ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​វិភាគ និង​ព្យាករណ៍​របស់​អ្នក​ប្រឹក្សា និង​ជំនាញ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៦​នេះ ការ​ទិញ​លក់​ដីធ្លី ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ អាច​នឹង​មិន​លើស​ឆ្នាំ​២០១៥​នោះ​ទេ តែ​ពិបាក​រក​ទិញ ខណៈ​តម្លៃ​ដីធ្លី​នឹង​កើន​ឡើងជា​បន្ត​ទៀត ។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​អេ​ស៊ា​រៀល​អ៊ីស្ទេ​ត លោក ប៉ូ អាវ​គង់ បានឱ្យ​ដឹង​ថា ៖ « សកម្មភាព​ទិញ​លក់​ដីធ្លី​នៅ​ឆ្នាំ​២០១៦​នេះ អាច​នឹង​មិន​លើស​ឆ្នាំ​២០១៥​នោះ​ទេ យ៉ាងច្រើន​បំផុត​ត្រឹម​ស្មើនឹង​ឆ្នាំ​២០១៥ ខណៈ​ដែល​តម្លៃ​របស់​វា​បាន​ឡើង​ខ្ពស់​គួរសម​ហើយ​ដែរ ។ ដំណាក់កាល​នេះ ជា​ដំណាក់កាល​មួយ​ដែល​អ្នកទិញ​មានការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ស្វែងរក​ទិញ​ដីធ្លី ។ បើ​យើង​គិត​ពី​ចំនួន​នៃ​ការ​ទិញ​លក់​ដីធ្លី​ក្នុង​ឆ្នាំ​២០១៦​នេះ ធៀប​នឹង​ឆ្នាំ​២០១៥​កន្លង​ទៅ យ៉ាងច្រើន​បំផុត​វា​អាច​ស្មើនឹង​ឆ្នាំ​២០១៥ » ។

លោក​បន្ត​ថា ៖ « សម្រាប់​តម្លៃ​ដីធ្លី​វិញ​ក្នុង​ឆ្នាំ​២០១៦​នេះ យើង​អាច​ព្យាករណ៍​ថា វា​អាច​នឹង​មាន​ប្រែប្រួល​តិចតួច គឺ​វា​នឹង​នៅ​ឡើង​បន្តិចទៀត ។ នៅ​រាជធានី​ភ្នំពេញ តាម​ខណ្ឌ​មួយ​ចំនួន​ដែល​មានការ​អភិវឌ្ឍ​ទាក់ទង​នឹង​លំនៅ​ឋាន នៅ​តែ​ជា​តំបន់​ដែល​មាន​សក្ដានុពល​ទិញ​លក់​ច្រើន​ដូច​ជា ខណ្ឌ​សែន​សុខ ខណ្ឌមានជ័យ ខណ្ឌ​ជ្រោយចង្វា ជាដើម ដែល​សុទ្ធសឹងតែ​ជា​តំបន់​កំពុង​មានការ​អភិវឌ្ឍ​ផ្នែក​លំនៅ​ឋាន » ។

លោក​បន្ថែម​ទៀត​ថា ៖ « ចំពោះ​តម្លៃ​ដីធ្លី​ក្នុង​ឆ្នាំ​២០១៦​នេះ វា​អាច​នឹង​កើនឡើង​មិន​លើស​ពី​១០%​នោះ​ទេ ពីព្រោះ​សព្វ​ថ្ងៃនេះ តម្លៃ​បាន​ឡើង​ខ្ពស់​រួច​ស្រេច​ទៅ​ហើយ ។ ដូចនេះ វា​មិន​ឡើង​ខ្ពស់​ខ្លាំង​ណាស់ណា​ទេ ដែល​ធ្វើ​ឱ្យ​ការ​ទិញ​ដូរ​មិនសូវ​ខ្ពស់ ឬ​មក​ពី​ការ​ទិញ​ដូរ​នៅ​ឆ្នាំ​កន្លង​មក​មាន​ច្រើន​រួច​ទៅ​ហើយ ។ ឧទាហរណ៍​ថា កាលពី​ឆ្នាំ​២០១៥ ការ​ទិញ​ដូរ​មាន​១០០​ករណី ដូចនេះ​នៅ​ឆ្នាំ​២០១៦ ចំនួន​នៃ​ការ​ទិញ​ដូរ​អាច​មាន​ត្រឹម​៧០ ទៅ​៨០​ករណី​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ​របស់​វា​នៅ​ក្នុង​ឆ្នាំ​២០១៦​វិញ អាច​កើន​ជាង​ឆ្នាំ​២០១៥ ប្រមាណ​ពី​៥ ទៅ​១០% ជា​ទូទៅ ។ នេះ​គ្រាន់តែ​ជា​ការ​ទស្សន៍​ទាយ​ទុក​មុន​ប៉ុណ្ណោះ វា​មិនមែន​ជា​ទិន្នន័យ​ពិតប្រាកដ​នោះ​ទេ គឺ​អាច​មានការ​ប្រែប្រួល​តិចតួច » ។

