លោក Kerry៖ វិបត្តិ​ស៊ីរី​ស្ថិត​នៅ​ចំណុច​បត់បែន

លោក Kerry៖ វិបត្តិ​ស៊ីរី​ស្ថិត​នៅ​ចំណុច​បត់បែន

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerry (រូប​ស្តាំ) ស្តាំ​លោក Petro Poroshenko ប្រធានាធិបតី​អ៊ុយក្រែន មុន​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​សន្និសីទ​សន្តិសុខ Munich ក្នុង​ក្រុង​ Munich​ ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នា២០១៦។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerry បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​សៅរ៍​ថា​ វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​ទៅ​ដល់​ពេល​វេលា​សំខាន់​មួយ​ហើយ​ ហើយ​សេចក្តី​សម្រេច​ចិត្ត​ដែល​នឹង​ត្រូវ​ធ្វើ​ក្នុង​ពេល​អនាគត​ឆាប់ៗ​នេះ​អាច​បញ្ចប់​សង្គ្រាម​ឬ​មួយ​ «នាំ​ឱ្យ​មាន​ជម្រើស​ពិបាកៗ​មួយ​ចំនួន​ក្នុង​ពេល​អនាគត»។

លោក Kerry បាន​មាន​ប្រសាសន៍​ប្រាប់​សន្និសីទ​សន្តិសុខ​នៅ​ក្នុង​ក្រុង​ Munich នៃ​ប្រទេស​អាល្លឺម៉ង់​ថា​ «យើង​សង្ឃឹម​ថា​សប្តាហ៍​នេះ​អាច​នាំ​ឱ្យ​មាន​សប្តាហ៍​មួយ​នៃ​ការ​ផ្លាស់ប្តូរ»។

លោក​ Kerry បាន​មាន​ប្រសាសន៍​ថា «ពេល​នេះ​ជា​ពេលវេលា​សំខាន់​មួយ» ដែល​ការ​ផ្លាស់​ប្តូរ​សំខាន់​នឹង​កើត​មាន​ឡើង។

លោក Kerry បាន​និយាយ​បន្ត​ថា «សេចក្តី​សម្រេច​ដែល​នឹង​មាន​ធ្វើ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​អាទិត្យ និង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​អាច​បញ្ចប់​សង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី ឬ​មួយ​ប្រសិនបើ​មាន​ការ​ជ្រើសរើស​ខុស ជម្រើស​ទាំង​នេះ​អាច​បើក​ទ្វារ​ឱ្យ​មាន​សង្គ្រាម​ធំ​ជាង​មុន»។

លោក​ Kerry បាន​គូស​បញ្ជាក់​អំពី​ប្រធានបទ​ធំៗ​ពីរ​ក្នុង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​វេទិកា​សាកល​អំពី​គោលនយោបាយ​សន្តិសុខ។

លោក​បាន​គូសបញ្ជក់​អំពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​ស.រ.អា.​ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​ទ្វីប​អឺរ៉ុប​នៅពេល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​វិបត្តិ​ជា​ច្រើន​ដែល

​មាន​រួមបញ្ចូល​លំហូរ​ជន​ភៀស​ខ្លួន​ពី​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី​និង​ស្ថានការណ៍​មិន​ល្អ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​រវាង​រដ្ឋាភិបាល​ក្រុង​ Kiev និងពួក​ទាមទារ​បំបែក​រដ្ឋ​ទ្រទ្រង់​ដោយ​រុស្ស៊ី។

អ្នក​ការ​ទូត​កំពូល​របស់​ស.រ.អា.​រូប​នេះ​ក៏​បាន​មាន​ប្រសាសន៍ច្រើន​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ច​ឈប់បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធ្វើ​ឱ្យ​ប្រាកដប្រជា​ថា​ ជំនួយ​មនុស្សធម៌​អាច​ទៅ​ដល់​តំបន់​ស៊ីវិល​មាន​ការ​ឡោមព័ទ្ធ៕