សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​សហរដ្ឋអាមេរិក នៅវេលា​ម៉ោងជាង​៧​ព្រឹក ថ្ងៃទី​១៤ ខែ​ ​កុម្ភៈ​នេះ

ភ្នំពេញ: ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៥-១៦ កុម្ភៈ​ឆ្នាំ​២០១៦ តាម​ការអញ្ជើញ​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ  សម្តេច​ត្រូវ​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama )​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​។ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​បណ្តា​ប្រទេស​អាស៊ាន​រួមជាមួយ​សហរដ្ឋអាមេរិក​ខិតខំ​លើក​កំពស់​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន ស៊ីជម្រៅ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន​ក្នុង​ក្របខ័ណ្ឌ​ដៃគូរ​យុទ្ធសាស្ត្រ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានសរសេរថា “​ខ្ញុំព្រះករុណាខ្ញុំ ត្រូវ​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama ) ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង អាស៊ាន និង សហរដ្ឋអាមេរិក​។ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​បណ្តា​ប្រទេស​អាស៊ាន​រួមជាមួយ​សហរដ្ឋអាមេរិក​ខិតខំ​លើក កំពស់​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន ស៊ីជម្រៅ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន​ក្នុង​ក្របខ័ណ្ឌ​ដៃគូរ​យុ​ទ្ឋ​សាស្ត្រ​។ ខ្ញំ​ព្រះករុណា​ខ្ញុំ សូម​ក្រាបថ្វាយបង្គំ​លា និង​សូម​លា​មួយ​រយះពេល​ខ្លី ដើម្បី​បំពេញ​បេសកម្ម​នៅក្រៅ​ប្រទេស​”​។​

ស្រប​ពេលដែល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នៅលើ​ទឹកដី​សហរដ្ឋអាមេរិក គឺមាន​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​មួយចំនួន​បានប្រកាស​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​នេះ​។ ចំណែក​ក្រុម​សម្ព័ន្ធ​យុវជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ប្រទេស​កម្ពុជា ក៏បាន​ព្រមាន​ប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ផងដែរ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រំលាយ​គណបក្ស​នេះ​ចោល បើសិនជា​កើតមាន​បាតុកម្ម​ប្រឆាំងនឹង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅលើ​ទឹកដី​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ​៕​