សុខភាព &raquo សុខភាព

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ British Medical Journal បាន​រក​ឃើញ​ថា បណ្តាជន​ដែល​មានឱកាស​រួច​រស់​ជីវិត​ពី​ជំងឺ​គាំងបេះដូង​ទំនងជា​អាច​រស់នៅ​ច្រើន​ឆ្នាំទៅ​មុខ​ទៀត ប្រសិនជា​ពួក​គេ​ទទួលទាន​របប​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​សរសៃ ។

រាល់​ការ​បង្កើន​ការ​ទទួលទាន​សារធាតុ​សរសៃ ១០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​ហានិភ័យ​មរណភាព​ពី​ជំងឺ​ខាង​ដើម​បាន​១៥​ភាគរយ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា សារធាតុ​សរសៃ​ដែល​បាន​មក​ពី​របប​អាហារ​អាច​ជួយ​កែ​លំអ​ដល់​សម្ពាធ​ឈាម និង​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល ។ ផ្លែ​ឈើ​តួយ៉ាង​ដូច​ជា ផ្លែ​ចេកទុំ ផ្លែ​ប៉ោម បណ្តា​បន្លែ​មើម​ដូច​ជា ការ៉ុត​និង​ដំឡូង​គឺជា​ប្រភព​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​សរសៃ ។

ការ​ពិសោធ​លើ​បុរស​-​ស្ត្រី​រួច​រស់​ពី​ជំងឺ​គាំងបេះដូង​ដំណាក់កាល​ទី​១​ជាង​៤​ពាន់​នាក់​បាប​បង្ហាញ​ថា ម្នាក់​ក្នុង​ចំណោម​៥​នាក់​ដែល​បាន​ទទួលទាន​អាហារ​ផ្ទុក​សារធាតុ​សរសៃ​ច្រើន​បំផុត​រយៈពេល​៩​ឆ្នាំ​គឺ​អាច​កាត់​បន្ថយ​ឱកាស​ស្លាប់​បាន ២៥​ភាគរយ ។

លោកស្រី Victoria Taylor មក​ពី​មូលនិធិ​ជំងឺ​បេះដូង​អង់គ្លេស​បាន​ថ្លែង​ថា អាហារ​ដែល​ផ្ទុក​ដោយសារ​ធាតុ​សរសៃ​ច្រើន​គឺជា​ផ្នែក​មួយ​សំខាន់​របស់​របប​អាហារ​មាន​តុល្យភាព​សុខភាព ។ មួយវិញទៀត ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា អាហារ​ទាំងនោះ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​អ្នក​រួច​រស់​ជីវិត​ពី​ជំងឺ​គាំងបេះដូង​ផង​ដែរ​។ យើង​មិន​អាច​និយាយ​ឱ្យ​ប្រាកដ​ថា តើ​អ្វី​ដែល​បណ្តាល​ឱ្យ​សារធាតុ​សរសៃ​មាន​អត្ថប្រយោជន៍​ដូចដែល​យើង​បានឃើញ​នេះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​បានដឹង​គឺថា ជា​មធ្យម​យើង​មិន​ទទួល​បាន​សារធាតុ​សរសៃ​គ្រប់គ្រាន់​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​ឡើយ ។ សារធាតុ​សរសៃ​សម្បូរ​ច្រើន​នៅ​ក្នុង​បណ្តា​បន្លែ ផ្លែ​ឈើ សណ្តែក និង​បណ្តា​ផលិតផល​ពី​ធញ្ញជាតិ ៕