វមួយក្បាល ដែលមិនគួរឲ្យនឹក ស្មានដល់ដូច្នេះ? សម្រាប់យុវតី ផើរី វិញ វាមិនមែន​ជា​សំណាង​ទេ ព្រោះនាងបានលោតថយក្រោយ លោះព្រលឹងមិនតិចឡើយ មុននឹងប្រមូលអារម្មណ័មកវិញ ហើយ​យក​ទូរស័ព្ទ​របស់​នាង មកថតសត្វអសិរពិស ជាវីដេអូ បង្ហោះផ្សាយឲ្យអ្នកផងបានដឹង៕