ចំណែក​លោក ឌឹ​ត ច​ណ្ណា នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី ក៏​បានឱ្យ​ដឹង​ដែរ​ថា ៖ « ដូច​យើង​ដឹង​ហើយ​ថា តម្លៃ​ដីធ្លី​មានការ​កើនឡើង​ច្រើន ដែល​ធ្វើ​ឱ្យ​ការ​ទិញ​លក់​រាង​ថយ​បន្តិច តែ​សកម្មភាព​ទិញ​លក់​នៅ​តែ​មាន​ចំពោះ វិនិយោគ​ដែល​មាន​តម្រូវការ​ជាក់ស្ដែង​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​នានា ។ ការ​ទិញ​លក់​នៅ​តែ​មាន វា​គ្មាន​បញ្ហា​ទេ ដោយសារ​តម្រូវការ​ជាក់ស្ដែង ហើយ​មិនមែន​ជា​ការ​ទិញ​ទុក​លក់​ចំណេញ​នោះ​ទេ ភាគច្រើន​បើ​ទិញ​ហើយ គឺ​មាន​គម្រោង​រួច​ជា​ស្រេច មាន​ន័យ​ថា ទិញ​ហើយ​សង់​ភ្លាម​ដូច​ជា ខុន​ដូ និង​អា​ផាត​មិន ជាដើម » ។

លោក​បន្ត​ថា ៖ « បើ​តាម​ការ​ព្យាករ​តម្លៃ​ដីធ្លី​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ វា​នឹង​មិន​ឡើង​លើស​ឆ្នាំ​២០១៥​ប៉ុន្មាន​ទេ ព្រោះ​កាលពី​ឆ្នាំ​២០១៥ ជា​ឆ្នាំ​ដែល​ដីធ្លី​ឡើង​ខ្ពស់​មែនទែន ក្នុង​ន័យ​នេះ ដីធ្លី​នៅ​តែ​ឡើង តែ​វា​មិន​ឡើង​ខ្ពស់ គឺ​តិចតួច​ប៉ុណ្ណោះ » ។

លោក គី​ម ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ​រៀល​អ៊ីស្ទេ​ត និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ធ្លាប់​បានឱ្យ​ដឹង​ថា ៖ « ឆ្នាំ​២០១៦ គឺជា​ឆ្នាំ​ដែល​វិស័យ​ដីធ្លី​ឡើង​ដល់​កំពូល ហើយ​សកម្មភាព​មិន​មាន​ច្រើន​ប៉ុន្មាន​ទេ ។ វា​ជា​ឆ្នាំ​ដែល​ត្រូវ​សាងសង់​បន្ត​ពី​ឆ្នាំ​២០១៥​កន្លង​មក ព្រោះ​គម្រោង​នីមួយ​ៗ​មិនមែន​សាងសង់​មួយ​ឆ្នាំ​ចប់​នោះ​ទេ ត្រូវ​បន្ត​ទៅ​ទៀត​តាម​គម្រោង​ធំ ឬ​គម្រោង​តូច » ។

លោក​បញ្ជាក់​ថា ៖ « មក​ដល់​ដំណាក់កាល​នេះ​ហើយ អ្នក​ដែល​មាន​ដី​ចង់​លក់​គួរតែ​លក់ កុំ​ចាំ​ដល់​ដី​ឡើងថ្លៃ​ជាង​នេះ​ចាំ​លក់ វា​មិន​ប្រាកដ​ទេ តម្លៃ​ដីធ្លី​មាន​ឡើង​មាន​ចុះ ហើយ​អ្វី​ក៏​ដោយ ពេល​វា​ឡើង​កំពូល​ហើយ មាន​តែ​នៅ​ទ្រឹង និង​ធ្លាក់​ចុះ​វិញ វា​មិន​ឡើង​រហូត​ទេ ហើយ​ក៏​មិន​អាច​ទ្រឹង​រហូត​នោះ​ដែរ » ៕