ឆេះ​ព្រៃ​៣​កន្លែង​បន្តបន្ទាប់​ផ្អើល​ខាងកើត​រាជធានី​ភ្នំពេញ

ឆេះ​ព្រៃ​៣​កន្លែង​បន្តបន្ទាប់​ផ្អើល​ខាងកើត​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រៃ​៣​ន្លែ​ង​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា​បាន​ត្រូវ​ភ្លើង​ឆេះ​ជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ  និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​អន្តរាគមន៍ ព្រោះ​ខ្លាច​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ដែល​នៅ​ជិត​នោះ​ទៀត ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​២​និង​៤០​នាទី​រសៀល ភ្លើង​បាន​ឆាបឆេះ​ព្រៃ​ត្រឹប​នៅ​មាត់​ព្រែក​ខាងជើង​ស្ពាន​ទី​៦ ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ដែល​ការ​ឆាបឆេះ​នោះ​គឺ​រាលដាល​ដល់​ក្បែរ​លំនៅ​ឋាន​ផង​ដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារម្ភ​ហើយ​នាំ​គ្នា​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​ពន្លត់​។ ខណៈនោះ សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ពុំ​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ឡើយ ។

ដោយឡែក នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ វេលា​ម៉ោង​ប្រមាណ​៣​រសៀល ភ្លើង​ក៏​បាន​ឆាបឆេះ​ព្រៃ​មួយ​កន្លែង​ទៀត​នៅ​តាម​ផ្លូវ​លី​យ៉ុ​ង​ផាត់ ខាងកើត​ស្ពាន​ព្រែក​ព្នៅ ក្នុងភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ភ្លើង​បាន​ឆេះ​ព្រៃ​ជា​ច្រើន​ហិ​កតា​នៅ​ក្នុង​ដី​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ បណ្តាល​ឲ្យ​មាន​ផ្សែងហុយ​ទ្រលោម ។ ភ្លាម​ៗ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង​បាន​ទៅ​អន្តរាគមន៍ ក្នុង​នោះ​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង និង​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​២​គ្រឿង បាន​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជាង​១​ម៉ោង​ទើប​រលត់ ។

ករណី​ភ្លើង​ឆេះ​ព្រៃ​មួយ​កន្លែង​ទៀត បាន​កើតឡើង​នៅ​ក្បែរ​វិហារ​អ៊ិ​ស្លា​ម ក្នុងភូមិ ព្រែក​រាំង សង្កាត់​ព្រែក​តា​សេក ធ្វើ​ឲ្យ​អ្នក​ដែល​មាន​លំនៅ​ឋាន​ក្បែរ​នោះ​ភ័យរន្ធត់​ជា​ខ្លាំង​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ជួយ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់ ពុំ​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ឡើយ ។

ចំពោះ​ការ​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​នេះ ត្រូវ​បាន​មន្ត្រី​នគរបាល​សង្ស័យ​ថា បណ្តាល​មក​ពី​ការ​បោះ​កន្ទុយបារី ឬ​អាច​មក​ពី​ការ​ដុត​ភ្លើង​យក​ឃ្មុំ ៕