បវរកញ្ញា​យក​ឆ្មា​រង​ប្រដាល់ ផ្ទុះ​រឿង​អាស្រូវ​ពេញ​ហ្វេសប៊ុក

អតីតបវរកញ្ញាជាតិប៉េរូមួយរូប បានបង្កើតរឿងអាស្រូវមួយ ផ្អើលពេញបណ្ដាញអ៊ិនធើណែត បន្ទាប់ពីនាងបានផ្សាយ រូបថតមួយសន្លឹក បង្ហាញពីសកម្មភាព«ប្រដាល់» របស់នាង ទល់នឹងសត្វឆ្មារមួយក្បាល។
បវរកញ្ញា​យក​ឆ្មា​រង​ប្រដាល់ ផ្ទុះ​រឿង​អាស្រូវ​ពេញ​ហ្វេសប៊ុក
បវរកញ្ញាតំបន់ ឆ្នាំ២០១៥ របស់ប្រទេសប៉េរូ និងរូបថតបង្ហាញ ពីសកម្មភាពប្រដាល់ ទៅលើសត្វឆ្មារ។ (រូបថតហ្វេសប៊ុក)

សត្វឆ្មារមិនមែនជាបាវសាក់ ឬជាកណ្ដាប់ដៃ សម្រាប់ឲ្យវាយសាកល្បង នៅក្នុងកីឡា«ប្រដាល់»នោះទេ។ ប៉ុន្តែ​នាង «Samantha Romina Vega» ដែលជាបវរកញ្ញាតំបន់មួយរូប នៅក្នុងប្រទេសប៉េរូ កាលពីឆ្នាំ២០១៥ បាន​យក​សត្វឆ្មារ មកដាក់នៅខាងមុខ ដើម្បីឲ្យនាង«ដាល់» ហើយថតរូបដាក់បង្ហោះ តាមបណ្ដាញសង្គម។ ការ​បង្ហោះ​រូបថតខាងលើ ដែល​ចង់បង្ហាញពី«មូលហេតុ» ដែលធ្វើឲ្យនាង មានរូបរាងស្រឡូន បានបង្ក​ឲ្យ​ក្រុម​អ្នក​ស្រឡាញ់ និង​ការពារ​សត្វឆេះដុំ រហូតដល់ផ្ទុះជារឿងអាស្រូវឡើង ខណៈរាជនីសម្ផស្សរូបនេះ មានមនុស្ស​ជា​ច្រើនពាន់នាក់ តាមដាននាង​នៅលើទំព័រហ្វេសប៊ុក។

នាង «Samantha Romina Vega» បានលប់រូបថតនោះ នៅពេលក្រោយមក តែហួសពេលហើយ ព្រោះ​ការ​បង្ហោះ​រូបថត ឬវីដេអូ ចេញនៅលើ​បណ្ដាញ​សង្គម វាពិតជាពិបាក ធ្វើឲ្យនាងត្រឡប់ក្រោយវិញណាស់។ ក្រុម​អ្នកប្រើប្រាស់ហ្វេសប៊ុក នៅតែបន្តផ្តិត​រូបថតរបស់នាង ជាលក្ខណៈ «Screenprint» ដើម្បីចែករំលែក​យ៉ាង​ហូរហែរ។

គណនីហ្វេសប៊ុក របស់សមាគមការពារសត្វជាច្រើន បានធ្វើអត្ថាធិប្បាយ ទាក់ទងនឹងរូបភាពនេះ ដោយ​បាន​បង្ហាញ ពី​ភាពទោមនស្សរបស់ពួកគេ និងបរិហារបវរកញ្ញា ពីភាពសាហាវឃោឃៅ ទៅលើសត្វ។ តែនៅ​មាន​អ្នក​ប្រើប្រាស់​បណ្ដាញសង្គមមួយចំនួន បានចេញមុខមកជួយការពារនាង ដោយនិយាយថា នាង​គ្រាន់​តែ​ចង់​ធ្វើ​ការ​«លេង​សើច»​ តាមរយៈរូបភាពនេះប៉ុណ្ណោះ។

ដើម្បីរំងាប់រឿងរ៉ាវតូចក្លាយជាធំនេះ ស្ត្រីស្អាតប្រចាំតំបន់ «El Tambo» របស់ប្រទេសប៉េរូ បានបង្ហោះ​រូបភាព​មួយ​ទៀត បញ្ចេញស្នាមញញឹមស្រស់ស្រាយ ដោយមានសត្វឆ្មាររបស់នាង នៅក្នុងដៃទាំងទ្វេរ។ សារព័ត៌មាន​ក្នុង​ស្រុក ឈ្មោះ «LaRepublica.pe» បានព្យាយាមទាក់ទងនាង ដើម្បីបកស្រាយពីរឿងនេះ តែនាងបាន​បដិសេធ។ ផ្ទុយទៅវិញ នាងបានចាក់សាំងបន្ថែម ទៅលើភ្លើងដែលកំពុងរលត់ទៅនោះ ដោយ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់នាងបន្ថែម​ទៀតថា៖ «យើងរស់នៅក្នុងសង្គមមួយ ដែលមានលក្ខណៈដូចផ្លែល្វា។ នៅម្ខាង គេ​និយាយ​ប្រាប់យើង ថាត្រូវការពារសិទ្ធិសត្វ តែនៅម្ខាងទៀត គេកំពុងទទួលទានសាច់សត្វ។»៕

បវរកញ្ញា​យក​ឆ្មា​រង​ប្រដាល់ ផ្ទុះ​រឿង​អាស្រូវ​ពេញ​ហ្វេសប៊ុក