សម្តេច​ហ៊ុន សែន បាន​ចាក​ចេញពី​កម្ពុជា​ហើយ ខណៈ​សម្ព័ន្ធ​អាមេរិក​-​កម្ពុជា ត្រៀម​ធ្វើបាតុកម្ម​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដើម្បី​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​នៅក្នុង​រដ្ឋកា​លី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក​។ ស្រប​ពេលដែល​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ចាក​ចេញពី​កម្ពុជា ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​មួយចំនួន ក៏​ត្រៀមខ្លួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រូបលោក​ដែរ​។​

​កាលពី​ព្រឹក​មិញ​នេះ រដ្ឋមន្ត្រី ៤ រូប បាន​អមដំណើរ​សម្តេច ហ៊ុន សែន ទៅ​ចួ​ល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​នៅ​ថ្ងៃទី ១៥ និង​ទី ១៦ ខែកុម្ភៈ ខាងមុខ​។ រដ្ឋមន្ត្រី​ទាំង ៤ រូបនោះ មាន​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង លោក ហង់ ជួនណា​រុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។

​ឲ្យ​តែ​ប្រមុខ​រដ្ឋាភិបាល​ឈាន​ជើង​ដល់​រដ្ឋ​កាលីហ្វ័រ​ញ៉ា សម្ព័ន្ធ​អាមេរិក​-​កម្ពុជា នឹង​ចាប់ផ្តើម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សម្តេច ហ៊ុន សែន ផងដែរ​។ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​សម្ព័ន្ធ​អាមេរិក​-​កម្ពុជា លោក បូ​ណា ឈិ​ត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា ការធ្វើ​បាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន នឹងត្រូវ​រៀបចំ​ឡើងជា​អហិង្សា​ប៉ុណ្ណោះ ហើយ​បាតុកម្ម​នេះ​ជារួម​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​វត្តមាន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​សហរដ្ឋអាមេរិក​។​លោក​ថ្លែង​ពី​គោលជំហរ​យ៉ាងនេះ​ថា​៖« យើង​ធ្វើបាតុកម្ម​នេះ យើង​ប្រឆាំង​លោក ហ៊ុន សែន យើង​មិន​គាំទ្រ​របប​ផ្តាច់ការ​។ ក្នុងអំឡុង ៣០ ឆ្នាំ​មកនេះ​គាត់​ធ្វើបាប​ប្រជាពលរដ្ឋ យើង​ឃើញ​ហើយ​ដីធ្លី កោះ ភោគទ្រព្យ​ជាតិខ្មែរ ខ្ទេចខ្ទី​អស់ហើយ​ហ្នឹង​។ ហើយ​ការរំលោភ​សិទ្ធិមនុស្ស នេះ​ក៏​ធ្ងន់ធ្ងរ​ទៀត​លើ​ពិ​ភ​លោក​»​។​

​យ៉ាងណាក៏ដោយ ទន្ទឹមនឹង​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្ត្រី​នៅ​អាមេរិក​នេះ នៅឯ​ប្រទេស​កម្ពុជា​ឯណេះ​វិញ ក៏មាន​ក្រុមយុវជន​ដែល​អះអាងថា ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ធ្វើបាតុកម្ម​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បើ​មាន​បាតុកម្ម​ប្រឆាំង សម្តេច ហ៊ុន សែន​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​