ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ​៖ ​ផ្សារ​សាមគ្គី​ដែល​ទើប​បង្កើត​ថ្មី ​កាលពីមុន​មក​ភាគច្រើនគេ​តែងតែ​ហៅ​ផ្សារ​សាលា​ចិន​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងត្បូង​ផ្សារ​ធំ​ ក្រុង​កំពង់ចាម​ ក្នុង​សង្កាត់​​កំពង់ចាម ​ក្រុង​កំពង់ចាម ។

បើ​ក្រឡេក​មើល​ពី​ខាងក្រៅ​ពិតជា​មាន​សោ​ភ័​ណ​ភាព​មែន​ តែបើ​យើង​ឈានជើងដើរ​ចូល​ទៅ​ខាងក្នុងផ្សា​វិញ​ទើប​ដឹង​ថា ពិតជា​មាន​មាន​អារ​ម្ម​ណ៍ថប់ដង្ហើម​​ទៅ​វិញ​ ​នៅ​រសៀល​​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៦ ក្រុម​អាជីវករ​លក់ដូរ​ស្ទើរតែ​គ្រប់​គ្នា ​បាន​ស្រែក​ថ្នូរ​ក្តៅ​ណាស់ៗមិន​មាន​ខ្យល់​​ចេញ​ចូល​គ្រប់​គ្រាន់​ស្ទើរតែ​ដាច់​​ដង្ហើម​ទៅ​ហើយ​ ។

ជួប​ជាមួយ​​សហការី​កោះសន្តិភាព ​អាជីវករ​ស្ថិត​នៅ​ក្នុង​វ័យ​ចំណាស់​ជាង​៥០​​ឆ្នាំ​ បាន​ប្រាប់​ឲ្យដឹង​ថា កាលពីមុន​មក​ គាត់​​លក់​បន្លែ​នៅ​ផ្សារ​សាលា​ចិន ​ដោយ​មាន​គ្រែ​តូច​ល្មម​មាន​ដំបូលប្រក់​​ស័ង្ក​សី ​រួម​ជាមួយ​​តូប​​អ្នក​ដទៃ​ជា​ច្រើន​កន្លែង​ទៀត ​មាន​លក់​គ្រឿងទេស បង្អែម…​ ដើម្បី​រក​ប្រាក់​​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ​ កាល​ណោះ​មិន​មាន​បញ្ហា​ចោទ​ពី​ខ្យល់អាកាស​ចេញចូល​ផ្សារ​នោះ​ទេ ។

អាជីវករ​វ័យ​ចំណាស់​រូប​នេះ​​បាន​បន្ត​​ថា ​ក្រោយមក​ទៀត​ ដោយ​មានការ​ស្នើ​សុំ​ពី​​ក្រុម​អាជីវករ​នោះ អាជ្ញាធរ​ខេត្ត​​​ជួយ​សាងសង់​ផ្សារ​នេះ​ឲ្​ដោយ​អាជីវករ​ទាំងអស់​ត្រូវ​បាន​នាំ​គ្នា​ទៅ​លក់ដូរ​នៅ​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា​​ជាប់មាត់​ទន្លេមេគង្គ​ជា​បណ្តោះអាសន្ន ​។ ​បន្ទាប់​មក​ផ្សារ​សាលា​ចិន​នោះ​ ត្រូវ​បានគេ​ប្តូរ​ឈ្មោះ​មក​ជា​ផ្សារ​សាមគ្គី​វិញ ​ដែល​មាន​ដំបូល​ប្រក់​ស័ង្ក​សី​មើលទៅ​ស្អាត​ជាង​មុន ​ហើយ​ត្រូវ​បានដាក់​ឲ្យ​បើក​សម្ពោធ​ជា​ផ្លូវការ ។ ​នៅ​ពេល​ដែល​អង្គុយ​លក់​បណ្តើរ​ដៃ​ម្ខាងកាន់​ផ្លិត​បក់​​បណ្តើម​​ដោយ​​សារ​តែ​ក្នុង​បរិវេណ​ផ្សារ​ថប់ដង្ហើម​ពេក​ អ្នកខ្លះ​ដោយ​ទ្រាំ​មិន​បាន​ត្រូវ​ដាក់​កង្ហារ​បន្ថែម​សម្រាប់​ជា​ជំ​នួយ​ខ្យល់​ក្នុង​ការ​ដកដង្ហើម​ចេញចូលឲ្យ​មាន​ភាព​ងាយស្រួល ។ ​កន្លង​ទៅ​ថ្មី​ៗ​មាន​ស្ត្រី​ម្នាក់​បាន​ពរ​កូនខ្ចី​ដើរ​ចូល​មក​ក្នុង​ផ្សារ​បាន​តែ​បន្តិច​កូន​តូច​នោះ​បាន​ស្រែកយំ ​ព្រោះតែ​ក្តៅ​ពេក​ពិបាក​នឹង​ដកដង្ហើមហើយ​ម្តាយ​បាន​ពរ​កូន​ប្រញាប់​ចេញ​ទៅ​ខាងក្រៅ​ផ្សារ​វិញ​ជា​បន្ទាន់ ៕​

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូននៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​