កាត់ទោស​លោក អាំង មាលតី ជាប់គុក៣ឆ្នាំ​ពិន័យ​៥​លាន​រៀល

កាត់ទោស​លោក អាំង មាលតី ជាប់គុក៣ឆ្នាំ​ពិន័យ​៥​លាន​រៀល

ខេត្តកណ្ដាល ៖ លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​អង្គ​ជំនំ​ុ​ជម្រះ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ តែ​ត្រូវ​ព្យួរទោស​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល ។

ការ​ប្រកាស​សាលក្រម​នេះ​ធ្វើ​ឡើងជា​សា​ធារ​ណៈ​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ នៅ​បន្ទប់​សវនាការ​ទី​២​នៃ​សាលាដំបូង​ខេត្តកណ្ដាល នៅ​ចំពោះ​មុខ​ជនជាប់ចោទ ឈ្មោះ អាំង មាលតី ដែល​មាន​លោក​ចៅក្រម ងួ​ន វុ​ទ្ធី  ជា​ប្រធាន​អង្គ​ជំនំជម្រះ លោក ចៅក្រម គឹ​ម ម៉េ​ង លោក​ចៅក្រម សាយ ស​ម្ភ​ស្ស​សិរី ព្រះរាជអាជ្ញា​រង​លោក ឯក ស៊ុន​រស្មី និង​មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​លោក ទេព បញ្ញា ។

ក្នុង​បន្ទប់​សវនាការ​លោក​ប្រធាន​អង្គ​ជំនុំជម្រះ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ​ឈ្មោះ អាំង មាលតី ជាប់​ពន្ធនាគារ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល​តាម​មាត្រា​៥៩៧​និង​៥៩៨​នៃ​ក្រមព្រហ្មទណ្ឌ​តែ​ត្រូវ​បាន​ប្រកាស​ព្យួរទោស​រយៈពេល​១​ឆ្នាំ គឺ​នៅ​អនុវត្ត​ទោស​តែ​២​ឆ្នាំ និង​បើក​ឱ្យ​ប្ដឹង​ជំទាស់​សាលក្រម​រយៈពេល​១​ខែ ។

គួរ​បញ្ជាក់​ទៀត​ថា លោក អាំង មាលតី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​កាល​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៥ ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោះ​លែង​មេខ្លោង​ជួញដូរ​គ្រឿងញៀន ជា​ថ្នូរ​និង​រថយន្ត​សេ​៊​រី​ទំនើប​១​គ្រឿង​ម៉ាក​អូ​ឌី  មាន​តម្លៃ​ប្រមាណ​១០ ម៉ឺន​ដុល្លារ ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រោយ​ពី​ឃាត់ខ្លួន​លោក អាំង មាលតី មក​សាកសួរ​បាន​កសាង​សំណុំរឿង​រួច​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០១៥ ។ ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​លោក អី​ុ សុវណ្ណ ចោទ​ពី​បទ​«​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​» និង​ពី​បទ​«​គៃបំបាត់​ដោយ​ទុច្ចរិត​»​យោង​តាម​មាត្រា​៦០១​នៃ​ក្រមព្រហ្មទណ្ឌ និង​បាន​សម្រេច​ចេញ​ដីកា​បង្គាប់ ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ អាំង មាលតី នៅ​ពន្ធនាគារ​ខេត្តកណ្ដាល​បណ្ដោះអាសន្ន ។

រយៈពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល​មួយ​រយៈ​មកនេះ លោក អាំង មាលតី ត្រូវ​បាន​គេ​ដឹង​ថា មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ប៉ុន្តែ​គេ​មិន​បាន​ប្រាប់​ពី​ជំងឺ​អ្វី​នោះ​ទេ ហើយ​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​មន្ត្រី​ពន្ធនាគារ​នាំ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ​ជា​ញឹកញាប់  ៕