សម្តេចប៉ាប​ហ្វ្រង់ស៊ីស​ស្ថិត​នៅ​ប្រទេស​ម៉ិកស៊ិក​ក្រោយ​បាន​អំពាវ​នាវ​ឲ្យ​មាន​សាមគ្គីភាព​ផ្នែក​សាសនា

សម្តេចប៉ាប​ហ្វ្រង់ស៊ីស​ស្ថិត​នៅ​ប្រទេស​ម៉ិកស៊ិក​ក្រោយ​បាន​អំពាវ​នាវ​ឲ្យ​មាន​សាមគ្គីភាព​ផ្នែក​សាសនា

សម្តេចប៉ាប ហ្វ្រង់ស៊ីស​ បាន​លើក​ដៃ​ស្វាគមន៍​ដល់​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ជួប​ទទួល​ព្រះអង្គ​នៅទីលាន Zocalo ក្នុង​ទីក្រុង Mexico City កាលពីថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២០១៦។

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ស្រែក​អប​អរហើយ​បាន​ផ្តល់​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅចំពោះ​សម្តេច​គ្រឹស្តសាសនា​និកាយ​រ៉ូម៉ាំង​កាតូលិក ​ប៉ាប ហ្វ្រង់ស៊ីស​ ​នៅ​ពេល​ដែល​ព្រះ​អង្គ​ចេញ​ពី​យន្ត​ហោះ​នៅ​ក្នុង​ទីក្រុង ​Mexico City​ នៃ​ប្រទេស​ម៉ិកស៊ិក​កាល​ពី​យប់​ថ្ងៃ​សុក្រ។

នេះ​ជាដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ជា​ផ្លូវការ​លើក​ទី​មួយ​របស់​សម្តេចប៉ាប​ទៅ​កាន់​ប្រទេសដែល​មាន​អ្នកកាន់​សាសនា​កាតូលិក​ដ៏​ច្រើន​បំផុត។ ​ព្រះ​អង្គ​បាន​ត្រូវ​ទទួល​ការ​ស្វាគមន៍​ដោយ​ប្រធានា​ធិបតី​ Enrique Pena Nieto លោកស្រី​ទី​មួយ​ Angelica Rivera ​ក្រុម​របាំ​បុរាណ ​ហើយ​នឹង​ហ្វូង​មនុស្សដែល​បានគ្រវីភ្លើង​ពិល​ទៅ​តាម​ចង្វាក់​ភ្លេង។

​សម្តេច​ប៉ាប ​ហ្វ្រង់ស៊ីស ​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ម៉ិកស៊ិកប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ព្រះ​អង្គ​និង​មេដឹកនាំ​ព្រះ​វិហារ ​Orthodox ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ចុះ​ហត្ថលេខា​លើ​ការ​ប្រកាស​រួម​គ្នាសម្រាប់​សាម​គ្គី​ភាព​ខាង​សាសនា។

​ជំនួប​ជាប្រវត្តិសាស្រ្ត​របស់​អស់​លោក ​មាន​គោល​បំណង​ផ្សះផ្សារ​ជម្លោះ​ដែល​មាន​រយៈ​ពេល១ពាន់​ឆ្នាំ​រវាង​សាខា​គ្រឹស្តសាសនា​ប្រទេស​លោក​ខាង​លិច​និង​ខាង​កើត។

​សម្តេចប៉ាប​ ហ្វ្រង់​ស៊ីស ​ប្រមុខ​ព្រះ​វិហារ​គ្រឹស្តសាសនា​និកាយ​រ៉ូម៉ាំង​កាតូលិកហើយនឹងព្រះ​អង្គ​ Kirill ​មេដឹកនាំ​កាតូលិក ​បាន​ឱប​ហើយ​ថើប​ថ្ពាល់​គ្នា​ទៅ​វិញ​ទៅ​មក​៣ដង​នៅ​ពេល​ដែល​ជួប​គ្នា​នៅ​ចំណត​អាកាសយាន​អន្តរជាតិ ​Jose Marti​ ក្នុង​រដ្ឋ​ធានី​ឡាហាវ៉ាន។

​សេចក្តី​ប្រកាស​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «យើងសង្ឃឹម​ថា ​ជំនួប​របស់​យើង​នឹង​រួម​វិភាគ​ទាន​ដល់​ការ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ឡើង​វិញដែល​ជា​ក្តីប្រាថ្នា​របស់​ព្រះ​ជាម្ចាស់‍»។

ព្រះ​អង្គ Kirill ​បាន​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវការ​នៅ​ប្រទេស​គុយបា​ហើយ​សម្តេច​ប៉ាប​ ហ្វ្រង់ស៊ីស ​បាន​ធ្វើ​ការ​ឈប់​សំចត​រយៈ​ពេល​ខ្លី​នៅ​ក្នុង​រដ្ឋ​ធានី​ឡាហាវ៉ាន​នៃ​ប្រទេស​គុយបា​នៅ​ក្នុង​ដំណើរទៅ​កាន់​ប្រទេស​ម៉ិកស៊ិក៕