សុខភាព &raquo សុខភាព

តាម​ការ​សិក្សា​មួយ​បាន​អះអាង​ថា បណ្តា​ក្មេង​វ័យ​ជំទង់​ស្ថិត​ក្នុង​គ្រួសារ​មាន​ចំណូល​ទាប​និង​មធ្យមភាគ​ច្រើន​ទទួលទានដំណេក​បាន​តិចតួច ហើយ​ថា​បញ្ហា​នេះ​អាច​បង្កើត​ជា​ហានិភ័យ​ដល់​សុខភាព​របស់​ពួក​គេ​ពេល​ក្រោយ​ក្នុង​ឆាកជីវិត ។

ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Pediatrics ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា ក្មេង​ដែល​ដេក​មិន​បាន​គ្រប់គ្រាន់​ក្រៅពី​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ ក៏​រង​គ្រោះ​សុខភាព​ផ្លូវចិត្ត​ផង​ដែរ ក្នុង​នោះ​ពួក​គេ​មួយ​ចំនួន​មាន​អារម្មណ៍​អស់សង្ឃឹម ចូល​ចិត្ត​ប្រព្រឹត្ត​ទ​ង្វើ​ប្លែក​ៗ​ដូច​ជា ជក់បារី ផឹកស្រា ប្រើប្រាស់​គ្រឿងញៀន​... ។

Karen Matthews សាស្ត្រាចារ្យ​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ University of Pittsburgh បាន​ថ្លែង​ថា ក្មេង​វ័យ​ជំទង់​ជា​ច្រើន​ដេក​មិន​បាន​គ្រប់គ្រាន់ ហើយ​ដែល​បញ្ហា​នេះ​គឺជា​កត្តា​ហានិភ័យ​បណ្តាល​ឱ្យ​សុខភាព​ចុះ​ខ្សោយ ។ លោកស្រី​បាន​បន្ត​ថា ដំណេក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​សិក្សា ការ​ប្រព្រឹត្ត​អំពើ​នានា​ដែល​បំផ្លាញ​ដល់​សុខភាព​ជា​ពិសេស​គឺ​ប៉ះពាល់​ដល់​កត្តា​ផ្លូវចិត្ត ។

យ៉ាងណា​ក៏​ដោយ លោកស្រី Karen Matthews នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ហេតុ​អ្វី​បានជា​ក្មេង​វ័យ​ជំទង់​ដេក​មិន​គ្រប់គ្រាន់​នោះ​ទេ ។ លោកស្រី​បាន​បន្ត​ថា ទោះជា​យ៉ាងណា កត្តា​ទាំងឡាយ​ដែល​កំណត់​នូវ​ពេលវេលា​ដំណេក​ជា​តួនាទី​យ៉ាង​សំខាន់ ។ តាម​ធម្មតា ពេល​ចូល​ដេក​អាច​នឹង​ខកពេល​បន្តិច ប្រសិនជា​ក្មេង​វ័យ​ជំទង់​បាន​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​មុន​ពេលដេក ដ្បិត​ការ​ចាំង​ពន្លឺ​ភ្លឺ​ខ្លាំង​ពី​ឧបករណ៍​ទាំងនោះ​អាច​នាំ​ឱ្យ​រឹង​ភ្នែក​មិន​អាច​ឱ្យ​គេ​គេង​លក់​ភ្លាម​ៗ ។ ទោះជា​យ៉ាងនេះ​ក្តី លោកស្រី​បាន​បញ្ជាក់​ថា ការ​អាន​សៀវភៅ​ខកពេល​ដល់​យប់​ជ្រៅ​មិនមែន​ជា​កត្តា​ដែល​នាំ​ឱ្យ​ដេក​ពុំ​លក់​នោះ​ទេ ។ តាម​លោកស្រី ក្មេង​វ័យ​ជំទង់​គួរ​ទទួលទានដំណេក​ឱ្យ​បាន​ពី​៨-៩​ម៉ោង​ក្នុង​មួយ​យប់ ៕