ISIS យក​«ជន​ស្ម័គ្រ​ប្រយុទ្ធ»​អាយុ​៤ឆ្នាំ ឲ្យ​ប្រហារ​ជីវិត​អ្នក​ទោស

ពួកភេរវជន នៃក្រុមរដ្ឋអ៊ីស្លាមបានផ្សាយវីដេអូថ្មីមួយទៀត ដែលបង្ហាញពីការ«កំទេច ខ្មាំងបង្កប់»​ជាច្រើននាក់ ដោយ​ជន​ស្ម័គ្រ​ប្រយុទ្ធ ដើម្បី​ព្រះ​ជា​ម្ចាស់​មួយ​រូប ដែលមានអាយុ... ទើបតែ៤ឆ្នាំ។
ISIS យក​«ជន​ស្ម័គ្រ​ប្រយុទ្ធ»​អាយុ​៤ឆ្នាំ ឲ្យ​ប្រហារ​ជីវិត​អ្នក​ទោស
កុមារអាយុ៤ឆ្នាំ តែត្រូវបានក្រុមរដ្ឋអ៊ីស្លាម យកមកប្រើ ឲ្យប្រហារជីវិតអ្នកទោស។ (រូបថតផ្តិតពីវីដេអូ)

«យើងនឹងសម្លាប់  ក្រុមក្បត់ ក្នុងពេលនេះ» នេះជាសំដី ដែលបន្លឺឡើង ដោយកុមារម្នាក់ នៅចំពោះ​ម៉ាស៊ីន​ថត​វីដេអូ ជាមួយនឹងសំនៀង ដូចអ្នករស់នៅក្នុងប្រទេសអង់គ្លេស។ នៅលើក្បាលកុមារ គេឃើញមានទង់​ពណ៌​ខ្មៅ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)។ បន្ទាប់​ពី​បាន​ថ្លែង​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ​រួច កុមារដ៏តូចបានចុច ទៅលើប៊ូតុងមួយ ដែលទំនងជាប្រដាប់​បញ្ជា​ពី​ចំងាយ ដើម្បី​បំផ្ទុះរថយន្ដមួយគ្រឿង។ នៅក្នុងរថយន្ដនោះ មានអ្នកទោសបីនាក់ ដែលមានសម្លៀក​បំពាក់​ពណ៌​លឿង។

នៅមុននេះ ជនជាប់ទោសទាំងបីនាក់ បានសារភាពថា ខ្លួនជា«ជនបង្កប់» ឬ«ចារបុរស» របស់​ប្រទេស​អង់គ្លេស។ ឈុតឆាកប្រហារជីវិតនេះ ទំនងជាធ្វើឡើង នៅក្បែរក្រុង រ៉ាកា (Raqqa) ដែលមូលដ្ឋាន​ដ៏​សំខាន់ នៃ​ចលនា​រដ្ឋ​អ៊ីស្លាម ស្ថិតនៅក្នុងប្រទេសស៊ីរី។

នៅក្នុងវីដេអូដដែល ជនម្នាក់ទៀត ដែលបានបិតមុខជិត ទុកតែប្រឡង់ភ្នែក បានថ្លែងគម្រាមប្រទេសអង់គ្លេស ជាពិសេសលោក ដេវីដ កាមេរូន (David Cameron) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះថា៖ «ថ្ងៃនេះ យើងនឹង​សម្លាប់​ជនបង្កប់របស់អ្នកឯង ដូចគ្នាទៅនឹងទង្វើ ដែលពួកវាបានជួយអ្នកឯង ឲ្យសម្លាប់បងប្អូនរបស់យើង។ ដូច្នេះ ចូរអ្នកឯងត្រៀមកងទ័ព របស់អ្នកឯងឲ្យហើយទៅ ព្រោះយើងក៏អញ្ចឹងដែរ យើងកំពុងតែត្រៀមលក្ខណៈ ឲ្យកងទ័ព​របស់យើងដូចគ្នា។»

ISIS យក​«ជន​ស្ម័គ្រ​ប្រយុទ្ធ»​អាយុ​៤ឆ្នាំ ឲ្យ​ប្រហារ​ជីវិត​អ្នក​ទោស

នេះគឺជាលើកទីពីរហើយ ដែលក្រុមរដ្ឋអ៊ីស្លាម បានយកកុមារដែលមានអាយុ មិនទាន់បាត់ក្លិន​ទឹកដោះ​ស្រួល​បួល ឲ្យមកធ្វើការផ្សាយឃោសនា របស់ក្រុមរបស់ខ្លួន។ សារព័ត៌មានអង់គ្លេស «The Independent» បាន​ដាក់​ឈ្មោះ ហៅកុមារទាំងនេះ ថាជា«កងស្ម័គ្រប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ តូចៗ (Junior Jihadi)»។ កុមារ​ម្នាក់​នេះ ត្រូវបានយកមកធ្វើការ​ឃោសនា​ម្ដងហើយ កាលពីដើមខែមករា កន្លងមកថ្មីៗ។ នៅពេលនោះ ឪពុក​មា​របស់​កុមារ ដែលរស់នៅក្នុងប្រទេសអង់គ្លេស បានស្គាល់ថា កុមារនេះ​ជាក្មួយរបស់ខ្លួន និងមានឈ្មោះ «Isa Dare»។

បើតាមសារព័ត៌មានដដែល បានឲ្យដឹងថា ឪពុកមាបានចោទ ប្អូនស្រីរបស់ខ្លួន នាង «Grace Khadijah Dare» អាយុ២៤ឆ្នាំ ថាបាននាំកូនរបស់នាង (កុមារម្នាក់នេះ) ដែលកាលនោះ ទើបនឹងកើតចេញពីផ្ទៃ ទៅ​​កាន់​ប្រទេស​ស៊ីរី នាឆ្នាំ២០១២ ដើម្បីធ្វើការប្រយុទ្ធ ក្នុងជួររបស់ក្រុមរដ្ឋអ៊ីស្លាម។ នាង «Khadijah» បាន​រៀបការ​ជាមួយ ជន​ស្ម័គ្រ​ប្រយុទ្ធ​ម្នាក់ ដែលមកពីប្រទេសស៊ុយអែដ មានឈ្មោះ «Abu Bakr»។ ប៉ុន្តែ​ដំណឹង​ចុង​ក្រោយ បាន​អះអាង​ថា បុរសឈ្មោះ «Abu Bakr» នេះ បានស្លាប់ នៅក្នុងសមរភូមិបាត់ហើយ៕